ជាតិ
ពិភពតារា៖ ទេព សម្ផស្ស បរិយាយ​ពី​ជីវិត មុន​ចូល​សិល្បៈ
25, Dec 2014 , 9:30 am        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្រោយពី​បន្សាត់​ខ្លួន​ក្នុង​វិថី​សិល្បៈ​ជាង៣ឆ្នាំ និង​ក្តាប់បាន​តំណែង​ជា​តួឯក​ក្នុង​ខ្សែ​វីដេអូ​ភាគ​រឿង«ជីវិត​នាង រក្សា»កញ្ញា ទេព សម្ផស្ស ក៏​ល្បី​ឡើង​ស៊េរី​រថយន្ត​ទំនើប និង​រស់នៅក្នុង​បន្ទប់​ខុន​ដូ​កាលី​ប​ដ៏​មិន​នឹកស្មាន​ដល់។ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​សង្វេគ​ក្រោយ​ជីវិត​ដ៏​ស៊ី​វិ​ល័យ​នោះ ខ្សែជីវិត​ដែល​មុន​អណ្តែត​ឡើង​ខ្ពស់កប់ពពក​នេះ នាង​ជា​កុមារី​ដ៏​កម្សត់​ម្នាក់​ដើរ​ស៊ីឈ្នួល​គេ​តាំងពី​កម្រៃ​មួយខែ ៥ម៉ឺន​រៀល។



តារា​ស្រី​រាង​តូច​ច្រឡឹង​ដែល​ត្រូវ​ទស្សនិកជន និង​អ្នកសិល្បៈ​រួម​អាជីព​ចាត់ទុកថា ជា​តារា​ស្រី​ដែល​បណ្តុះ​ភាព​ហ៊ឺហា​បាន​លឿន​បំផុត ដោយ​ប្តូរ​ពី​ជីវភាព​ពី​ក្រខ្សត់​លំបាក​វេទនា​មក​ជា​អ្នក​រស់ក្នុង​របៀប​ស៊ី​វិ​ល័យ​តាម​ខុន​ដូ និង​ជិះឡានទំនើបៗតម្លៃ​រាប់ម៉ឺន​ដុល្លារ បាន​ឲ្យ​ដឹងថា ជីវិត​របស់​នាង​បាន​ឆ្លងកាត់​ភាព​ក្រលំបាក​ច្រើនណាស់​ទម្រាំ​តែ​បាន​ដូច​សព្វថ្ងៃនេះ។

ថ្លែង​ក្នុង​សម្ដី​រដិបរដុប​លាយឡំ​ជាមួយ​ទឹកភ្នែក កញ្ញា ទេព សម្ផស្ស បាន​រៀបរាប់ថា “ឆ្លងកាត់​រសជាតិ​ជីវិត ទម្រាំ​មកដល់​ថ្ងៃនេះ ធ្លាប់​ធ្វើការ​ស៊ីឈ្នួល​គេ​គ្រប់យ៉ាង ដូចជា​ច្រូតស្រូវ​ឲ្យ​គេ ដើរ​បេះ​ត្រកួន​លក់ ធ្វើជា​កម្មករ​រោងចក្រ និង​ធ្វើជា​អ្នករត់​តុ​ផងដែរ។ តួ​ស្រី​ស្រគត់ស្រគំ​ក្នុង​រឿង «ជីវិត​នាង​រក្សា» ដែលថ្មីៗនេះ​បាន​សាង​ភាព​ភ្ញាក់ផ្អើល​តាមរយៈ​កាយវិការ​សម្តែង​សិច​ស៊ី ស្ទើរ​មិនមាន​បំណែក​ក្រណាត់​បិទបាំង​រាងកាយ បាន​សារភាពថា «ខ្ញុំ​មិនបាន​សិក្សា​ដល់​ថ្នាក់ខ្ពស់​ទេ ខ្ញុំ​រៀន​បានត្រឹមតែ​ថ្នាក់​ទី៦ប៉ុណ្ណោះ។

