អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា រត់​រក​ចិន​ជួយ​ដោះស្រាយ​បញ្ហា​តម្លៃ​ប្រេង​ឆៅ​ធ្លាក់ចុះ
09, Jan 2015 , 3:34 pm        
រូបភាព
ក្រុង​ប៉េកាំង​បាន​ព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​លើ​គម្រោង​វិនិយោគ​ដ៏​ធំ​មាន​ទំហំ​ទឹកប្រាក់​ច្រើនជាង ២០ពាន់​លាន​ដុល្លារ​អាមេរិក​ឯណោះ។ គម្រោង​វិនិយោគ​របស់​ចិន​ផ្តោត​សំខាន់​លើ​ផ្នែក​សង្គម សេដ្ឋកិច្ច និង​គម្រោង​បូម​ប្រេង​នៅ​ប្រទេស​អាមេរិក​ឡាទីន​នេះ ហើយ​គម្រោង​នេះ​អាចជួយ​វេណ​ហ្ស៊ុ​យ​អេ​ឡា​អោយ​រួច​ផុតពី​បញ្ហា​ប្រឈម​សេដ្ឋកិច្ច​ដែល​បណ្តាលមកពី​ទណ្ឌកម្ម​អាមេរិក​និង​ការធ្លាក់ចុះ​នៃ​ប្រេង​ឆៅ​លើ​ទីផ្សា​អន្តរជាតិ។


លោក សៅ ផល​និស្ស័យ លម្អិត​ព័ត៌មាន​នេះ
!



រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​រដ្ឋាភិបាល​ក្រុង Caracas  បាន​ព្រមព្រៀងគ្នា​លើ​គម្រោង​វិនិយោគ​ដ៏​ធំ​សម្បើម​មួយ​ដែលមាន​ទំហំ​ទឹកប្រាក់​ច្រើនជាង ២០ពាន់​លាន​ដុល្លារ​អាមេរិក​នៅក្នុង​ប្រទេស​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា។ គម្រោង​វិនិយោគ​របស់​ប្រទេស​ចិន​នៅពេលនេះ​ផ្តោត​សំខាន់​លើ វិស័យ​សង្គម សេដ្ឋកិច្ច និង​វិស័យ​ថាមពល​ជាពិសេស​ជំនួញ​ប្រេងកាត​តែម្តង។ ការចុះ​កិច្ចព្រមព្រៀង​លើ​គម្រោង​វិនិយោគ​របស់​រដ្ឋាភិបាល​ទាំងពីរ​នេះ កើតមានឡើង​ក្រោយ​ពេលដែល​ប្រធានាធិបតី​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​លោក នី​កូ​ឡា ម៉ា​ឌុយ​រូ ធ្វើដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ចិន​កាលពី​ថ្ងៃ​ពុធ។

ប្រធានាធិបតី​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​ខាងលើ​បានធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ចិន ដោយ​ជួបពិភាក្សា​ជាមួយ​សម​ភាគី​លោក​គឺ​ប្រធានាធិបតី ស៊ី ជិន​ពីង ហើយ​គោលបំណង​របស់​វេ​ណេ​ហ្ស៊ុ​យ​ឡា​គឺ​ការពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​ចិន ដោយ​រំពឹងថា​ចិន​នឹង​ជួយ​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​អោយ​រួច​ផុតពី​វិបត្តិ​សេដ្ឋកិច្ច​បច្ចុប្បន្ន។ មេដឹកនាំ​រដ្ឋាភិបាល​ក្រុង Caracas រត់​ទៅ​ប្រទេស​ចិន​ដើម្បី​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​ក្រុង​ប៉េកាំង មួយ​សប្តាហ៍​ក្រោយ​ពេលដែល​រដ្ឋាភិបាល​នេះ​ប្រកាសថា​សេដ្ឋកិច្ច​របស់ខ្លួន​កំពុង​ធ្លាក់ចុះ​និង​ប្រឈមមុខ​នឹង​វិបត្តិ​ថែម​ទៀតផង។

