ជាតិ
សង្គមជាតិ
អ្នក​កំប្លែង​​ជន​ជាតិ​​បារាំង​​ឈ្មោះ ​យ៉ាន​ នឹង​​ក្លាយ​ជា​​អ្នក​កាសែត​​របស់ ថ្មីៗ​
16, Jan 2015 , 3:10 pm        
រូបភាព
នាយ យ៉ាន
នាយ យ៉ាន
ភ្នំពេញ៖ អ្នកកំប្លែង​ជនជាតិ​បារាំង​ដែល​ចេះ​និយាយ​ភាសា​ខ្មែរ​ស្ទាត់​នឹង​ក្លាយជា​អ្នកកាសែត​របស់​សារព័ត៌មាន​អេឡិចត្រូនិកថ្មីៗនៅពេល​ដ៏​ខ្លី​ខាងមុខនេះ។ ពី​អ្នកកំប្លែង​ជាច្រើន​ឆ្នាំ​ប្រចាំ​ទូរទស្សន៍ CTN តែ​ពេលនេះ នាយ យ៉ាន (Yann) ចង់​ក្លាយខ្លួនជា​អ្នកកាសែត​វិញ​ម្តង។ នៅក្នុង​សារព័ត៌មានថ្មីៗ លោក យ៉ាន មាន​តួនាទី​ជា​អ្នក​កាន់​កម្មវិធី​បទ​ស​ម្ភា​ន៍​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​សាមញ្ញ​នៅតាម​ដងផ្លូវ។


ទស្សនិកជន​ទូរទស្សន៍ CTN ពិតជា​ធ្លាប់​ស្គាល់ នាយ យ៉ាន ដែល​ធ្លាប់​លេង​កំប្លែង​ជាមួយ​ក្រុម​នាយ ពែ​ក មី និង​នាយ គ្រឿន ជាក់​ជាពុំខាន។ នាយ យ៉ាន (Yann) មាន​អាយុ៣៧ឆ្នាំ បាន​ចូលមក​រស់នៅ​ក្នុងប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ២០០៣មក។ លោក​ចេះ​និយាយ​ភាសា​ខ្មែរ​យ៉ាងច្បាស់ ហើយ​លោក​ធ្លាប់បាន​បញ្ចេញ​ទេពកោសល្យ​កំប្លែង​អោយ​ជនជាតិខ្មែរ​ទស្សនា និង​ផ្ទុះសំណើច​ពេញ​ទូទាំងប្រទេស។

នៅពេលនេះ លោក​បាន​សម្រេចចិត្ត​ក្លាយខ្លួនជា​អ្នកកាសែត​ប្រចាំ​សារព័ត៌មាន​អេឡិចត្រូនិកថ្មីៗក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ។ នៅក្នុង​សារព័ត៌មានថ្មីៗ លោក យ៉ាន មាន​តួនាទី​ជា​អ្នក​កាន់​កម្មវិធី​បទ​ស​ម្ភា​ន៍​ជាមួយ​ប្រជាពលរដ្ឋ​សាមញ្ញ​ទូទៅ​នៅតាម​ដងផ្លូវ។ លោក​ជា​អ្នកធ្វើ​បទសម្ភាសន៍​ដោយ​ខ្លួនឯង​ជា​ភាសា​ខ្មែរ​ជាមួយ​ប្រជាពលរដ្ឋ​នៅតាម​ដងផ្លូវ។ កម្មវិធី​នេះ​មាន​ឈ្មោះថា«យ៉ាន និង​ជីវិត​ពិត​ខ្មែរ»តាម​ដងផ្លូវ។