នៅ​ក្មេង ខ្ញុំ​មិនសូវ​បាន​ទៅ​រៀនសូត្រ​ដូច​គេ​ទេ គឺ​ភាគច្រើន​ខ្ញុំ​ត្រូវ​ដើរ​រកលុយ​ដើម្បី​ជួយ​ម្តាយ​ខ្ញុំ និង​ខំប្រឹង​ធ្វើការ​គ្រប់យ៉ាង ដើម្បី​រកលុយ​ទិញ​អង្ករ​ទិញ​ម្ហូប​ផ្គត់ផ្គង់​ជីវភាព»។ បន្លឺ​សម្ដី​ទាំង​អួលដើមក ទេព សម្ផស្ស បាន​ពោល​ទៀតថា «ម្តាយ​ខ្ញុំ គាត់​មាន​ជំងឺ​ប្រចាំកាយ ឈឺ​ធ្លាក់ឈាម គាត់​មិនសូវមាន​កម្លាំង​នោះទេ។ ការងារធ្ងន់ៗខ្ញុំ​មិន​ឲ្យ​ម្តាយ​ធ្វើ​ទេ ព្រោះ​អាណិត​គាត់​មិន​ចង់​ឲ្យ​គាត់​ពិបាក»។ ប៉ុន្តែ​នាង​អះអាងថា «ទោះបីជា​ខ្ញុំ​ត្រូវ​រស់នៅក្នុង​ជីវភាព​លំបាក​ក៏ដោយ តែ​ក៏​មិន​ត្អូញត្អែរ​ដែរ។

តែ​អ្វីដែល​ធ្វើ​ឲ្យ​ខ្ញុំ​ជួប​ទុក្ខសោក គឺ​ម្តាយ​ខ្ញុំ​ធា្ល​ក់​ខ្លួន​ឈឺ​ធ្លាក់ឈាម ជាប្រចាំ​ហើយ​ក្នុង​គ្រួសារ​អត់​មាន​លុយ​សម្រាប់​ព្យាបាល។ ដូច្នេះ ម្តាយ​ខ្ញុំ​គាត់​សុខចិត្ត​រស់នៅ​ទាំង​ឈឺ មិន​ហ៊ាន​ប្រាប់​កូន រហូតដល់​ឈឺ​ទ្រាំ​មិនបាន គាត់​ក៏​សម្រេច​ខ្ចីលុយ​ពី​អង្គការ(ធនាគារ) យកទៅ​ជួប​គ្រូពេទ្យ។ ពេលនោះ​ខ្ញុំ​ទៅជា​មួយ​គាត់ ហើយ​ម្តាយ​របស់ខ្ញុំ​ខំ​អង្វរ​គ្រូពេទ្យ​ឲ្យ​ជួយ​ព្យាបាល»។

តារា​ស្រី​កំព្រា​ឪពុកម្តាយ​បាន​រៀបរាប់ថា៖ «កាលនោះ​គ្រូពេទ្យ​បានសម្រេច​ជួយ​កាយ​ឈាម​មិនល្អ​នោះ​ចេញ ហើយ​ក្រោយពី​កាយ​ឈាម​ចេញ ម្តាយ​ខ្ញុំ​មាន​ភាពស្លេកស្លាំង គ្មាន​កម្លាំង​ទេ ត្រូវ​សម្រាក​នៅ​ពេទ្យ។ ពេលនោះ​ខ្ញុំ​មិនដឹងថា ត្រូវធ្វើ​ម៉េច​ទេ បានត្រឹមតែ​អង្គុយ​យំ​ម្នាក់ឯង»។ ប៉ុន្តែ​នាង​ក៏បាន​បញ្ជាក់ថា៖ «ការរៀបរាប់​នេះ គ្រាន់តែ​ជា​ចំណែក​មួយ​ដែល​ខ្ញុំ​លើក​មក​បរិយាយ​នៅមាន​ច្រើនជាង​នេះ ទៀត​ដែល​ជីវិត​ខ្ញុំ​ធ្លាប់​ជួបប្រទះ មុន​ឈានដល់​ដំណាក់កាល​ក្លាយជា​អ្នកសិល្បៈ​និង​ប្រែ​មុខមាត់ បានរស់នៅ​សមរម្យ​ដូច​សព្វថ្ងៃនេះ»៕ 




© រក្សាសិទ្ធិដោយ thmeythmey.com