ជាតិ
​​​ន​យោ​បាយ​ជាតិ​
ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដឹកនាំ​បងប្អូន​គូសត្រូវ​ឡើងវិញ
19, Jan 2015 , 9:48 am        
រូបភាព
៩ឆ្នាំ​ក្រោយមក ពោលគឺ​បន្ទាប់ពី​ត្រូវបាន​បណ្តេញ​ចេញពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច កាលពី​ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០០៦ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បាន​ក្លាយជា​ប្រធាន​គណបក្ស​រាជានិយម​នេះ​ជា​ផ្លូវការ​ឡើងវិញ​ហើយ តាមរយៈ​សមាជ​នៅ​កោះ​ពេជ្រ នា​ព្រឹក​ថ្ងៃ​ចន្ទ ទី១៩ ខែមករា ឆ្នាំ២០១៥ ។



«ទៅហើយ មកវិញ ទៅហើយ មកវិញ...» បាន​ក្លាយជា​ចម្រៀង​ឌឺដង​នយោបាយ​ដាក់​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដែល​បានសម្រេច​ព្រះទ័យ​ដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ឡើងវិញ​នា ដើមឆ្នាំ២០១៥នេះ។ ព្រះអង្គម្ចាស់ រណឫទ្ធិ ដែល​ទើប​ប្រារព្ធ​ពិធី​ចម្រើន​ព្រះជន្ម៧១វស្សា កាលពី​ថ្ងៃ​សុក្រ ទី២ ខែមករា កន្លងមក បាន​ក្លាយជា​តួអង្គ​នយោបាយ​មួយ​ដែល​គេ​ស្ទើរតែ​ភ្លេចឈ្មោះ ប៉ុន្តែ​វត្តមាន​របស់​ព្រះអង្គ​នៅតែ​ធ្វើ​ឲ្យ​ទិដ្ឋភាព​នយោបាយ​មានការ ប្រែប្រួល។

ព្រះអង្គម្ចាស់ នរោត្តម អរុណរស្មី  និង​លោក ញឹក ប៊ុនឆៃ ដែលជា​អគ្គលេខាធិការ​បក្ស បាន​ផ្ញើលិខិត​យាង​ព្រះអង្គម្ចាស់ រណឫទ្ធិ ទៅ​ដឹកនាំ​ហ្វ៊ុនស៊ិនប៉ិច​វិញ ដោយ​តាម​ស្មារតី​បង្រួបបង្រួម​ជាតិ អ្នករាជានិយម និង​អ្នក​សីហនុ​និយម ហើយ​ការជ្រើសតាំង​ផ្លូវការ​នឹងធ្វើ​ឡើង​តាមរយៈ​សមាជ​បក្ស​នាពេលខាងមុខ។ នៅ​ថ្ងៃទី១ ខែមករា ដដែល ព្រះអង្គម្ចាស់ រណឫទ្ធិ បាន​ឆ្លើយតប​ជា​វិជ្ជមាន​ទៅនឹង​បុគ្គល​ដែល​ខ្លួន​តែង​ចោទថា ជា​មេបក្ស​ប្រហារ ដែល​នាំ​ឲ្យ​ព្រះអង្គ​ខ្ទាត​ចេញពី​ហ្វ៊ុនស៊ិនប៉ិច​ចាប់តាំងពី​ឆ្នាំ២០០៦មក។

មិនមែនជា​លើកទីមួយ​ដែល​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ឆ្លើយ​ទេ ប៉ុន្តែ​ក្រោយមក​ឆ្លើយ​អូ​ខេ។ ក្រោយ​ការបោះឆ្នោត​ឆ្នាំ១៩៩៣ ព្រះអង្គ​បាន​ចែករំលែក​កៅអី​នាយករដ្ឋមន្ត្រី​ជាមួយ​លោក ហ៊ុន សែន នៃ​គណបក្ស​ប្រជាជន​កម្ពុជា ខណៈពេល​នោះ ហ្វ៊ុនស៊ិនប៉ិច​ឈ្នះ៥៨កៅអី គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ៥១កៅអី។

នៅ​ថ្ងៃទី៦ ខែកក្កដា ឆ្នាំ១៩៩៧ ទ្រង់​រណឫទ្ធិ ត្រូវបាន​ដកហូត​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី​ទីមួយ ក្រោយ​ព្រឹត្តិការណ៍​ជម្លោះ​ប្រដាប់អាវុធ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ហើយ​តំណែង​របស់​ព្រះអង្គ​ត្រូវបាន​ជំនួស​ដោយ​លោក អ៊ឹង ហួត។ ប៉ុន្តែ​មួយឆ្នាំ​ក្រោយមក ព្រះអង្គ​បាន​វិល​ទៅ​ដឹកនាំ​ហ្វ៊ុនស៊ិនប៉ិច​ដើម្បី​ប្រជែង​ក្នុងការ បោះឆ្នោត ហើយ​ទីបំផុត​ព្រះអង្គ​បាន​សុខចិត្ត​ទទួល​តំណែង​ជា​ប្រធានរដ្ឋសភា ក្រោយ​ការ​ចងសម្ព័ន្ធភាព​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់លោក ហ៊ុន សែន ដែលជា​គូសត្រូវ​របស់ខ្លួន។

