ជាតិ
សេដ្ឋកិច្ច
ក្រសួងពាណិជ្ជកម្ម​នឹង​កោះប្រជុំ​ដើម្បី​ពិនិត្យ​តម្លៃ​សាំង​រៀងរាល់១០ថ្ងៃ​ម្ដង
19, Jan 2015 , 7:30 pm        
រូបភាព
ដោយ:
ក្រសួងពាណិជ្ជកម្ម ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​តំណាង​អ្នក​ចែកចាយ​ប្រេងឥន្ធនៈធំៗ ដែល​ធ្វើ​ប្រតិបត្តិការ​នៅ​កម្ពុជា បាន​ឯកភាពគ្នា​ទៅលើ​សំណើ​មួយ​ដើម្បី​បង្កើត​ឲ្យ​មាន ទម្រង់ការ​នៃ​ប្រជុំ​ពិនិត្យមើល​ថ្លៃ​ប្រេងឥន្ធនៈ ដែល​នឹងត្រូវ​ធ្វើឡើង​រៀងរាល់ ១០ ថ្ងៃ​ម្តង នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន ក្នុង​គេហទំព័រ​របស់​ក្រសួងពាណិជ្ជកម្ម។



ទម្រង់ការ​នៃ​ប្រជុំ​ពិនិត្យមើល​ថ្លៃ​ប្រេងឥន្ធនៈ​ខាងលើនេះ ត្រូវបាន​ធ្វើឡើង​ក្រោយពេល កិច្ចប្រជុំ​មួយ ដឹកនាំ​ដោយ លោក ស៊ុន ចាន់ថុល កាលពី​សប្ដាហ៍​មុន។ នេះ​គឺជា​កិច្ចប្រជុំ​លើក​ទី​ពីរ ដើម្បី​ពិភាក្សា​អំពី ថ្លៃ​ប្រេងឥន្ធនៈ ដែលជា​អ្នក​ចែកចាយ​ប្រេង​នៅ​កម្ពុជា និង​ជា​កិច្ចប្រជុំ​តាមដាន​បន្ទាប់​មកពី កិច្ចប្រជុំ​លើកទីមួយ​ដឹកនាំ​ដោយ លោក គាត ឈន់ កាលពី​ខែវិច្ឆិកា ឆ្នាំ២០១៤ ដើម្បី​បញ្ចុះតម្លៃ​ប្រេងសាំង​នោះ។

បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​នោះ លទ្ធផល​នៃ​កិច្ចប្រជុំ​ពិនិត្យ​តម្លៃ​សាំង រៀងរាល់ ១០ ថ្ងៃ​ម្តងនោះ គឺ​នឹងត្រូវ​ផ្សព្វផ្សាយ ជា​សាធារណៈ តាមរយៈ ទូរទស្សន៍ វិទ្យុ សារព័ត៌មាន និង​បណ្តាញ​សង្គម ដើម្បី​ឲ្យ​សាធារណៈជន បានដឹង​ជ្រួតជ្រាប​ផងដែរ។

នៅក្នុង​កិច្ចប្រជុំ​លើក​ទី២ នេះដែរ លោក ស៊ុន ចាន់ថុល បានស្នើ​ឲ្យ​អ្នក​ចែកចាយ ប្រេងឥន្ធនៈ​ទាំងឡាយ ដែលជា​ម្ចាស់​ស្ថានីយ៍​ប្រេងឥន្ធនៈ អ្នក​លក់រាយ ពិនិត្យ​លទ្ធភាព បញ្ចុះ​ថ្លៃ​លក់រាយ របស់ខ្លួន ឲ្យ​ស្រប​នឹង​ថ្លៃ​ប្រេង​ពិភពលោក។

សូមបញ្ជាក់ថា ក្នុង​រយៈពេល​ចុងឆ្នាំ២០១៤ និង​ដើមឆ្នាំ២០១៥ នេះ តម្លៃ​ប្រេង​នៅក្នុង​ទីផ្សារ​ពិភពលោក បាន​ដាំ​ក្បាល​ចុះ​យ៉ាង ពី​តម្លៃ​ជាង ១០០ ដុល្លារ​ក្នុង​មួយ​ធុង ចុះមក​នៅក្រោម ៥០ ដុល្លារ​ក្នុង​មួយ​ធុង។ ដោយឡែក​តម្លៃ​ប្រេងសាំង​ក្នុងប្រទេស​កម្ពុជា ក៏បាន​ត្រូវបាន​គេ​បញ្ចុះ​ផងដែរ ប៉ុន្តែ​ត្រូវបាន​គេ​មើលឃើញថា ការបញ្ចុះ​តម្លៃ​ប្រេង​ពី​សំណាក់​ម្ចាស់​ក្រុមហ៊ុន​ផ្គត់ផ្គង់​ប្រេង មាន​ល្បឿន​យឺត​ជាង តម្លៃនៅលើទីផ្សារ​ពិភពលោក។ ការទម្លាក់​ថ្លៃ​បន្តិចម្ដងៗ នេះ គឺ​ដោយសារតែ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ប្រេង​ឥន្ទ​នៈ អះអាងថា ដើម្បី​រង់ចាំ​លក់​ប្រេង​ដែល​នាំចូល​កាលពី​នៅ​ថ្លៃ​ឲ្យ​អស់​សិន៕


© រក្សាសិទ្ធិដោយ thmeythmey.com