សេដ្ឋកិច្ច​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា កំពុងស្ថិត​ក្នុង​វិបត្តិ​ដោយសារ​បញ្ហា​ទណ្ឌកម្មសេដ្ឋកិច្ច និង ការបន្ត​ធ្លាក់ចុះ​ខ្លាំង​នៃ​តម្លៃ​ប្រេង​ឆៅ​នៅលើ​ទីផ្សារ​អន្តរជាតិ ព្រោះ​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដែល​ផលិត​និង​នាំ​ប្រេង​ចេញ​ច្រើន​ផងដែរ។ បើតាម​ការ​អោយដឹងពី​អ្នកជំនាញ​សេដ្ឋកិច្ច ៩៦ភាគរយ​នៃ​ផលទុន​សរុប​ក្នុងស្រុក​របស់​ប្រទេស​វេ​ណេ​ហ្ស៊​យ​អេ​ឡា​ពឹងផ្អែក​សំខាន់​លើ​ការនាំ​ប្រេង​ចេញ ដែល​នេះ​ទើបបានជា​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​ត្រូវ​ជួប​វិបត្តិ​នៅពេល​តម្លៃ​ប្រេង​ធ្លាក់ចុះ​យ៉ាងគំហុក​បែបនេះ។ ដោយឡែក ក្រោយ​បញ្ចប់​ការពិភាក្សា​និង​ជំនួប​ទ្វេភាគី​រវាង​ប្រទេស​ទាំង រដ្ឋាភិបាល​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​បានប្រកាសថា គម្រោង​វិនិយោគ​ថ្មី​គ្របដណ្តប់​វិស័យ​ជាច្រើន​រួមទាំង​បច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ គម្រោង​នគរូបនីយកម្ម ជាដើម​ផងដែរ។

ប្រទេស​ចិន​បានផ្តល់​ប្រាក់កម្ចី​រយៈពេល​វែង​ដល់​ប្រទេស​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​ក្នុង​ទំហំ​ប្រមាណ ៤២ពាន់​លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​បាន​សង​ប្រាក់កម្ចី​នេះ​ទៅ​ចិន​វិញ​អស់​ចំនួន ២៤ពាន់​លាន​ដុល្លារ​ហើយ។ ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី​ពីរ​ពិភពលោក ចិន​នេះ​បាន​ខិតខំ​ពង្រីក​ការវិនិយោគ​របស់ខ្លួន​នៅក្នុង​តំបន់​អាមេរិក​ឡាទីន និង​ពង្រឹង​ចំណង​ទំនាក់ទំនង​ការទូត​ជាមួយ​បណ្តា​ប្រទេស​ទាំងនោះ ដោយ​សម្លឹង​ឃើញ​ប្រយោជន៍​ច្រើន​ជាពិសេស​ប្រេងកាត។ យ៉ាងណាក៏ដោយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ប្រទេស​ចិន​បាន​បោះ​លុយ​អោយ​បណ្តា​ប្រទេស​អាមេរិក​ខាងត្បូង​ខ្ចី​ក្នុង​ទំហំ​ប្រមាណ ១០០ពាន់​លាន​ដុល្លារ​អាមេរិក ហើយថ្មីៗនេះ​មេដឹកនាំ​ចិន​ប្រកាស​បង្កើន​ប្រាក់កម្ចី​អោយដល់២៥០ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ២០២៥ ។ ក្រៅ​ព​ផ្តល់ប្រាក់​កម្ចី​ដល់​ប្រទេស​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​ដើម្បី​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច ក្រុង​ប៉េកាំង​បានផ្តល់​កម្ចី​ដល់​ប្រទេស​Ecuador ក្នុង​ទំហំ ៧.៥ ពាន់​លាន​ដុល្លារ​អាមេរិក​ផងដែរ ដ្បិដ​ប្រទេសមួយ​នេះ​ក៏​រងគ្រោះ​ដោយសារ​តម្លៃ​ប្រេង​ឆៅ​ធ្លាក់ចុះ​ដូចគ្នា ៕


© រក្សាសិទ្ធិដោយ thmeythmey.com