ជាតិ
សង្គមជាតិ
សាលាឧទ្ធរណ៍​បដិសេធ​សំណើសុំ​នៅក្រៅ​ឃុំ​របស់​ឪពុកម្តាយ​លោក ថោង សា​រ៉ា​ត
21, Jan 2015 , 8:11 am        
រូបភាព
ដោយ:
ភ្នំពេញ៖ នៅ​ថ្ងៃទី២០ ខែមករា​នេះ សភា​ស៊ើបសួរ​នៃ​សាលាឧទ្ធរណ៍​បានសម្រេច​បដិសេដ ការសុំ​នៅក្រៅ​ឃុំ​របស់​ឳ​ពុក​ម្តាយ​លោក ថោង សា​រ៉ា​ត គឺ លោក ថោង ចំរើន និង​អ្នកស្រី កែវ សា​វី ដែល​ជាប់ចោទ​ពីបទ​រក្សា​អាវុធ​ទុក​ខុសច្បាប់ ។ បន្ទាប់ពី​សេចក្តីសម្រេច​បដិសេធ មេធាវី​ការពារ​ក្តី​ឲ្យ​ពួកគេ ក៏​នឹង​បន្ត​ដាក់ពាក្យ​បណ្តឹងសាទុក្ខ​ទៅកាន់​តុលាការ​កំពូល​ផងដែរ។


មានសំឡេង



ការស្នើសុំ​នៅក្រៅ​ឃុំ​របស់​ឪពុកម្តាយ លោក ថោង សា​រ៉ា​ត ដោយ​សំអាង​លើ​បញ្ហា​សុខភាព ធ្លាក់ចុះ​នោះ ត្រូវបាន​សាលាឧទ្ធរណ៍​ច្រានចោល នៅ​ព្រឹក​ថ្ងៃទី២០ មករា​នេះ។ ប្រធាន​ក្រុម ប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍ លោក  ឃុន លាង​ម៉េង បាន​និយាយប្រាប់​អ្នកសារព័ត៌មាន នា​បរិវេណ​សាលា​ឧ​ទ្ធ​ណ៍ បន្ទាប់ពី​សវនាការ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ថា ការច្រានចោល​សំណើ​នៅក្រៅ​ឃុំ​របស់​សាលាឧទ្ធរណ៍​នេះ ដោយសារតែ​នីតិវិធីរឿងក្តី​កំពុងដំណើរការ។

ទាក់ទិន​នឹង​ការច្រានចោល​នេះដែរ លោក ស៊ី សត្យា ដែលជា​មេធាវី​ការពារ​ក្តី​ឲ្យ​ឪពុកម្តាយ លោក ថោង សា​រ៉ា​ត នោះ អះអាងថា លោក​នឹង​បន្ត​ដាក់​ពាក្យបណ្តឹង​សារទុក្ខ​ទៅ​តុលាការ កំពូល​ផងដែរ។ មេធាវី​រូបនេះ បានចាត់ទុក​ការបដិសេដ របស់​សាលាឧទ្ធរណ៍​នេះ​ថា ជា​រឿង​អយុត្តិធម៌ ចំពោះ​កូនក្តី​របស់លោក ដោយ​លោក​លើក​ហេតុផល​ថា ឪពុក​របស់លោក ថោង សា​រ៉ា​ត កំពុង​ជួប​បញ្ហា​សុខភាព​មិនអាច​បន្ត​ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ​ព្រៃ​ស ទៀត​បានឡើយ។

បន្ទាប់ពី​ចេញពី​សវនាការ​នា​ថ្ងៃទី២០នេះដែរ លោកស្រី កែវ សា​វី ដែល​ត្រូវជា​ម្តាយបង្កើត របស់ លោក ថោង សា​រ៉ា​ត​នោះ បាន​បដិសេដ​មិន​និយាយប្រាប់​អ្នកសារព័ត៌មាន​នោះទេ។ ដោយឡែក ឪពុក​របស់លោក ថោង សារ៉ាត់ លោក ថោង ចំរើន បាន​និយាយ​យ៉ាងខ្លី​ថា លោក​កំពុង​ធ្លាក់ខ្លួន​ឈឺ ហើយ​អាកា​រៈ​របស់លោក​មិន​ងាយ​ជា​ទេ។

