ជាតិ
​​​ន​យោ​បាយ​ជាតិ​
ព្រះអង្គម្ចាស់ រណ​ឬ​ទ្ធិ​ ជួប​មន្ត្រី​ ហ្វ៊ុនស៊ិនប៉ិច បង្កើន​ភាពស្អិតល្មួត​ឡើងវិញមុន​សមាជ​មកដល់
10, Jan 2015 , 2:55 pm        
រូបភាព
ព្រះអង្គម្ចាស់​នរោត្តម រណ​ឬ​ទ្ធិ បាន​ជួបប្រជុំ​សំណេះសំណាល​ជាមួយ​មន្ត្រី​ថ្នាក់ដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ទី១០មករា​នេះ ដែលមាន​សហជីវិន សហជីវិនី​ចូលរួម​ជាង២០០នាក់​នៅ​សាល​កីឡា ប៊ី​ឡាញ​ជ្រោយចង្វារ។ នៅក្នុង​ពិធី​ជួបជុំ​សំណេះសំណាល​ជាថ្មី ក្រោយពី​ខាន​ជួបគ្នា​អស់​រយៈពេល៩ឆ្នាំ រវាង​ព្រះអង្គម្ចាស់​នរោត្តម រណ​ឬ​ទ្ធិ ជាមួយ​ក្រុមការងារ​និង​មន្ត្រី​ប្រតិបត្តិការ​រាជធានី -ខេត្ត​នៅ​ព្រឹក​នេះ គឺ​ពោល​ពេញ​ទៅដោយ​សំណើច​សប្បាយ​ក្អាកក្អាយ ជាមួយនិង​បន្ទូល​លេងសើច​របស់​ព្រះអង្គម្ចាស់ នរោត្តម រណ​ឬ​ទ្ធិ នៅក្នុង​ពិធី​នេះ ។



បើទោះជា​មានការ​សើច​សប្បាយ​យ៉ាងណាក៏ដោយ ប៉ុន្ដែ​សកម្មភាព​របស់​សហជីវិន សហជីវិនី​ចូលរួម​ទាំងនោះ ហាក់ដូច​ជាមាន​សកម្ម​ភាពស្ពឹក យឺតយ៉ាវ មិន​ស្រុះគ្នា​នោះទេ។ សកម្មភាព​ស្ពឹក មិន​ស្រុះគ្នា​នោះ គឺ​ដោយសារ​ពួកគេ​ទាំងនោះ ហាក់ដូចជា​មើល​តាម​បំណាំ​គ្នា និង​រង់ចាំ​ស្ដាប់​ត្រាប់​តាម​ព្រះរាជបន្ទូល​របស់​ព្រះអង្គម្ចាស់ នរោត្តម រណ​ឬ​ទ្ធិ ក្នុងការ​បញ្ជា​ឲ្យ​ពួកគេ​ធ្វើ​អ្វីមួយ ទាំង​ការបញ្ជារ​ឲ្យ​ទះដៃ និង​លើកដៃ​ជាដើម។

បន្ទូល​ព្រះអង្គម្ចាស់​នរោត្តម រណ​ឬ​ទ្ធិ៖«មើល​ខ្ញុំ​សូម​ឲ្យ​លើកដៃ​ទាំងអស់គ្នា​មើល ម៉េច​ក៏​លើកដៃ​ខ្លះ​អត់​ខ្លះ​បែបនេះ លើក​ទាំងអស់គ្នា​មក។ បើ​មាន​អ្នក​នៅតែ​ចង់​ហូប​សម្លរ​ម្ជូរ​អំពិល សូម​អញ្ជើញ​ចេញទៅ​ហូប​សម្លរ​ម្ជូរ​អំពិល​ទៅ​ទ្វារ​នៅ​ខាង​នោះ»។

ជាមួយគ្នា​នោះ​ព្រះអង្គម្ចាស់​នរោត្តម រណ​ឬ​ទ្ធិ មានបន្ទូល​បញ្ជារ​ឲ្យ ក្រុមការងារ និង​មន្ត្រី​ប្រតិបត្តិការ​រាជធានី -ខេត្ត ពង្រឹង​រាជានិយម​ឡើងវិញ ដោយ​ចុះ​ប្រមូល​អ្នកគាំទ្រ​រាជានិយម នៅតាម​មូលដ្ឋាន​របស់​ពួកគេនីមួយៗ ដើម្បី​ក្លាយជា​កម្លាំង​ជាតិ និង​រួមគ្នា​ដោះស្រាយ​បញ្ហា​ជាតិ។

នៅ​ថ្ងៃទី១៩ មករា​ខាងមុខ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​នឹង​រៀបចំ​សមាជ​បោះឆ្នោត​គាំទ្រ​ថ្វាយ​ព្រះអង្គម្ចាស់ នរោត្តម រណ​ឬ​ទ្ធិ​ធ្វើជា​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ឡើងវិញ៕



© រក្សាសិទ្ធិដោយ thmeythmey.com