កីឡាជាតិ
ជាតិ
រដ្ឋមន្ត្រីក្រសួងអប់រំ សម្រេចឲ្យមានការប្រកួតកីឡាកម្រិតថ្នាក់បឋមឡើងវិញ
× លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា បានសម្រេចអោយមានការប្រកួតកីឡាបឋមសិក្សាថ្នាក់ជាតិ ជ្រើសរើសជើងឯកទូទាំងប្រទេសឡើងវិញ ចាប់ពីឆ្នាំ២០១៥តទៅ ក្រោយកម្មវិធីនេះត្រូវបានលុបចោលអស់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយ តាំងពីជំនាន់លោកអ៊ឹម សិទ្ធី នៅជារដ្ឋមន្ត្រី។
មន្ត្រីខាងនាយកដ្ឋាន អប់រំកាយ និង កីឡាសិស្ស-និស្សិត កំពុងត្រៀមខ្លួនសម្រាប់អនុវត្តន៍កម្មវិធីប្រកួតកីឡា ប្រចាំឆ្នាំរបស់ខ្លួន គឺចាប់ពីថ្ងៃទី ១មករាដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៥គ្រប់ខេត្ត-ក្រុងទាំងអស់ត្រូវ ប្រកួតកីឡាបឋមសិក្សា និង មធ្យមសិក្សារកជើងឯករបស់ខ្លួនឲ្យហើយ។ ខេត្តស្វាយរៀង នឹងធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាបឋមសិក្សាថ្នាក់ជាតិ(ជើងឯកទូទាំងប្រទេស) ចាប់ពីថ្ងៃទី២៦កុម្ភៈ ដល់ ថ្ងៃទី ១២ មិនា ឆ្នាំ ២០១៥។
ចំពោះ កីឡាកម្រិតសិស្សមធ្យមសិក្សាជើងឯកទូទាំងប្រទេស នឹង ចាប់ផ្ដើមពីថ្ងៃទី២៦មិនាដល់ថ្ងៃទី៩មេសានៅទីរួមខេត្តបាត់ដំបង។ សម្រាប់គ្រឹះស្ថានឧត្តមសិក្សា និង មធ្យមសិក្សាឯកទេសនោះ ត្រូវប្រកួតជ្រើសរើសរកជើងឯករបស់ខ្លួនប្រចាំ គ្រឹះស្ថានរបស់ខ្លួនចាប់ពីថ្ងៃទី២៣ឧសភាដល់ថ្ងៃទី ១ មិថុនា ឆ្នាំ ២០១៥។
ចំណែកការប្រកួតជើងឯកទូទាំងប្រទេស សម្រាប់គ្រឹះស្ថានឧត្តមសិក្សា និង មធ្យមសិក្សាឯកទេសដែលធ្វើនៅរាជធានីភ្នំពេញនោះ គឺចាប់ផ្ដើមពីថ្ងៃទី ២៣មិថុនាដល់ថ្ងៃ ទី ៧ កក្កដា ឆ្នាំ ២០១៥៕
© រក្សាសិទ្ធិដោយ thmeythmey.com