ជាតិ
សង្គមជាតិ
ពន្ធ​​លើ​​ប្រាក់​ខែ​​បង្ក​ឱ្យមាន​​ការ​ខឹង​​សម្បា​​ពី​​សំណាក់​​ប្រជា​ពលរដ្ឋ​
17, Jan 2015 , 9:30 am        
រូបភាព
ភ្នំពេញ៖ លោក គង់ វិបុល ប្រតិភូ​រដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៥ បានចេញ​សេចក្តីជូនដំណឹង​មួយ​ស្តីពី​ការអនុវត្ត​បទ​ប្បញ្ញត្តិ​ស្តីពី ពន្ធលើប្រាក់បៀវត្ស​ដែល​បាន​កែប្រែ​សម្រាប់​ឆ្នាំ២០១៥ ។ ការប្រកាស​ដក​ពន្ធលើប្រាក់បៀវត្ស​រ៍ គឺជា​គោលនយោបាយ​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល។ ប៉ុន្តែ​ពលរដ្ឋ​ដែល​ត្រូវបាន​រដ្ឋ​បង្ខំ​អោយ​បង់ពន្ធ​វិញ បាន​ចោទ​ជា​សំណួរ​ថា តើ​ពួកគេ​ទទួលបាន​ផល​អ្វី​មកវិញ ពី​ការបង់ពន្ធ​នោះ។ ពលរដ្ឋ​ជាច្រើន​បាន​សម្តែង​ការមិន​ពេញចិត្ត​ចំពោះ​ចំណាត់ការ​យកពន្ធ​លើ​ប្រាក់ខែ​នេះ។



យោងតាម​មាត្រា៤៧ថ្មី នៃ​ច្បាប់​ស្តីពី​សារពើពន្ធ និយោជិត​និវាស​ន​ជន (Real Person Resident) ពោលគឺ​សំដៅលើ​បុគ្គល​មាន​ចំណូល​ទាំង​ក្នុង និង​ក្រៅប្រទេស ត្រូវ​បង់ប្រាក់​ពន្ធ​ប្រចាំខែ និង​ត្រូវ​កាត់​ទុក​ដោយ​និយោជក​តាម​អាត្រា​កំណើន​តាម​ថ្នាក់។

ប្រាក់​ពន្ធលើប្រាក់បៀវត្ស​រ៍​ដែល​និយោជិត​និវាស​ន​ជន ត្រូវ​បង់​ប្រចាំខែ និង​ត្រូវ​កាត់ ទុក​ដោយ​និយោជក​តាម​អត្រាកំណើន ដូចតទៅ ចាប់ពី ០ រៀល ឬ០ដុល្លារ ដល់ ៨សែន ឬ២០០ដុល្លារ (មិន​ជាប់ពន្ធ)  ពី ៨សែន​រៀល ឬ២០០ដុល្លារ ដល់ ១លាន២សែន៥ពាន់​ឬ៣០១ដុល្លារ (ជាប់ពន្ធ ៥ភាគរយ) ចាប់ពី ១លាន២សែន៥ពាន់ ឬ៣០១ដុល្លារ ដល់ ៨លាន៥សែន ឬ២១២៥ដុល្លារ (១០ភាគរយ) ចាប់ពី ៨លាន៥សែន​ឬ២១២៥ដុល្លារ ដល់ ១២លាន៥សែន ឬ៣១២៥ដុល្លារ (១៥ភាគរយ) និង​លើសពី ១២លាន៥សែន ឬ៣១២៥ដុល្លារ (២០ភាគរយ)។