គួររម្លឹកថា  កាលពី​ថ្ងៃទី០៧ខែធ្នូ​ឆ្នាំ២០១៤កន្លងមក ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង រាជធានី​ភ្នំពេញ លោក ស្វាយ តុ​ច បានចេញ​ដីកាឃុំខ្លួន​ឪពុកម្តាយ​លោក ថោង សារ៉ាត់ គឺ​លោក ថោង ចំរើន និង អ្នកស្រី កែវ សា​វី បណ្តោះអាសន្ន នៅក្នុង​ពន្ធនាគារ​ព្រៃ​ស (ម ២១) ក្រោម​ការចោទប្រកាន់​ពីបទ កាន់កាប់​អាវុធ​ដោយ​ខុសច្បាប់។ សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរ បាល​រាជធានី​ភ្នំពេញ បាន​ចុះ​ឆែក​ឆរ​រកឃើញ​អាវុធ​នៅក្នុង​ភូមិគ្រឹះ​របស់​ពួកគេ​នៅក្នុង​បុរី ៩៩៩ ក្នុង​សង្កាត់​ចាក់អង្រែលើ។

យោងតាម​មាត្រា ៤៩០ នៃ​ក្រមព្រហ្មទណ្ឌ លោក ថោង​ចំរើន និង អ្នកស្រី កែវ សារី អាច​នឹងត្រូវ​ជាប់ពន្ធ​នាគារ​ពី ៦ខែ​ទៅ ៣ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ពី ១លាន​ទៅ៦លាន​រៀល។

ក្រៅតែពី ការចាប់​ឃុំខ្លួន​ឪពុកម្តាយ​លោក ថោង សា​រ៉ា​ត​នោះ អង្គរក្ស ៤នាក់​ផ្សេងទៀត​របស់លោក​ក៏ត្រូវ​ចោទប្រកាន់​ពីបទ​ប្រព្រឹត្ត​ផ្តើមគំនិត និង​សមគំនិត​ផងដែរ។ ពួកគេ​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​ក្នុង​ពន្ធនាគារ​ព្រៃ​ស ហើយ​ប្រសិនបើ​តុលា​ការរក ឃើញ​ពិរុទ្ធភាព​ពិតមែន​នោះ ពួកគេ​អាច​ប្រឈមមុខ​ជាប់​ក្នុង​ពន្ធនាគារ​អស់​មួយជីវិត។

គួរ​បញ្ជាក់ដែរថា បន្ទាប់ពី​កើតមាន​ករណី​បាញ់សម្លាប់ ឧកញ៉ា អ៊ឹង ម៉េង​ជឺ​កាលពី​ថ្ងៃទី២២ខែវិច្ឆិកា ឆ្នាំ២០១៤តាម​បណ្តោយ​ផ្លូវ​ព្រះសីហនុ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ២ខណ្ឌចំការមន​នោះ សមត្ថកិច្ច​បានដាក់​ការសង្ស័យ​លើ​លោក ថោង សារ៉ាត់ ដែល​កំពុង​រត់គេចខ្លួន​ជា​មេឃាតក។ កន្លងមក លោក ថោង សារ៉ាត់​បានស្នើ​សុំ​តាមរយៈ​វីដេអូ​ក្លី​ប​ឲ្យ​គ្រួសារ​សព លោក អ៊ឹង ម៉េង​ជឺ ចេញមុខ​ធ្វើជា​សាក្សី​ចំពោះ​ករណី​ឃាត​កម្មនេះ​ថា តើ​លោក​ពិតជា​មេខ្លោង​នៃ​ការធ្វើឃាត​នេះ​ឬ​យ៉ាងណា? ហើយ​លោក​បានចាត់ទុក​ករណី​របស់លោក​ជាការ​មូល​បង្គា​ច់​ទម្លាក់កំហុស​ទៅលើ​រូបលោក ម្តាយ​ឪពុក និង​អង្គរក្ស៤នាក់​ផ្សេង​ទៀតផង។

តាមរយៈ​វី​ឌី​អូ​នោះដែរ លោក ថោង សា​រ៉ា​ត បានស្នើ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​និង​ភរិយា ជួយ​អន្តរាគមន៍​សើរើ​រឿងក្តី​ឡើងវិញ ដោយ​លោក​នឹង​ចូលខ្លួន​មក​បំភ្លឺ​ក្នុង​តុលាការ ផងដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com