ជាតិ
សង្គមជាតិ
ម៉ាស៊ីន​វាស់​កម្រិត​ផ្សែង​ពុល​ក្នុង​បរិយាកាស រួមចំណែក​រក្សា​​បរិស្ថាន​នៅ​តំបន់​អង្គរ
18, Jan 2015 , 8:10 am        
រូបភាព
ម៉ាស៊ីន​វាស់​កម្រិត​ផ្សែង​ពុល​ចំនួន២ប្រភេទ នឹងត្រូវ​ដាក់ឱ្យ​ដំណើរការ​ដើម្បី​វាស់​កម្រិត​ផ្សែង​ពុល​ក្នុង​តំបន់​រមនីយដ្ឋាន​អង្គរ ក្នុងពេលឆាប់ៗខាងមុខនេះ។ ម៉ាស៊ីន២ប្រភេទ​នេះ គឺជា​អំណោយ​របស់​ក្រុមហ៊ុន Bolerè របស់​បារាំង ប្រគល់ជូន​ក្រុមការងារ​សិក្សា និង​លើក​វិធានការ​ចំពោះ​ការបំពុល​បរិយាកាស​នៅ​តំបន់​អង្គរ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​នៅក្នុង​គេហទំព័រ​ហ្វេ​ក​ប៊ុ​ក​ផ្លូវការ របស់​អាជ្ញាធរ​អប្សរា។



ប្រភព​ដដែល​បានឱ្យដឹងថា  ម៉ាស៊ីន​ទាំងពីរ​ប្រភេទ​នេះ​ជា​ម៉ាស៊ីន​វាស់​កម្រិត​ផ្សែង​ពុល ក្នុង​បរិយាកាស​ទូទៅ ដែល​កើតចេញពី​ការដុត​សំរាម ឬ​ព្រៃឈើ​ជាដើម និង​មួយ​ប្រភេទ​ទៀត​ជា​ម៉ាស៊ីន​សម្រាប់​វាស់​កម្រិត​ផ្សែង​ពុល​ចេញពី​យានយន្ត​គ្រប់​ប្រភេទ។ ជា​ប្រភេទ​ម៉ាស៊ីន​ចល័ត​ដែល​ក្រុមការងារ​អាច​យកទៅ​ប្រើ​ប្រាស់​សម្រាប់​វាស់​កម្រិត​ផ្សែង​ពុល​ក្នុង​តំបន់​រមនីយដ្ឋាន​អង្គរ។

នេះ​ជា​លើក​ទី១ហើយ ដែល​ក្រុមការងារ​ទទួលបាន​ឧបករណ៍​ដើម្បី​វាស់​កម្រិត​ផ្សែង​ពុល​ក្នុង​តំបន់​រមនីយដ្ឋាន​អង្គរ។  លោក សុខ សង្វា ប្រធាន​ក្រុមការងារ​សិក្សា និង​លើក​វិធានការ​ចំពោះ​ការបំពុល​បរិយាកាស​នៅ​តំបន់​អង្គរ បាន​មានប្រសាសន៍ថា៖«ក្រុមការងារ​នឹង​ប្រើប្រាស់​ឧបករណ៍​នេះ ដែលជា​ការសាកល្បង​លើកដំបូង​បង្អស់ ដើម្បី​វាស់​កម្រិត​ផ្សែង​ពុល​ចេញពី​យានយន្ត​គ្រប់​ប្រភេទ ដែល​ចូលទៅក្នុង​តំបន់​អង្គរ ជាពិសេស​រថយន្ត​ដឹក​ភ្ញៀវ​ទេសចរណ៍។ លោក បន្តថា ឧបករណ៍​នេះ នឹង​រួមចំណែក​ក្នុងការ​ការពារ និង​រក្សារ​តុល្យភាព​បរិស្ថាន​ក្នុង​តំបន់​រមនីយដ្ឋាន​អង្គរ។

ក្រុមការងារ​សិក្សា និង​លើក​វិធានការ​ចំពោះ​ការបំពុល​បរិយាកាស​នៅ​តំបន់​អង្គរ ត្រូវបាន​បង្កើតឡើង​ដោយ​សេចក្តីសម្រេច​ចុះ​ថ្ងៃទី២៤ខែកក្កដា ឆ្នាំ២០១។ ក្រុមការងារ​នេះ មាន​ទិសដៅ​ធ្វើការ​សិក្សា​អំពី​ការបំពុល​បរិយាកាស​ក្នុង​តំបន់​អង្គរ វិភាគ និង​ចាត់វិធានការ​ដើម្បី​ទប់ស្កាត់ និង​កាត់បន្ថយ​ការបំពុល​បរិយាកាស​នៅ​តំបន់​អង្គរ​សម្រាប់​រយៈពេល​ខ្លី មធ្យម និង​រយៈពេល​វែង សំដៅ​អភិរក្ស និង​អភិវឌ្ឍន៍​រមនីយដ្ឋាន​អង្គរ​ដោយ​ចីរភាព៕



© រក្សាសិទ្ធិដោយ thmeythmey.com