កីឡាជាតិ
ជាតិ
AFF Suzuki Cup៖ ហ្វីលីពីន ឬ ថៃ អាច​ឡើងទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​មុនគេ?
10, Dec 2014 , 5:00 pm        
រូបភាព
ដោយ:
ទីបំផុត​ពានរង្វាន់​បាល់ទាត់​ធំ​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​ដែលមាន​ឈ្មោះថា AFF Suzuki Cup 2014 ជិត​ស្វែងរក​ក្រុម​ឡើងទៅ​វគ្គ​ផ្ដាច់​ព័​ត្រ​ហើយ ដោយ​នៅវេលា​ម៉ោង ៧ យប់​ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០១៤ នេះ​នឹង​កាត់សេចក្ដី​ក្នុងជំនួប​ជើង​ទី២ រវាង​ក្រុម​ថៃ និង ហ្វីលីពីន នៅ​ទីក្រុង​បាងកក ក្នុង​វគ្គ១/២ ដើម្បី​រក​ឈ្នះ​ចាញ់។



សម្រាប់​ប្រកួត​នៅ​ជើង​ទី ១ កាលពី​ថ្ងៃទី ៦ ធ្នូ កន្លង​ទៅលើ​ទីលាន​កីឡដ្ឋាន Rizal Memorial Stadium ក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ក្រុម​ទាំង២ មិនអាច​រក​គ្រាប់​បាល់ប​ញ្ជូ​ល​ទី​គ្នា​បាន​នោះទេ ដោយ​បញ្ចប់​ទៅក្នុង​លទ្ធផល ០ ទល់ ០ ខណៈ​កីឡាករ Adisak Kraisorn មកពី​ក្លិប Buriram United របស់​ថៃ ត្រូវ​លោក​អាជ្ញាកណ្ដាល Abdullah Balideh ជនជាតិ​កាតា ពិន័យ​កាត​ក្រហម​នៅ​នាទី ៦៩ ក្រោយ​បង្ករ​កំហុស។

លោក Kiatisuk Senamuang គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ថៃ បាន​និយាយប្រាប់​គេហទំព័រ​ផ្លូវការ AFF Suzuki Cup ក្រោយ​ប្រកួត​ចប់​ជើង​ទី១ ថា៖ «នេះ​មិនមែនជា​រឿង​ងាយស្រួល​សម្រាប់​យើង​នោះទេ ហ្វីលីពីន​ជា​ក្រុម​ខ្លាំង​មួយ។ បាល់ទាត់​យើង​មិនអាច​គិតថា​ឈ្នះ​គ្រប់ពេល​បាន​នោះទេ។ កីឡាករ​ខ្ញុំ​ភាគច្រើន​នៅ​ក្មេង ហើយ​ត្រូវ​រៀន​លេង​នៅពេល​មាន​គ្នា​តែ ១០ នាក់​លើ​ទីលាន»។

បែបណាក៏ដោយ​លទ្ធផល​នេះ​បាន​បង្កើន​ក្ដី​ស​ង្ឍឹ​ម​ជាច្រើន​ភាគរយ​ដល់​ក្រុម​ថៃ មុនពេល​បើកទ្វា​កីឡដ្ឋាន Rajamangala National Stadium របស់ខ្លួន​អមដោយ​អ្នកគាំទ្រ​ជាច្រើន​ម៉ឺន​នាក់​នៅ​យប់​នេះ។

ចំណែក​លោក Thomas Dooley គ្រូបង្វឹក​ក្រុម​ហ្វីលីពីន ជនជាតិ​អាមេរិក បានលើកឡើង​ដែរ​ថា៖ «ដំបូង​ឡើយ​ប្រកួត​ជើង​ទី១ ខ្ញុំ​គិតថា​លទ្ធផល​ទំនងជា សូន្យ​ស្មើ ប៉ុន្ដែ​ក្រោយពេល​ក្រុម​គេ សល់​គ្នា ១០ នាក់​ខ្ញុំ​គិតថា​យើង​គួរតែមាន​គ្រាប់​បាល់ប​ញ្ជូ​ល​ទី ដើម្បី​រក​ជ័យជម្នះ។ ខ្ញុំ​សប្បាយចិត្ត​ពេល​កីឡាករ​លេង​តាម​អ្វីដែល​បាន​រៀប​ទុក ហើយ​រំពឹងថា​ពួកគេ​នឹងមាន​ទំនុកចិត្ត​ឡើងវិញ មុន​ជើង​ទី២ មកដល់»។

៥ ប្រកួត​ចុងក្រោយ​ថៃ មិនទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​នៅឡើយ ក្នុងនោះ​ឈ្នះ ៤ និង ស្មើ ១ ស្របពេល​ហ្វីលីពីន ឈ្នះ ៣ ស្មើ ១ និង ចាញ់ ។ មិន​ថា ថៃ ឬ ហ្វីលីពីន ទេ ជ័យជម្នះ​យប់​នេះ​នឹង​ជួយ​ឱ្យ​ក្រុម​ដែល​ឈ្នះ​មាន​កៅអី​ឡើងទៅ​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ ដោយ​អាច​ប៉ះ​ក្រុម វៀតណាម ឬ ម៉ាឡេស៊ី ដែល​នឹង​កាត់សេចក្ដី​គ្នា​នៅ​វគ្គ ៤ ក្រុម​ចុងក្រោយ​នៅ​យប់​ស្អែក។


© រក្សាសិទ្ធិដោយ thmeythmey.com