ប្រជាប្រិយភាព​របស់​គ​ណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច​បាន​ធ្លាក់ចុះ​ជា​លំដាប់ ដោយនៅ​ឆ្នាំ២០០៣ បក្ស​រាជានិយម​មួយ​នេះ ធ្លាក់​ទៅ​ចំណាត់ថ្នាក់​ទី​បី​ដោយ​ទទួលបាន​ត្រឹម២៦កៅអី បន្ទាប់ពី​បក្ស​ប្រជាជន​កម្ពុជា (៧៣កៅអី) និង​គណបក្ស​សម រង្ស៊ី (២៤កៅអី)។ ទោះបីជា​យ៉ាងណា ស្មារតី​នៃ​សម្ព័ន្ធភាព​ជាមួយ​បក្ស​កាន់អំណាច បាន​នាំ​ឲ្យ​ព្រះអង្គ​រក្សា​តំណែង​ជា​ប្រធានរដ្ឋសភា រហូតដល់​ឆ្នាំ២០០៦ មុននឹង​វិបត្តិ​ផ្ទៃក្នុង​បក្ស។

ព្រះអង្គ​ក៏​ធ្លាប់​ចាប់​ដៃគូ​ជាមួយ​លោក សម រង្ស៊ី តទល់​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជាច្រើនលើក​ផងដែរ ប៉ុន្តែ​វា​គ្រាន់តែ​ជា​សម្ព័ន្ធភាព​ទឹកកក​ប៉ុណ្ណោះ។ ក្រោយ​អស់តំណែង​ពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានប្រកាស​ជាច្រើនលើក​ថា ព្រះអង្គ​ឈប់​ធ្វើ​នយោបាយ។

កាលពី​ខែ​មិនា ឆ្នាំ២០០៧ ព្រះអង្គ​ត្រូវ​តុលាការ​កាត់ទោស​កំបាំង​មុខ​ដាក់ពន្ធនាគារ១៨ខែ​ពី​លក់ អចលនទ្រព្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ប៉ុន្តែ​ក្រោយមក​ត្រូវបាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​លើកលែងទោស ហើយ​នៅ​ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០០៨ ព្រះអង្គ​ត្រូវបានតែងតាំង​ជា​ប្រធាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ព្រះមហាក្សត្រ ដែលមាន​ឋានៈ​ស្មើ​នាយករដ្ឋមន្ត្រី។

«ទៅហើយ មកវិញ ទៅហើយ មកវិញ» ពិតជា​មិន​ខុស​នោះឡើយ។ ព្រះអង្គម្ចាស់ រណឫទ្ធិ ដែល​ធ្លាប់​មានបន្ទូលថា ខ្លួន​ជា​អ្នកញៀន​នយោបាយ បាន​ប្រឡូក​ក្នុងការ​ឈរឈ្មោះ​បោះឆ្នោត​ជាមួយ​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា គណបក្ស​ជាតិនិយម ក្រោយមក​ប្តូរ​ទៅជា«គណបក្ស នរោត្តម រណឫទ្ធិ» ហើយ​ទទួលបាន​ត្រឹមតែ២អាសនៈ​ប៉ុណ្ណោះ។

វិបត្តិ​ផ្ទៃក្នុង​បាន​យាយី​សារជាថ្មី​សម្រាប់​ជីវិត​នយោបាយ​របស់​ទ្រង់ រណឫទ្ធិ ដែល​បង្ខំ​ឲ្យ​ព្រះអង្គ​ដកខ្លួន​ពី​នយោបាយ​ម្តងទៀត​នៅ​ឆ្នាំ២០១២ ។ ប៉ុន្តែ​ពីរ​ឆ្នាំ​ក្រោយមក ពោលគឺ​នៅ​ថ្ងៃទី១៦ ខែ​មិនា ឆ្នាំ២០១៤ ព្រះអង្គ​បាន​វិលត្រឡប់​មកវិញ​តាមរយៈ​ការបង្កើត​បក្ស​ថ្មី​មួយទៀត​ដែលមាន ឈ្មោះថា គណបក្ស​សង្គម​រាស្ត្រ រាជាធិបតេយ្យ។ ៨ឆ្នាំ​ក្រោយពី​ការចាកចេញ​ពី​ហ្វ៊ុនស៊ិនប៉ិច ព្រះអង្គ​ត្រូវបាន​អតីត​អ្នក​ដែល​ដឹកនាំ​ការទម្លាក់​ព្រះអង្គ ជាពិសេស​លោក ញឹក ប៊ុនឆៃ យាង​ទៅ​ដឹកនាំ​បក្ស​រាជានិយម​នេះ​វិញ។

សាធារណជន​ដែល​មិនមែនជា​អ្នកគាំទ្រ​ព្រះអង្គ បាន​លើកឡើងថា ការយាង​ទៅ​ដឹកនាំ​ហ្វ៊ុនស៊ិនប៉ិច​ឡើងវិញ​នេះ គឺធ្វើឡើង​តាម​ការរៀបចំ​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា ជាពិសេស​លោកនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ក្នុង​គោលបំណង​បំបែក​កម្លាំង​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​របស់លោក សម រង្ស៊ី និង​លោក កឹម សុខា។ ក្នុង​បទ​សម្ភាស​មួយ​ជាមួយ​វិទ្យុ​អាស៊ីសេរី ព្រះអង្គ រណឫទ្ធិ បាន​ច្រាល​ចោលការ​ចោទប្រកាន់​នានា ដោយ​ព្រះអង្គ​លើកឡើងថា សម័យ​នេះហើយ បើអ្វីៗស្ថិតក្រោម​ការរៀបចំរ​បស់​អ្នកដទៃ វា​នឹង​លែងមាន​ភាពជា​មនុស្ស​ហើយ។

តាម​រយៈ​សមាជនេះ ព្រឹក​ថ្ងៃ​ចន្ទនេះផងដែរ ព្រះអង្គ​ម្ចាស់ នរោត្តម អារុណ​រស្មី បាន​ក្លាយ​ជាអនុ​ប្រធានទី១ និង​លោក ញឹក ប៊ុនឆៃ ក្លាយ​ជាអនុប្រធាន​ទីពីរ៕


© រក្សាសិទ្ធិដោយ thmeythmey.com