អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រុស្ស៊ី​នឹង​ខាតបង់ ៤៥ ពាន់​លាន​ដុល្លារ​បើ​ឆ្នាំនេះ​ប្រេង​មានតម្លៃ ៥០ ដុល្លារ​ក្នុង​មួយ​ធុង
15, Jan 2015 , 7:00 pm        
រូបភាព
ដោយ:

ប្រទេស​រុស្ស៊ី​នឹង​ខាតបង់​នូវ​ប្រាក់ចំណូល​ពី​ការលក់​ប្រេង​ប្រមាណ​ជា ៤៥ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ ២០១៥ នេះ​ប្រសិនបើ​តម្លៃ​ប្រេង​ជា​មធ្យម​ស្ថិតនៅ ៥០ដុល្លារ​ក្នុង​មួយ​ធុង​នោះ។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reutersដែល​បាន​ដកស្រង់​សំដី​របស់​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ របស់​រុស្ស៊ី​លោក Anton Siluanov។



នៅក្នុង​សេចក្តីអធិប្បាយ​មួយ លោក Anton Siluanovបាន​គូសបញ្ជាក់​ពី​ការព្រួយបារម្ភ​របស់រ​ដ្ឋា​ភិ​បាល​រុស្ស៊ី ពី​ការធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​ខ្លួន ដោយ​លោក​បាន​ថ្លែងថា រាល់​ការចំណាយ​ថវិការដ្ឋ​ទាំងអស់​គួរតែ​ត្រូវបាន​កាត់បន្ថយ១០ភាគរយ​លើកលែងតែ​នៅលើ​វិស័យ​ការពារជាតិ ដែលជា​វិស័យ​អាទិភាព​មួយ​របស់លោក​ប្រធានាធិបតី​វ្ល៉ា​ឌី​មៀរ​ពូ​ទីន នោះ។

ជាមួយនឹង​ការធ្លាក់ចុះ​តម្លៃ​រូបិយប័ណ្ណ ការធ្លាក់ចុះ​តម្លៃ​ប្រេង​និង​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់លោក​ខាងលិច​លើ​វិបត្តិ​អ៊ុយ​ក្រែ​ន ទៀត​នោះ ប្រទេស​រុស្ស៊ី​បាន​កាត់បន្ថយ​ចំណាយ​សរុប​សម្រាប់​ឆ្នាំ ២០១៥ដោយ​ត្រូវតែ​បង្កើន​តែ៥ភាគរយ​ប៉ុណ្ណោះ ធៀប​នឹង ១១,៧ភាគរយ​នៃ​ថវិកា​ដែល​គ្រោង​នឹង​ចំណាយ​កាលពី​ពេលមុន​នោះ។

លោក​Siluanovបាន​និយាយថា​ប្រទេស​រុស្ស៊ី​ត្រូវការ​បង្កើន​ទុនបម្រុង​របស់ខ្លួន​ដើម្បី​ទប់​ទល់នឹង​លំបាក​នានា ដូចជា​ការធ្លាក់ចុះ​យ៉ាងគំហុក​នៃ​តម្លៃ​ប្រេង និង​លុយ​រូប ដែល​បាន​ធ្លាក់ចុះ​ប្រហែល ៤០ភាគរយ​ធៀប​នឹង​ប្រាក់​ដុល្លារ​នៅ​ឆ្នាំ ២០១៤និង​បាន​បន្ត​ធ្លាក់ចុះ​ជា​បន្ត​ទៀ​នៅ​ឆ្នាំ ២០១៥ នេះ។

សេដ្ឋកិច្ច​របស់​ប្រទេស​រុស្ស៊ី ត្រូវ​ពឹង​ផ្អែកលើ​ការនាំចេញ​ប្រភព​ថាមពល ដែលមាន​ប្រេង និង​ឧស្ម័ន ហើយ​ចំណូល​ដែល​បានមកពី​វិស័យ​ថាមពល​នេះ គឺ​ស្មើនឹង​ពាក់កណ្ដាល​នៃ​ចំណូល​ថវិកា​សហព័ន្ធ​សរុប៕




© រក្សាសិទ្ធិដោយ thmeythmey.com