ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ស៊ូ​ប៊ែ​ឌី ជំរុញ​ឲ្យ​បក្ស​ទាំងពីរ​គោរព​កិច្ចព្រមព្រៀង​នយោបាយ
20, Jan 2015 , 11:13 am        
រូបភាព
ដោយ:
លោក សូរិយា ប្រាសាទ ស៊ូ​ប៊ែ​ឌី អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជន បាន​ជំរុញ​ញ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើការ​ជាមួយគ្នា ដើម្បី​ពង្រឹង​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា ជាពិសេស​គឺ​ជំរុញ​ឲ្យ​បក្ស​ទាំងពីរ​គោរព​កិច្ចព្រមព្រៀង​នយោបាយ ។ ការ​ថ្លែង​របស់​អ្នករាយការណ៍​បែបនេះ បាន​ធ្វើឡើង​ក្រោយពី​រូបលោក ជួប​ជាមួយ​ប្រធាន​និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​លោក កឹម សុខា នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ នា​វិមាន​រដ្ឋសភា។



លោក ស៊ូ​ប៊ែ​ឌី បញ្ជាក់​ដូច្នេះ​ថា៖ « ខ្ញុំ​គ្មាន​តួនាទីអ្វីដើម្បីផ្តល់អនុសាសន៍នោះទេ ។  ​តែខ្ញុំថា គណបក្ស​ទាំងពីរ គួរ​សហ​ការ​គ្នា ធ្វើការ​ជាមួយគ្នា ផ្អែកលើ​គោលការណ៍​នីតិរដ្ឋ ​ដើម្បី​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ កែទម្រង់​ទូទៅ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ចកម្ពុជា ក្នុង​គោលដៅ​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​ទាំងអស់គ្នា» ។ ឆ្លើយ​នឹង​សំណួរ​របស់​អ្នកកាសែត ជុំវិញ​ការព្រមាន​ចាប់ខ្លួន​តំណាងរាស្ត្រ​បក្សប្រឆាំង​ពី​សំណាក់​លោក ហ៊ុន សែន នោះ អ្នករាយការណ៍​រូបនេះ មិន​អត្ថាធិប្បាយ​ច្រើន​ឡើយ ដោយ​លោក គ្រាន់តែ​បាន​ជំរុញ​ឲ្យ​គណបក្ស​ទាំងពីរ​គោរព​កិច្ច​ព្រម​នយោបាយ ​កាលពី​ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៤ កន្លងទៅ ដោយគោរព​តាម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ ។

សូមបញ្ជាក់ថា នេះ​ជា​លើក​ទី១១ហើយ ដែល​លោក សូរិយា ប្រាសាទ ស៊ូ​ប៊ែ​ឌី បាន​មកដល់​កម្ពុជា កាលពី​ថ្ងៃ​សៅ​រិ៍ កន្លងទៅ​ដើម្បី​បំពេញភារកិច្ច​ជា​ផ្លូវ​ការលើក​ទី ១១ របស់ខ្លួន​នៅ​កម្ពុជា​ខណៈដែល​រូបលោក​នឹងត្រូវ​បញ្ចប់​ភារកិច្ច​របស់ខ្លួន​នៅ​ខែ​មិនា​ខាងមុខ។

ដោយ​ឡែក​នៅក្រោយ​ជំនួប​ជាមួយលោក ស៊ូប៊ែឌី នោះដែរ លោក កឹម សុខា នឹងលោក សម រង្ស៊ី ហាក់មិនចង់និយាយអ្វីប្រាប់អ្នកកាសែតឡើយ។ លោក សម រង្ស៊ី  ដើរបណ្តើរ និយាយ​បណ្តើរយ៉ាងខ្លីប្រាប់អ្នកកាសែតថា រូបលោក ជជែកជាមួយលោក ស៊ូប៊ែឌី ធ្វើយ៉ាងណាដើម្បីឲ្យដំណើរការស្ថាប័នជាតិប្រព្រឹត្តទៅបានល្អ ដើម្បីផលប្រយោជន៍ជាតិ ៕



© រក្សាសិទ្ធិដោយ thmeythmey.com