ជាតិ
បទយកការណ៍ / បទសម្ភាសន៍
កញ្ញា ជ័យ សុត្ថា​រ័ត្ន ចែករំលែក​បទពិសោធ​ន៍​ដើម្បី​រៀន​ភាសា​អង់គ្លេស​ឲ្យ​បាន​ពូកែ
05, Jan 2015 , 3:35 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ កញ្ញា ជ័យ សុត្ថា​រ័ត្ន ជា​អតីត​និស្សិត​វិទ្យាស្ថាន​ភាសាបរទេស (IFL) និង​ជា​ជ័យលាភី ឆ្នើម​លេខ​មួយ ជំនាញ​និយាយ​ភាសា​អង់គ្លេស ដែល​បាន​ទៅធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​ប្រទេស អង់គ្លេស​តាមរយៈ​កម្មវិធី​ប្រកួតប្រជែង​ភាសា​អង់គ្លេស​របស់ Spring Board Cambodia ក្នុង​ឆ្នាំ២០១៤ កន្លងមក។ កញ្ញា​ក៏​ជា​ជ័យលាភី​លេខ​ពីរ ក្នុង​កម្មវិធី​និយាយ​ភាសា​អង់គ្លេស ក្រោម​ប្រធានបទ Asean Youth Forum របស់​សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ (JCI) នៅក្នុង ប្រទេស​ហុងកុង និង ប្រទេស​គៀ​ហ្គី​ស្ថាន​ផងដែរ។ សព្វថ្ងៃនេះ កញ្ញា សុត្ថា​រ័ត្ន ជា​គ្រូបង្រៀន អក្សរសាស្ត្រ​អង់គ្លេស ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន (ឆ្នាំ​ទី១) នៅ​វិទ្យាស្ថាន IFL ។



សូម​ស្តាប់​បទសម្ភាសន៍​រវាង លោក រឿន ភា​រុន អ្នកសារព័ត៌មានថ្មីៗ និង​កញ្ញា ជ័យ សុត្ថា​រ័ត្ន ដូចតទៅ៖


កញ្ញា ជ័យ សុត្ថា​រ័ត្ន បាន​ប្រាប់​ពី​មូលហេតុ​នៃ​ការសិក្សា​ភាសា​អង់គ្លេស​ឲ្យ​បាន​ពូកែ​ថា ដោយសារតែ កញ្ញា​ស្រលាញ់ និង​ចង់​ចេះ​ប្រើប្រាស់​ភាសា​អង់គ្លេស​ឲ្យ​ល្អប្រសើរ ដូច្នេះ​កញ្ញា តែងតែ​អនុវត្តន៍​ការនិយាយ ការ​ស្តាប់ ការអាន និង​ការសរសេរ​ឲ្យ​បាន​ច្រើន​ជាប្រចាំ​ថ្ងៃ តាមតែ​អាចធ្វើ​បាន។

ក្រៅតែពី​សិក្សា​ក្នុង​សាលា ទោះបីជា​នៅតែ​ម្នាក់ឯង​ក៏ដោយ នារី​វ័យ ២១ឆ្នាំ​រូបនេះ និយាយ​យ៉ាង​ដូច្នេះ​ថា៖«ខ្ញុំ​តែងតែ​ព្យាយាម​រៀន​និយាយ​ភាសា​អង់គ្លេស​ជាមួយ​មិត្តភក្តិ ទោះ បី​ជា​មិត្ត​សើចចំអក​លេង​ពេល​និយាយ​ខុស ឬ​ត្រូវ​ក៏ដោយ ក៏​ខ្ញុំ​មិន​ខ្មាស់​ដែរ ឲ្យ​តែ​ខ្ញុំ​បាន និយាយ។ ហើយ​ពេលខ្លះ​ខ្ញុំ​និយាយ​នៅមុខ​កញ្ចក់​ឆ្លុះ តែម្នាក់ឯង​ក៏មាន»។

ទោះបីជា​សិក្សា​នៅក្នុង​សាលា និង​ក្រៅ​សាលា​ក៏ដោយ កញ្ញា សុត្ថា​រ័ត្ន ជឿជាក់ថា ការសិក្សា ភាសា​អង់គ្លេស​ឲ្យ​ពូកែ​គឺ​មិនមាន​ការលំបាក​ទេ ប៉ុន្តែ​គឺ​ទាមទារ​ឲ្យ​អ្នក​ចង់​ចេះ​ភាសា​អង់គ្លេស ត្រូវ​ចំណាយ​ពេលវេលា​ស្រាវជ្រាវ និង​អនុវត្តន៍​ការប្រើប្រាស់​ឲ្យ​បាន​ច្រើន។