ឆ្លើយតប​ទៅនឹង​នយោបាយ​យកពន្ធ​ខាងលើនេះ ប្រធាន​ក្រុមហ៊ុន​ឯកជន​មួយ​នៅ​ទីក្រុងភ្នំពេញ​ដែល​សុំ​មិនអោយ​បញ្ចេញ​ឈ្មោះ ប្រតិកម្ម​ថា ក្រុមហ៊ុន​របស់លោក​ប​ង់​ពន្ធ​ប្រាក់ខែ​ជាប្រចាំ​ជូន​រដ្ឋ។ ប៉ុន្តែ ពួកគេ​មិនដឹងថា តើ​ត្រូវ​ទទួលបាន​អ្វី​មកវិញ នៅពេលដែល​បុគ្គលិក​បង់ពន្ធ​ទាំងនោះ​មាន​បញ្ហា។ នៅក្នុង​ប្រទេស​អភិវឌ្ឍន៍​ជឿនលឿន ដូចជា ប្រទេស​អាមេរិក បារាំង។ល។ ពលរដ្ឋ​បង់ពន្ធ​លើ​ប្រាក់ខែ​មែន ប៉ុន្តែ​ត្រឡប់មកវិញ ពួកគេ​ទទួលបាន​ប្រាក់​ចូលនិវត្តន៍ ឬ​ទទួលបាន​ប្រាក់កាស​ខ្លះ​នៅពេល​ពួកគេ​អត់​មានការ​ងារ​ធ្វើ​ជាដើម។ «ចុះ​នៅ​កម្ពុជា​វិញ យើង​ទទួលបាន​អ្វីខ្លះ?»។ នេះ​គឺជា​សំណួរ​របស់​ម្ចាស់​ក្រុមហ៊ុន​ខាងលើ។  លោក ប៉ែន សំណាង ធ្វើ​ការអោយ​ក្រុមហ៊ុន​ឯកជន​មួយ​នៅ​ទីក្រុង​ភ្នំពេញ​សម្តែង​អារម្មណ៍​មិន​ចង់​បង់ពន្ធ​លើ​ប្រាក់ខែ​ទាល់តែសោះ ពីព្រោះ រូបគេ​មិនដឹងថា នឹង​ទទួលបាន​អ្វី​មកវិញ។ លោក​សួរ​សំណួរ​ថា បើ​លោក​បង់ តើ​លោក​បាន​អ្វី​មកវិញ?។

អ្នកស្រី ជា ដា​ណែ​ត នាយក​វិទ្យុ​ស្ត្រី FM 102 បាន​ត្អូញត្អែរ​នៅក្នុង​គណនី​យ​ហ្វេ​ស​ប៊ុ​ករ​បស់​អ្នកស្រី​ថា៖«ឆ្នាំ​ថ្មី​នេះ ខ្ញុំ​ត្រូវ​បង់ពន្ធ​លើ​ប្រាក់ខែ​ដល់​ទៅ២០ភាគរយ។ វា​ច្រើន​ហួសហេតុ​ពេក​ហើយ... ព្រោះ​ខ្ញុំ​មិនមាន​បានទទួល​អ្វី​ពី​រដ្ឋាភិបាល​វិញ​ទេ​នៅពេល​រ៉ឺ​ត្រែ​ត...បើជា​មន្ត្រីរាជការ ពួកគេ​នឹង​បាន​លុយ​រ៉ឺ​ត្រែ​ត នៅពេល​ចាស់​ឈប់​ធ្វើការ»។

សូមបញ្ជាក់ថា យុទ្ធនាការ​យកពន្ធ​លើ​ប្រាក់ខែ​នេះ​ទំនងជា​ប៉ះពាល់​ធ្ងន់ធ្ងរ​តែ​ទៅលើ​ពលរដ្ឋ​ដែលមាន​ការងារ​ធ្វើល្អៗនៅ​ទីប្រជុំជន ជាពិសេស នៅ​ទីក្រុង​ភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ កំពង់ចាម។ល។ បុគ្គលិក​ក្រុមហ៊ុន បុគ្គលិក​អង្គការ​ជាតិ និង​អន្តរជាតិ អាច​ត្រូវ​បង់ពន្ធ​លើ​ប្រាក់បៀវត្សរ៍​ច្រើន។

តែ​ចំពោះ​ពលរដ្ឋ​ដែល​ទទួលបាន​ប្រាក់ខែ​ច្រើន​រយ ឬ​ពាន់​ដុល្លារ​ដែល​ធ្វើការ​នៅ​តំបន់​ដាច់ស្រយាល​ដោយ​ក្រុមហ៊ុន​គ្មាន​ចុះបញ្ជី​ស្នាម ពួកគេ​ពិតជា​អាច​គេចផុត ពី​ការបង់ពន្ធ៕



© រក្សាសិទ្ធិដោយ thmeythmey.com