ជាតិ
សង្គមជាតិ
អត្តសញ្ញាណប័ណ្ណ​ជាង៣លាន៥សែន​សន្លឹក នឹង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ត្រឹម​ចុងឆ្នាំ២០១៦
21, Jan 2015 , 8:23 am        
រូបភាព
 
នាយកដ្ឋាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ នឹង​ផ្តល់​អត្តសញ្ញាណប័ណ្ណ៣,៥៥៨,៦៣៣សន្លឹក ទៅដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស គិត​ចាប់ពី​ដើមឆ្នាំ២០១៥ រហូតដល់​ចុងឆ្នាំ២០១៦ ។ នេះ​បើតាម ឃៀង សុគន្ធា ប្រធាន​នាយកដ្ឋាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ។ 



បើតាម​ប្រធាន​នាយកដ្ឋាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ដដែល ៖«ការផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​នេះ មាន២ដំណាក់កាល។ ដំណាក់កាល​ទី១ ត្រូវ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​ចំនួន២លាន២សែន​សន្លឹក​ដល់​ប្រជាពលរដ្ឋ និង​ដំណាក់​ទី២ ត្រូវ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​ចំនួន៥លាន​សន្លឹក ដល់​ប្រជាពលរដ្ឋ»។

លោក បន្តថា៖«នៅក្នុង​ដំណាក់កាល​ទី១ ដែល​ចាប់ផ្តើម​ពី​ខែមិថុនា​ឆ្នាំ២០១២ រហូតដល់​ថ្ងៃទី១៨ខែ​មិនា​ឆ្នាំ២០១៤ នាយកដ្ឋាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ បានផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ចំនួន២លាន២សែន​សន្លឹក​ដល់​ប្រជាពលរដ្ឋ​សម្រេចបាន​តាម​ផែនការ ចំណែកឯ​នៅ​ដំណាក់​ទី២ បើ​គិត​ចាប់ពី​ថ្ងៃទី១៩ខែ​មិនា ដល់​ថ្ងៃទី៣១ខែធ្នូ​ឆ្នាំ២០១៤ នាយកដ្ឋាន​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​បាន​ចំនួន ១,៤៤១,៣៦៧សន្លឹក ដល់​ប្រជាពលរដ្ឋ ដូច្នេះ​នៅសល់​ចំនួន៣,៥៥៨,៦៣៣សន្លឹក​ទៀត នឹងត្រូវ​ផ្តល់ជូន​ប្រជាពលរដ្ឋ រហូតដល់​បំណាច់​ឆ្នាំ២០១៦ ស្របទៅតាម​ផែនការ​របស់​អគ្គនាយក​ដ្ឋា​ន​អត្តសញ្ញាណ​កម្ម។

តាម​គម្រោង អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ចំនួន៧លាន២សែន​សន្លឹក នឹងត្រូវ​ផ្តល់ជូន​ប្រជាពលរដ្ឋ​ចាប់ពី​ឆ្នាំ​មិថុនា​ឆ្នាំ២០១២ រហូតដល់​ចុងឆ្នាំ២០១៦ ។

ជាមួយគ្នា​នោះ លោក ឃៀង សុគន្ធ ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​គ្រប់​អាយុ និង​អ្នក​កាន់​អត្តសញ្ញាណប័ណ្ណ​ហួស​សុពលភាព  ទៅធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ឲ្យ​បាន​ទាំងអស់គ្នា។ ចំណែក មន្ត្រី​ពាក់ព័ន្ធ​នៅតាម​រាជធានី ខេត្ត ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ប​ន្ថែ​ម​ទៀត​ក្នុង ការផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ជូន​ប្រជាពលរដ្ឋ៕


© រក្សាសិទ្ធិដោយ thmeythmey.com