បទសម្ភាសន៍​របស់លោក​នាយ យ៉ាន អាចមាន​ជា​សំឡេង​ដូច​វិទ្យុ និង​ជា​វីដេអូ ដូច​ទូរទស្សន៍។ ជំហាន​ដំបូង កម្មវិធី​នាយ យ៉ាន នឹង​ផ្សាយ​ម្តង​ក្នុង​មួយ​សប្តាហ៍​លើ​សារព័ត៌មានថ្មីៗ ។ តែ​នាពេល​អនាគត កម្មវិធី​របស់លោក យ៉ាន នឹងត្រូវ​ចាក់ផ្សាយ​ពីរដង​ក្នុង​មួយ​សប្តាហ៍។ បទសម្ភាសន៍​របស់លោក យ៉ាន មាន​លក្ខណៈ​អាជីព​ជា​អ្នកសារព័ត៌មាន តែពេលខ្លះ​បទសម្ភាសន៍​​ក៏​​អាច​លាយឡំ​នឹង​សំណើច​ខ្លះ។ នេះ​គឺជា​កម្មវិធី​ថ្មី​មួយទៀត​ដែល​អនុញ្ញាតអោយ​អ្នកអាន អ្នក​សា្ត​ប់ និង​អ្នកទស្សនា​សារព័ត៌មានថ្មីៗ ទទួលបាន​ព័ត​មាន​កាន់តែ​សម្បូរបែប និង​គ្រប់​ប្រភេទ។

នាយ យ៉ាន បានបញ្ជាក់​ប្រាប់​សារព័ត៌មានថ្មីៗថា លោក​សប្បាយចិត្ត​នឹងចូលរួម​ធ្វើ​កម្មវិធី​ជាមួយ​សារព័ត៌មានថ្មីៗ ហើយ​លោក​កាន់តែ​ចូលចិត្ត​ថែមទៀត នៅពេលដែលថ្មីៗផ្តល់ឱកាស​អោយ​លោក​ទទួលបន្ទុក​កម្មវិធី​បទសម្ភាសន៍​ជាមួយ​ពលរដ្ឋ​ខ្មែរ​នៅតាម​ដងផ្លូវ​នានា​នៃ​ប្រទេស​កម្ពុជា។ «ខ្ញុំ​សប្បាយចិត្ត​មែនទែន។ ខ្ញុំ​ចូលចិត្ត​ធ្វើការ​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​តូចតាច»។ នេះ គឺជា​ការបញ្ជាក់​បន្ថែម​របស់ នាយ យ៉ាន។

នាយ យ៉ាន ជា​ជនជាតិ ឡាតាំង សញ្ជាតិ​បារាំង​មែន ប៉ុន្តែ​លោក​ចូលចិត្ត​ជីវិត​រស់នៅ​បែប​ខ្មែរ​ថ្នាក់ក្រោម។ បច្ចុប្បន្ន​លោក​រស់នៅ​តំបន់​ផ្លូវ​វ៉េងស្រេង​ខាងលិច ឈាង​ខាងត្បូង​នៃ​រាជធានី​ភ្នំពេញ​ដោយ​លោក​ជួល​បន្ទប់​រស់នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​បន្ទប់​ជួល​របស់​កម្មករ​កាត់​ដេរ។ លោក​ចង់​រស់នៅ​ក្បែរ​ក​ម្មករ​កាត់ដេរ ពីព្រោះ​លោក​ចង់ដឹង​ពី​ជីវិត​ពិត​របស់​ពួកគេ។
ដោយសារតែ​លោក យ៉ាន ស្គាល់​ពី​ជីវិត​ពិត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ថ្នាក់ក្រោម​យ៉ាង​ដូច្នេះ គេ​សង្ឃឹមថា លោក​នឹង​អាច​ពាំនាំ​ព័ត៌មាន​ទាំងឡាយ​ពី​ប្រជាជន​ក្រីក្រ​ទៅកាន់​មហាជន​ដទៃទៀត​ដែល​មិន​ធ្លាប់​បានដឹង​ពី​ជីវភាព​របស់​ជនក្រីក្រ​ខ្មែរពិត៕



© រក្សាសិទ្ធិដោយ thmeythmey.com