ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កឹម សុខា បរិហារ​ពី​ភាពអាក្រក់​នៃ​ការដឹកនាំ​ប្រទេស៣០ ឆ្នាំ​របស់លោក ហ៊ុន សែន
15, Jan 2015 , 2:38 pm        
រូបភាព
អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា បាន​បរិហារ​ការអភិវឌ្ឍ ៣០ឆ្នាំ​របស់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ លោក ហ៊ុន សែន កន្លងមកនេះ​ថា រដ្ឋាភិបាល​នេះ បានធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ និង​មិន​គិតពី​ផល​ប្រ​យោ​ជ​ន៏​ជាតិ​ឡើយ។ ជាមួយគ្នានេះ​លោក កឹម សុខា ក៏បាន​ហៅ​ការអភិវឌ្ឍ​របស់​រដ្ឋា​ភិ​បាល​លោក ហ៊ុន សែន ថា ជាការ​អភិវឌ្ឍ​សម្លាប់​ប្រជាពលរដ្ឋ​ខ្លួនឯង។ ការលើកឡើង​របស់លោក កឹម សុខា ធ្វើឡើង ខណៈដែល​កាលពី​ថ្ងៃ​ពុធ​ទី ១៤ ខែមករា ម្សិលមិញ ជា​ថ្ងៃ​ខួប ៣០ ឆ្នាំ នៃ​ការឡើង​កាន់អំណាច​រប​ស់លោក ហ៊ុន សែន ។



នៅក្នុង​ពិធី​ជួបជុំ​ជាមួយ​អ្នកគាំទ្រ​របស់ខ្លួន នៅ​ថ្ងៃទី១៥មករា​នេះ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ​លោក កឹម សុខា បាន​បរិហារ​រដ្ឋាភិបាល​លោក ហ៊ុន សែន ថា រដ្ឋាភិបាល​នេះ អភិវឌ្ឍន៍​ប្រទេស​តាមតែ​សម្តី​ឈ្មួញ​តែប៉ុណ្ណោះ ។ «សូម​ប្អូន​ធ្វើការ​កត់ចំណាំ​សម្គាល់​ជាមួយ​ខ្ញុំ អភិវឌ្ឍន៍​របស់​ពួកនេះ គឺ​ឈ្មួញ​ជា​អ្នកចង្អុល​ប្រាប់។ គេ​ចង់បាន​ដី​ត្រង់ណា? ព្រៃឈើ​កន្លែង​ណា?គេ​ប្រាប់​ឈ្មួញ​វិញ​ថា ឲ្យ​ប៉ុន្មាន? បើ​ត្រូវ​ថ្លៃ គេ​ឲ្យ​ឈ្មួញ​ធ្វើ ដោយ​អត់​គិត​ប៉ះពាល់​ផលប្រយោជន៍​ជាតិ និង​ផលប្រយោជន៍​ប្រជាពលរដ្ឋ​នោះទេ » ។ នេះ​ជាការ​បញ្ជាក់​របស់លោក​អនុប្រធាន​គណបក្សប្រឆាំង ដែល​តែងតែ​ប៉ះទង្គិច​ពាក្យសម្តី​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ ។

លោក​អនុប្រធាន​បក្សប្រឆាំង​រូបនេះ បាន​បរិហារ​យ៉ាងនេះ​ថា៖«ការអភិវឌ្ឍ​បែបនេះ ជាការ​អភិវឌ្ឍ​សម្លាប់​ជាតិ មិនមែន​ជួយ​ជាតិ​ទេ។ អភិវឌ្ឍ​បែបនេះ​ជាការ​សម្លាប់​ប្រជាពលរដ្ឋ។ កំហុស​ឆ្គ​ងនៃ​ការដឹកនាំ​ប្រទេស៣០ឆ្នាំនេះ ធ្ងន់ធ្ងរ​ណាស់ ទាក់ទង​នឹង​ការបំផ្លិចបំផ្លាញ​សម្បត្តិ​ធម្មជាតិ»។

កាលពី​ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៥  ជា​ខួប ៣០ ឆ្នាំ នៃ​ការ​កាន់តំណែង​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ។ ក្នុង​ថ្ងៃ​ខួប​កាន់អំណាច​របស់ខ្លួន បុរស​ខ្លាំង​កម្ពុជា​រូបនេះ បាន​និយាយ​ពី​គុណសម្បត្តិ​របស់ខ្លួន​ចំពោះ​ប្រទេសជាតិ ខណៈ​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​មួយចំនួន និយាយ​តែ​ពី​សកម្មភាព​អវិជ្ជមាន​របស់លោក ក្នុងអំឡុងពេល​ដឹកនាំ​ប្រទេស​ចំនួន ៣០ ឆ្នាំ​មកនេះ ។ ពី​ក្នុង​ពិធី​សម្ពោធ​ត​ភ្ជាប់​ការចាក់​បេតុង​ស្ពាន​អ្នក​លឿង នៅ​ថ្ងៃ​ពុធ​នេះ លោក ហ៊ុន សែន បាន​អះអាងថា រូបលោក​គឺជា​អ្នក​ស្រោចស្រង់​កម្ពុជា ចេញពី​រណ្តៅ​សង្គ្រាម និង​ជា​អ្នក​នាំ​សន្តិភាព​ជូន​កម្ពុជា ។ លោក​ថា បើ​គ្មាន​រូបលោក​ទេ កម្ពុជា​នឹង​នៅតែមាន​សង្គ្រាម​រហូតដល់​បច្ចុប្បន្ន ៕


© រក្សាសិទ្ធិដោយ thmeythmey.com