ខ្មែរ​ក្រហម
ជាតិ
​​​ន​យោ​បាយ​ជាតិ​
ជប៉ុន​ផ្តល់​ថវិកា​ជាង១លាន៣សែន​ដុល្លារ​បន្ថែមទៀត​ដល់​សាលាក្តី​ខ្មែរក្រហម
20, Jan 2015 , 8:46 am        
រូបភាព

រដ្ឋាភិបាល​ជប៉ុន​បានសម្រេច​ផ្តល់ជំនួយ​ជា​ថវិកា​ថ្មី​មួយ​បន្ថែមទៀត ដល់​ភាគី​អន្តរជាតិ​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា(អ.វ.ត.ក)។ ទឹកប្រាក់​ជំនួយ​ថ្មី​នេះ មាន​ចំនួន១,៣៨៥,៥៦៧ដុល្លារ។ នេះ​បើ​យោង​សេចក្តីប្រកាស​ព័ត៌មាន​របស់​សាលាក្តី​ខ្មែរក្រហម កាលពី​ថ្ងៃទី១៩ខែមករា។



បើ​យោងតាម​សេចក្តី​ព័ត៌មាន​របស់​រដ្ឋាភិបាល​ជប៉ុន​ប្រចាំ​កម្ពុជា កាលពីពេលថ្មីៗនេះ​បាន​ឲ្យ​ដឹងថា វិភាគទាន​ថ្មី​នេះ គឺ​ដើម្បី​បន្ត​ទ្រទ្រង់​ដំណើរការ​យុត្តិធម៌​របស់​សាលាក្តី​ខ្មែរក្រហម ដែល​សម្រេចបាន​នូវ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់ មួយ​ដោយ​បានចេញ​សាលក្រម ប្រឆាំងនឹង​អតីត​មេដឹកនាំ​ជាន់ខ្ពស់ នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​កាលពី​ខែសីហា​ឆ្នាំ២០១៤ និង​ខណៈពេល ដែល​ដំណើរការ​នីតិវិធី​នៃ​បណ្តឹងឧទ្ធរណ៍ និង​ការជំនុំជម្រះ​ថ្មី​ទើបនឹង​ចាប់ផ្តើម។

ប្រទេស​ជប៉ុន​ចាត់ទុកថា វា​មាន​សារៈសំខាន់​សម្រាប់ អ.វ.ត.ក ដើម្បី​បន្ត​ការកាត់ក្តី​ក្នុង​របៀប​មួយ​មាន ភាពត្រឹមត្រូវ មាន​ប្រសិទ្ធភាព និង​ឆាប់រហ័ស ដោយហេតុថា​ជនជាប់ចោទ​មាន​វ័យ​កាន់តែ​ចាស់ជរា និង​សុខភាព​ទន់ខ្សោយ និង​ដើម្បី​សម្រេចបាន​នូវ​យុត្តិធម៌ ដែល​កំពុង​ត្រូវបាន​ទន្ទឹងរង់ចាំ​អស់​រយៈពេល​យ៉ាងយូរ​មកហើយ​សម្រាប់​ក​ម្ពុ​ជា។

រដ្ឋាភិបាល​ជប៉ុន​ផ្តល់​សារៈសំខាន់​ទៅលើ​សាលាក្តី​ខ្មែរក្រហម ដោយ​ផ្អែកលើ​ទស្សនៈ​ចំនួន៣ គឺ​ទី១. ការកាត់ក្តី​ខ្មែរក្រហម​គឺជា​ដំណាក់​បញ្ចប់​នៃ​ដំណើរការ​ស្វែងរក​សន្តិ​ភាព​នៅ​កម្ពុជា ដើម្បី​បង្ការ​ទប់ស្កាត់ ការកើតមាន​ឡើងវិញ​នៃ​អំពើ​ឃោរឃៅ ដែល​បាន​ប្រព្រឹត្តឡើង​នៅក្នុង​របប​ខ្មែរក្រហម ។ ទី២.សាលា ក្តី​ខ្មែរក្រហម​នេះ​នឹង​ជួយ​ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ​នៃ​របប​ខ្មែរក្រហម ដែល​ប្រការនេះ​នឹង​រួម​ចំ ណែ​ក​ដល់​ការផ្សះផ្សា​ជាតិ​ឡើងវិញ និង​ទី៣. សាលាក្តី​នេះ នឹង​រួមចំណែក​ដល់​ការពង្រឹង​នីតិរដ្ឋ​នៅ កម្ពុជា។

រដ្ឋាភិបាល​ជប៉ុន​ជប៉ុន គឺជា​ប្រទេស​ផ្តល់ជំនួយ​ធំ​បំផុត​របស់​សាលាក្តី​ខ្មែរក្រហម ដោយបាន​ផ្តល់ជំនួយ​ប្រមាណ​ជា៨២.៧៣លាន​ដុល្លារ (គិត​រួមទាំង​វិភាគទាន​ខាងលើ) ស្មើនឹង​ប្រហែល៣៦% នៃ​វិភាគទាន​អន្តរជាតិ​សរុប។ ប្រទេស​ជប៉ុន​ក៏​ស្ថិតនៅ​ក្នុងចំណោម​ប្រទេស ក្នុងឋានៈ​ជា​សហប្រធាន​នៃ​មិត្ត​របស់ (អ.វ.ត.ក) ដែល​បាន​តាមដាន​ដំណើរការ​របស់​តុលាការ​នេះ​យ៉ាង​យកចិត្តទុកដាក់ និង​យ៉ាងសកម្ម។

សូម​រំលឹកថា បើតាម​គម្រោង​ថវិកា​ដែល​បានអនុម័ត​រួច ដោយ​ក្រុម​ប្រទេស​ផ្តល់ជំនួយសំខាន់ៗ នៅ​ឆ្នាំ២០១៥នេះ សាលាក្តី​ខ្មែរក្រហម ត្រូវការ​ថវិកា​ចំនួន២៨,៩  លាន​ដុល្លារ ក្នុងនោះ​ភាគី​ជាតិ​ចំនួន ៦  លាន​ដុល្លារ រីឯ​ភាគី​អន្តរជាតិ​ចំនួន ២២,៩ លាន​ដុល្លារ៕


© រក្សាសិទ្ធិដោយ thmeythmey.com