កីឡាជាតិ
ជាតិ
ណាហ្គា​ខ​ប បានប្រកាស​តែងតាំង លោក មាស ចាន់ណា គ្រូបង្វឹក​ផ្លូវការ
25, Dec 2014 , 3:27 pm        
រូបភាព
លោក មាស ចាន់ណា រួមជាមួយកីឡាករ​ចំណូល​ថ្មី​របស់​ខ្លួន
លោក មាស ចាន់ណា រួមជាមួយកីឡាករ​ចំណូល​ថ្មី​របស់​ខ្លួន
ដោយ: ថ្មីៗ
តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ក្លិប​ណាហ្គា​ខ​ប នៅ​ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤ នេះ បានប្រកាស​តែងតាំង​លោក មាស ចាន់ណា ជា​គ្រូបង្វឹក​ពេញសិទ្ធិ​ដើម្បី​បន្ត​តំណែង​ពី​លោក ប្រាក់ សុវណ្ណារ៉ា សម្រាប់​រដូវ​កាល​ឆ្នាំ២០១៥ ខាងមុខ។



លោក មាស ចាន់ណា អាយុ៣៤ឆ្នាំ បាន​ចូលរួម​នៅក្នុង​ក្លិប​ណាហ្គា​ខ​ប​ចាប់តាំងពី​ឆ្នាំ២០០៥ មក ហើយ​ចាប់យក​ការងារ​ជា​គ្រូ​ជំនួយ​នៅ​ក្លិប​ដដែល​នេះ​ចាប់តាំងពី​ឆ្នាំ២០១១មក។ តាមពិត លោក​ចាន់ណា ដែលជា​គ្រូ​ជំនួយ​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ផងដែរ​នោះ បាន​ប្រើប្រាស់​តួនាទី​ជា​គ្រូបង្វឹក​ជាច្រើន​ខែ​មកហើយ ខណៈដែល​លោក ប្រាក់ សុវណ្ណារ៉ា មានការ​មមាញឹក​ក្នុង​ការរៀន​វគ្គ​គ្រូបង្វឹក AFC Coach Asia នៅក្នុង​ប្រទេស​ម៉ាឡេស៊ី។

ស្របពេល​ជាមួយគ្នានេះ​ផងដែរ ណាហ្គា​ខ​ប​បានបង្ហាញ​ក្រុម​គ្រូបង្វឹក​ដែល​ត្រូវ​ធ្វើការ​ជាមួយ​លោក មាស ចាន់ណា ដែល​ក្នុងនោះ​រួមមាន លោក ចាយ សង្ហា (ជំនួយការ) លោក សំ​រឹត សំណាង (អ្នក​គ្រប់​គ្រប់​សម្លៀកបំពាក់) លោក ស្រេង ហុង (ជំនួយការ) និង​លោក អ៊ុក មិច (គ្រូ​ចាំទី)។

កីឡាករ​ចំណូល​ថ្មី​មួយចំនួន​ដែល​ត្រូវ​បង្ហាញខ្លួន​សម្រាប់​ណាហ្គា​ខ​ប​រួមមាន សោម សុគន្ធ​តារា (វិទ្យាល័យ​ស្វាយរៀង) សុខ សេង​ដា​រ៉ា (អាស៊ី​អឺរ៉ុប) សេត រ៉ូ​ស៊ី​ប (វិទ្យាល័យ​ព្រះ​យុគន្ធរ) ថន តារា​ពេជ្រ (អាស៊ី​អឺរ៉ុប) និង​ញឹម សុវណ្ណារ៉ា (គិរីវង់​សុខ​សែន​ជ័យ)៕



© រក្សាសិទ្ធិដោយ thmeythmey.com