កីឡាជាតិ
ជាតិ
កីឡា១៣ប្រភេទ​ត្រៀមខ្លួន​សម្រាប់​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​នៅ​ខេត្តកោះកុង
11, Dec 2014 , 7:00 pm        
រូបភាព

កីឡា​ចំនួន១៣ប្រភេទ​បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ប្រកួត​និង​សម្តែង​នៅក្នុង​ពិធីបុណ្យ​សមុទ្រ​លើក​ទី​បី​ដែល​រៀបចំ​នៅក្នុង​ខេត្តកោះកុង​ចាប់ពី​ថ្ងៃទី១២ដល់​ថ្ងៃទី១៤ខែធ្នូ​នេះ។សកម្មភាព​កីឡា​ស្ថិតក្នុង​ចំណោម​សកម្មភាព​ជាច្រើន​ទៀត​ក្នុង​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​ដែល​រៀបចំឡើង​ក្នុង​គោលបំណង​លើកកម្ពស់​អេកូ​ទេសចរណ៍​តំបន់ឆ្នេរ​និង​ការអភិវឌ្ឍន៍​បៃតង។



រយៈពេល​បី​ថ្ងៃ​នៅ​ចុង​សប្តាហ៍​នេះ​ខេត្តកោះកុង​ក្លាយជា​ម្ចាស់ផ្ទះ​លើកដំបូង​នៃ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​បី​ដែល​រៀបចំ​ដោយ​រដ្ឋាភិបាល​កម្ពុជា​ដោយមាន​ក្រសួងទេសចរណ៍​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ក្រសួងពាណិជ្ជកម្ម​សាលាខេត្ត​កោះកុង​រួមទាំង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ជា​អ្នកអនុវត្ត​ផ្ទាល់។

នៅ​ឆ្នាំនេះ​កីឡា១៣ប្រភេទ​ទាំង​កីឡា​លើទឹក​លើ​ឆ្នេរ​ខ្សាច់​និង​លើ​អាកាស​នឹងចូលរួម​ក្នុង​សកម្មភាព​ប្រកួតប្រជែង​និង​សម្តែង​ក្នុងចំណោម​ព្រឹត្តិការណ៍​ជាច្រើន​ទៀត​ដែលមាន​ដូចជា​ពិ​ព័រ​ណ៌​ម្ហូបអាហារ​អន្តរជាតិ​ការបង្ហាញ​គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍​តំបន់ឆ្នេរ​ការសម្តែង​សិល្បៈ​ការប្រគំ​តន្ត្រី​និង​ការបាញ់​កាំជ្រួច​ជាដើម។

ប្រភេទ​កីឡា​ដែលមាន​ការចូលរួម​ពី​សំណាក់​ភាគី​ថៃ​ជាពិសេស​នៅ​ខេត្ត​ត្រាត​ជាប់​ព្រំដែន​ដែល​កម្ពុជា​មានដូចជា​ប្រដាល់សេរី​ប្រណាំង​កង់​វាយកូនគោល​កីឡា​ហោះហើរ​ម៉ូតូ​ទឹក​បាល់ទះ​លើ​ឆ្នេរ​ខ្សាច់​និង​កីឡា​ជិះ​កង់​ទេសចរណ៍​កំសាន្ត​ជាដើម។
កីឡា​ផ្សេងទៀត​ដែល​តម្រូវ​ឲ្យ​មានការ​ចូលរួម​ពី​មហាជន​ជាពិសេស​ពលរដ្ឋ​នៅ​ខេត្តកោះកុង​ផ្ទាល់​នោះ​រួមមាន​កីឡា​អុកចត្រង្គ​រត់ប្រណាំង​ប្រណាំងទូក​កីឡា​ប៉េតង់​កីឡាហែលទឹក​និង​កីឡា​ទ្រី​យ៉ា​ត្លុង។បន្ថែម​ពីលើ​នេះ​ក៏មាន​ការសម្តែង​ល្បុក្កតោ​និង​ចំបាប់​រួមទាំង​តេ​ក្វាន់​ដូ​ដែល​បង្ហាញ​ដោយ​កីឡាការិនី​ម្ចាស់​មេដាយមាស​អាស៊ី​ស៊ន​សៀវ​ម៉ី​ផងដែរ។

បើតាម​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​បុណ្យ​សមុទ្រអ្វីៗទាំងអស់​មានការ​ត្រៀម​លក្ខណៈ​រួចរាល់​ហើយ ដោយមាន​ការបើក​ទូលាយ​ផងដែរ​សម្រាប់​ភ្ញៀវ​ទេសចរណ៍​បរទេស​ដែល​មក​ទស្សនា​បុណ្យ ដែល​ចូល​ពី​តាម​ច្រកព្រំដែន​ថៃ។

សូមបញ្ជាក់ថា នេះ​ជា​លើក​ទី​បី​ហើយ​ដែល​រដ្ឋាភិបាល​រៀបចំ​ពិធីបុណ្យ​សមុទ្រ បន្ទាប់ពី​កម្ពុជា​ពី​ឆ្នេរសមុទ្រ​កម្ពុជា បាន​ជាប់​ជា​សមាជិក​ឆ្នេរ​ស្អាត​ពិភពលោក​កាលពី​ឆ្នាំ២០១០ ។ ព្រឹត្តិការណ៍​លើកដំបូង ត្រូវបាន​រៀបចំឡើង​នៅ​ឆ្នាំ២០១១ នៅ​ខេត្ត​ព្រះសីហនុ និង​លើក​ទី២ រៀបចំឡើង​នៅ​ខេត្ត​កែប នា​ឆ្នាំ២០១៣ ។ កាលពី​ឆ្នាំមុន ព្រឹត្តិការណ៍​នេះ បាន​ទាក់ទាញ​ភ្ញៀវទេសចរ​បាន​ប្រមាណ១០ម៉ឺន​នាក់ ដោយ​សកម្មភាព​កីឡា​ក៏​ជា​ផ្នែក​មួយ​ដែលមាន​ការទាក់ទាញ​ខ្លាំងក្លា​ផងដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com