ដោយសារ កម្ពុជា​មិនមែនជា​ជនជាតិដើម​និយាយ​ភាសា​អង់គ្លេស ដូច្នេះ​ដើម្បី​ឲ្យ​ការនិយាយ បាន​ប្រសើរ​នោះ កញ្ញា​ប្រាបថា៖«អ្នក​ដែល​ចង់​ប្រើ​ភាសា​អង់គ្លេស​បានល្អ ក៏ត្រូវ​ចេះ​សិក្សា ស្រាវជ្រាវ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត  Youtube គឺ​ដើម្បី​ស្តាប់ និង​របៀប​បញ្ចេញ សំឡេង​ពី​ជនជាតិដើម​ដែល​និយាយ​ភាសា​អង់គ្លេស។ ប៉ុន្តែ​ការនិយាយ​មិន​ទាមទារ​ឲ្យ បញ្ចេញ​សំឡេង​ដូច​គេ​ទាំងស្រុង​នោះទេ ប៉ុន្តែ​គឺ​ត្រូវ​និយាយ​បញ្ចេញ​សំឡេង​ឲ្យ​បាន​ច្បាស់ អាច​ស្តាប់ និង​យល់​អត្ថន័យ​ក្នុងការ​សន្ទនា​រវាង​ភាគីនីមួយ»។

ប្រវត្តិ​នៃ​សិក្សា​ភាសា​អង់គ្លេស

សុត្ថា​រ័ត្ន បានចាប់ផ្តើម​សិក្សា​ភាសា​អង់គ្លេស​ជា​លើកដំបូង កាលពី​នាង​សិក្សា​នៅ​ថ្នាក់​ទី ២ ហើយ នាង​ក៏​ជា​សិស្ស​បញ្ចប់​ការសិក្សា​ភាសា​អង់គ្លេស​ដោយ​ជោគជ័យ​ក្នុង​វគ្គ General English Program (GEP) និង English for Academic Purpose (EAP) នៅ​មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការបណ្តុះបណ្តាល ( Australian Center for Education ) ផងដែរ។
នៅក្នុង​ឆ្នាំ ២០១០ កញ្ញា សុត្ថា​រ័ត្ន បាន​ជាប់​បាក់​ឌុប​និទ្ទេស B ក្នុង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ។ បន្ទាប់មក កញ្ញា​បាន​ប្រឡង​ជាប់​អាហារូបករណ៍​ចូល​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​អក្សរសាស្ត្រ អង់គ្លេស នៅក្នុង​វិទ្យាស្ថាន​ភាសាបរទេស ហើយ​កញ្ញា​ជា​និស្សិត​បង់ថ្លៃ​សិក្សា​ជំនាញ​ធនាគារ នៅ​វិទ្យាស្ថាន​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ផងដែរ។

រយៈពេល ៤ឆ្នាំ​ក្រោយមក គឺ​នៅក្នុង​ឆ្នាំ ២០១៤ កន្លងមកនេះ កញ្ញា សុត្ថា​រ័ត្ន បានទទួល បរិញ្ញាបត្រ​ពីរ​ស្របគ្នា គឺ​បរិញ្ញាបត្រ​អក្សរសាស្ត្រ​អង់គ្លេស ជំនាញ​បង្រៀន ភាសា​អង់គ្លេស នៅ IFL និង​បរិញ្ញាបត្រ​ធនាគារ​នៅ​វិទ្យាស្ថាន​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

នៅ​ឆ្នាំ​មុននេះ​ដដែល ក្រោយពី​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​អង់គ្លេស កញ្ញា​ក៏បាន​ដាក់ពាក្យ​ប្រឡង ជាប់​ចូល​ធ្វើជា​គ្រូបង្រៀន​អក្សរសាស្ត្រ​អង់គ្លេស នៅក្នុង​វិទ្យាស្ថាន IFL ផងដែរ។
នាពេល​អនាគត កញ្ញា សុវត្ថា​រ័ត្ន នឹងដាក់​ពាក្យ​ប្រឡង​យក​អាហារូបករណ៍​ទៅ​បន្ត​ការសិក្សា ថ្នាក់អនុបណ្ឌិត​ជំនាញ​អង់គ្លេស ដើម្បី​បង្កើន​ចំណេះ​ក្នុង​ការបង្រៀន និង​ស្វែងយល់​ពី​ប្រព័ន្ធ អប់រំ​ក្នុងប្រទេស​ដើម​និយាយ​ភាសា​នេះ នៅក្នុង​ប្រទេស​អង់គ្លេស​ទៀតផង៕



© រក្សាសិទ្ធិដោយ thmeythmey.com