ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេធាវី​លោកមា​ជ​សុវណ្ណារ៉ា ស្នើ​​តុលា​ការដាក់​ភស្ដុតាង​សាក្សី និង​វី​ឌី​អូ​ប៉ះទង្គិច​ក្បែរ​ស្ពាន​នាគ
22, Dec 2014 , 5:24 pm        
រូបភាព
មេធាវី​ការពារ​ក្ដី​របស់​លោកមា​ជ សុវណ្ណារ៉ា ស្នើ​ដាក់​ភស្តុតាង​ទៅ​តុលាការ​ដំបូង នៅ​ថ្ងៃទី២២ធ្នូ​នេះ ដែល​ក្នុងនោះ​មាន​ជាស​ក្សី និង​វីដេអូ​ដែល​គេ​ថត​បាន​នៅ​ថ្ងៃកើតហេតុ​កាលពី​ថ្ងៃទី១៥កក្កដា​កន្លងមក។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក ចាន់ ចេ​ន មេធាវី​ការពារ​ក្ដី​របស់លោក មា​ជ សុវណ្ណារ៉ា។



ថ្លែងប្រាប់​សារព័ត៌មានថ្មីៗ លោក ចាន់ ចេ​ន បញ្ជាក់ថា សំណើរ​ដែល​ក្រុម​មេធាវី​បានស្នើ​ទៅ​តុលាការ​នោះ គឺ​ស្នើ​ឲ្យ​តុលាការ​ចាក់ផ្សាយ​វីដេអូ​នៅក្នុង​បន្ទប់​សវ​នាគា​ដែល​ពាក់ព័ន្ធ​នឹង​ការប៉ះទង្គិច​គ្នា​នៅក្បែរ​ស្ពាន​នាគ និង​ស្នើ​ឲ្យ​ចាក់ផ្សាយ​វីដេអូ​ដែល​ថត​បាន​នោះ​នៅ​ទីសាធារណៈ ពោលគឺ​បានន័យថា នៅក្រៅ​តុលាការ។ លោក​ពន្យល់ថា៖«ក្រុម​មេធាវី​ទាំងអស់​បានស្នើ​ទៅ​តុលាការ​ឲ្យ​បង្ហាញ​សាក្សី​ដែល​បានឃើញ​កូនក្ដី​ខ្ញុំ​ដែល​បាន​បង្កបញ្ហា​កាលពី​ថ្ងៃ១៥កក្កដា ដោយ​ឲ្យ​មានការ​ចាក់ផ្សាយ​វី​ឌី​អូ​នៅថ្ងៃនោះ​នៅក្នុង​បន្ទប់​ផ្សាយ និង​ចាក់​បង្ហាញ​ជា​សាធារណៈ​នៅក្រៅ​បន្ទប់​ផងដែរ»។

បើតាម​មេធាវី​លោក ចាន់ ចេ​ន នៅ​ថ្ងៃទី២៥ធ្នូ តុលាការ​នឹង​បើកសវនាការ​សាកសួរ​លើ​សំណុំរឿង លោក មា​ជ សុវណ្ណារ៉ា ដែល​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់ ពីបទ​ចេតនា​ហិង្សា​មាន​ស្ថាន​ទម្ងន់ទោស ញុះ​ញ៉​ង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ  និង​ដឹកនាំ​ចលនា​កុបកម្ម​កាលពី​ថ្ងៃទី១៥កក្កដា នៅក្បែរ​ស្ពាន​នាគ​កន្លងមក។ ប៉ុន្ដែ​លោក​មិនដឹង​ច្បាស់​ថា នៅថ្ងៃនោះ​តុលាការ​គ្រាន់តែ​បើក​ការសាកសួរ ឬក៏​ប្រកាស​សាលក្រម​យ៉ាងណា​នោះទេ។
នៅ​ថ្ងៃ​ដដែល​នោះ តុលាការ​ក៏​បើកសវនាការ​សាកសួរ​អ្នក​ដែល​កំពុង​ជាប់ឃុំ ដែល​ពាក់ព័ន្ធ​នឹង​ករណី​ប៉ះទង្គិច​គ្នា​នៅក្បែរ​ស្ពាន​នាគ​នេះដែរ។


© រក្សាសិទ្ធិដោយ thmeythmey.com