ជាតិ
​​​ន​យោ​បាយ​ជាតិ​
តុលា​ការចេញ​សាលក្រម​កំបាំងមុខ​ឲ្យ សួន សេរី​រដ្ឋា​ជាប់ពន្ធនាគារ ៧ឆ្នាំ
14, Jan 2015 , 8:00 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ ៖សាលាដំបូង​រាជធានី​ភ្នំពេញ​បានចេញ​សាលក្រម​កំបាំង​សម្រេច​ឲ្យ​ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខែ្មរ លោក សួន សេរី​រដ្ឋា ជាប់ពន្ធនាគារ​រយៈ ៧ឆ្នាំ និង​ពិន័យ​ប្រាក់​ចំនួន ២៥លាន​រៀល ហើយ​មនុស្ស​ពាក់ព័ន្ធ៣នាក់​ផ្សេងទៀត​ត្រូវ​ជាប់ពន្ធនាគារ​ពី៥ ទៅ៦ឆ្នាំ ក្រោម​បទ​ចោទប្រកាន់ថា​ញុះញង់​ផ្តួលរំលំ​រដ្ឋាភិបាល និង​រួមគំនិត​ក្បត់ជាតិ កាលពី​ឆ្នាំ ២០១៣កន្លងមក។



ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក តុ​ប ឈុន​ហេង​បានចេញ​សាលក្រម​កំបាំងមុខ​នៅ​ថ្ងៃទី១៤ ខែមករា​នេះ​ដោយ​សម្រេច​ឲ្យ​លោក សួន សេរី​រដ្ឋា​ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ​ក្រៅ​ប្រទេស​ជាប់ពន្ធនាគារ ៧ឆ្នាំ​និង​ពិន័យ​ប្រាក់​ចំនួន ២៥លាន​រៀល។ដោយឡែក​តុលាការ​ក៏​បានចេញ​សាលក្រម​ចំពោះមុខ​ដាក់ទោស​មនុស្ស​ពាក់ព័ន្ធ ៣នាក់​ផ្សេងទៀត ក្នុងនោះ​រួមមាន​លោក សេរី ប៊ុនឡុង​ត្រូវ​ជាប់ពន្ធនាគារ៦ឆ្នាំ និង​ពិន័យ​ប្រាក់ ៥លាន​រៀល លោក សេង​សុខ​ម៉េង ជាប់ពន្ធនាគារ ៦ឆ្នាំ​ពិន័យ​ប្រាក់ ៥លាន​រៀល​និង​លោក អ៊ុំ ភិរម្យ  ជាប់ពន្ធនាគារ ៥ឆ្នាំ​ហើយ​ពិន័យ​ប្រាក់​ចំនួន៥លាន​រៀល​ផងដែរ។

សំណុំរឿង​លោក សួន សេរី​រដ្ឋា និង​ជនជាប់ចោទ៣នាក់​ផ្សេងទៀត​នេះ​ត្រូវបាន​តុលាការ ចោទប្រកាន់​ពីបទ​រួមគំនិត​ក្បត់ជាតិ​និង​ប្រឆាំង​ពលរដ្ឋ​នៅក្នុង​រាជធានី​ខេត្ត​មួយចំនួន​ដែល មាន​សិទ្ធិ​បោះឆ្នោត​មិន​ឲ្យ​ទៅ​បោះឆ្នោត​កាលពី​ឆ្នាំ២០១៣ក្នុងនោះ​រួមមាន ពលរដ្ឋ​ដែល​រស់នៅក្នុង​រាជធានី​ភ្នំពេញ ខេត្តតាកែវ និង​បន្ទាយមានជ័យ៕


© រក្សាសិទ្ធិដោយ thmeythmey.com