ជាតិ
ពិភព​តារា៖ អេ​ន​នី ហ្សេ​ម ខ្លាចរអា​ក្នុង​មេរៀន​ស្នេហ៍
13, Dec 2014 , 2:00 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មាន​ព័ត៌មាន​លេច​ឮថា តារាចម្រៀង សាច់​សខ្ចី ប្រចាំ​ផលិតកម្ម ថោ​ន កញ្ញា អេ​ន​នី ហ្សា​ម មាន​អ្នក​ស្រលាញ់​ច្រើន​នាក់  ប៉ុន្តែ នាង​នៅ​មិនទាន់​អើពើ​យ៉ាងណា​នោះទេ នាង​ហាក់ដូចជា​នៅ​ស្ទាក់ស្ទើរ ដោយសារ​រៀងចាល​ក្នុង​មេរៀន​ស្នេហ៍​ចាស់ ដែល​ធ្វើ​ឲ្យ​នាង​ឈឺចាប់។



នៅពេលដែល​អតីតកាល​ដែល​ធ្លាប់​ឆ្លងកាត់​នូវ​រឿងរ៉ាវ​បែកបាក់​ស្នេហា​នាពេល​កន្លងមក បានធ្វើ​ឲ្យ​បេះដូង​ដ៏​ក្រពុំ​របស់​តារាចម្រៀង​សាច់​សខ្ចី កញ្ញា អេ​នី ហ្សា​ម លែង​ចង់​ហ៊ាន​សាកល្បង​ទទួលយក​ស្នេហា​ជា​លើក​ទី​ពីរ បើទោះជា​មាន​បុរស​ជាច្រើន​នាក់ កំពុង​តាម​ស្រលាញ់​នាង​យ៉ាងណាក៏ដោយ។

ប្រភពព័ត៌មាន​ជិតស្និទ្ធ​មួយ បាន​ឲ្យ​ដឹងថា មុនពេល​ស្រី​ស្អាត មុខ​កូនកាត់​ចិន អេ​ន​នី ហ្សា​ម ចូល​សិល្បៈ នាង​ធ្លាប់មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​ទ្រព្យ​ស្តុក​ស្ត​ម​ម្នាក់​ម្តង​រួចមកហើយ ប៉ុន្តែ​ដោយសារ​តែមាន​បញ្ហា ទើប​ធ្វើ​ឲ្យ​ពួកគេ​បែកបាក់​គ្នា។ ការបែកបាក់​នោះ ធ្វើ​ឲ្យ អេ​ន​នី ហ្សា​ម ឈឺចាប់​ស្ទើរតែ​មិន​ចង់​នឹកគិត​យក​រឿង​ស្នេហា​មក​ដាក់ខ្លួន​នៅ​ថ្ងៃ​ណាមួយ​ទៀត។

យ៉ាងណាមិញ ជីវិត​ស្នេហា និង​ជីវិត​ការងារ​របស់​នាង ត្រូវបាន​ផ្លាស់ប្តូរ បន្ទាប់ពី អេ​ន​នី ហ្សា​ម ឈាន​ជើង​ចូលប្រឡូក​ក្នុង​អាជីព​សិល្បៈ និង​បាន​ក្លាយជា​តារាចម្រៀង​ក្នុង​ផលិតកម្ម ថោ​ន។

ទន្ទឹមនឹង​ភាពជោគជ័យ​ក្នុង​វិស័យ​សិល្បៈ បុប្ផា​មួយទង​នេះ ក៏​ជា​នារី​រូប​ស្រស់​ម្នាក់ ដែល​សម្បូរ​មន្ត​ស្នេហ៍​ផងដែរ ពោលគឺ​តាំងពី​នាង​ចាប់ផ្តើម​សិល្បៈ​មក បុរសៗអ្នកមាន​ស្តុកស្តម្ភ​ជាច្រើន តែង​ប្រាថ្នា​ចង់​ដណ្តើមយក​តំណែង​ធ្វើជា​ម្ចាស់​គ្រង​បេះដូង​របស់​នាង។ តែ​ទោះជា​យ៉ាងណាក្តី អេ​ន​នី ហ្សា​ម នៅ​មិនទាន់​សម្រេចចិត្តថា ត្រូវ​ជ្រើស​រើសយក​បុរស​ណា​ម្នាក់ មក​ឃុំគ្រង​បេះដូង​របស់​នាង​នៅឡើយ​នោះទេ ព្រោះតែ​នាង​នៅតែមាន​អារម្មណ៍​ថា ខ្លាចរអា​ជាមួយនឹង​ដាន​សេ្ន​ហ៍​ចាស់ ដែល​ធ្វើ​ឲ្យ​នាង​ឈឺចាប់​នាពេល​កន្លងមក ស្ទើរតែ​រៀងចាល មិន​ហ៊ាន​ទទួល​ស្នេហា​ថ្មី​ពី​អ្នកណា​នោះទេ ខណៈ​ការងារ របស់​នាង ក៏​ជោគជ័យ​គួរ​ឲ្យ​កត់សម្គាល់។

ទាក់ទិន​នឹង​ព័ត៌មាន​ដែល​លេច​ឮថា នាង​កំពុងមាន​បុរស​សូម​ស្នេហ៍​នោះ “ថ្មី” បាន​ព្យាយាម​សូម​ធ្វើ​បទ​សម្ភាស​ជាមួយ​នាង កាលពីពេល​កន្លងទៅ ប៉ុន្តែ​នៅពេលដែល​សួរ​ដល់​រឿង​ស្នេហា នាង​សូម​មិន​និយាយ​អ្វី​ទាំងអស់ បន្ទាប់ពី​ប្រាប់ថា ការងារ​សិល្បៈ​ធម្មតា នាង​ក៏​បិទ​ទូរស័ព្ទ​ទៅ ជាមួយនឹង​ហេតុផល​ថា​ជាប់រវល់។

បុប្ផា​មួយទង​ដែល​ប្រសូត្រ​ចេញពី​ទឹកដី​នៃ​ខេត្ត​ព្រះសីហនុ រូបនេះ បាន​ឈាន​ជើង​ចូលប្រឡូក​សិល្បៈ តាមរយៈ​បងប្រុស​របស់​នាង​ឈ្មោះ មង្គល ទីណា ដែលជា​តារាចម្រៀង​នៅក្នុង​ផលិតកម្ម Town ស្រាប់។ តែ​ដំបូង នាង​ក៏ត្រូវ​សាក​សំឡេង​សិន​ដែរ ទើប​ក្រោយមក ម្ចាស់​ផលិតកម្ម​ព្រម​ឲ្យ​ចូល​ច្រៀង​នៅ​ឆ្នាំ២០១០  ៕





© រក្សាសិទ្ធិដោយ thmeythmey.com