ជាតិ
សង្គមជាតិ
សហគមន៍​មាន​បញ្ហាដីធ្លី​ចំនួន៤បង្កើត​សមាគមន៍​ថ្មី​តែ​បដិសេធ​ការបែកបាក់​ផ្ទៃក្នុង
21, Jan 2015 , 2:36 pm        
រូបភាព
កាលពីពេលថ្មីៗនេះ​សហគមន៍​មាន​បញ្ហាដីធ្លី​ចំនួន៤បាន​ចងក្រង​គ្នា​បង្កើត​សមាគមន៍​ថ្មី​មួយ​ដែលមាន​ឈ្មោះថា«សមាគមន៍​ស្ត្រី​បឹងកក់»។សមាគមន៍​ថ្មី​នេះ​គឺមាន​ការចូលរួម​ពី​សហគមន៍​ចំនួន៤ចូលរួម​គឺ​សហគមន៍៣មករា​បុរី​កីឡា​សហគមន៍​បឹងកក់​សហគមន៍​SOS ព្រលានយន្តហោះ​និង​បណ្តាញ​ស្ត្រី​អតីត​អ្នក​បឹងកក់។នេះ​បើតាម​ការបញ្ជាក់​ពី​អ្នកស្រី យ៉ោ​ម​បុប្ផា​តំណាង​សកម្មជន​ដីធ្លី​តំបន់​បឹងកក់។



អ្នកស្រី​យ៉ោ​ម​បុប្ផា​បាន​ប្រាប់​សារព័ត៌មានថ្មីៗនៅថ្ងៃនេះ​ថា៖«សមាគមន៍​ស្ត្រី​បឹងកក់​បង្កើតឡើង​ក្នុង​គោលបំណង​តែមួយ​ជាមួយ​សមាគមន៍​ដែលមាន​បញ្ហាដីធ្លី​ផ្សេងទៀត​យើង​បង្កើត​សហគមន៍​ថ្មី​មួយទៀត​នេះ​ពីព្រោះ​តែ​យើង​ចង់​ប្រើ​យុទ្ធសាស្ត្រ​ផ្សេងគ្នា​ដើម្បី​ធ្វើការ​តវ៉ា​ឲ្យ​មានការ​ដោះលែង​សកម្មជន​បឹងកក់​ដែល​កំពុង​ជាប់ឃុំ​ឲ្យ​មាន​សេរីភាព»។

ជាមួយគ្នា​នោះ​អ្នកស្រី​យ៉ោ​ម​បុប្ផា​ក៏បាន​ថ្លែង​បដិសេធ​ព័ត៌មាន​បែកបាក់​ផ្ទៃក្នុង​ផងដែរ។តំណាង​សកម្មជន​ដីធ្លី​តំបន់​បឹងកក់​រូបនេះ​សង្កត់ធ្ងន់ថា៖«បើ​ពួកយើង​បែកបាក់​គ្នា ដរាបណា​យើង​ធ្វើ​សកម្មភាព​ក្នុង​គោលបំណង​ក្នុងទិសដៅ​ផ្សេងគ្នា​ហើយ​សកម្មភាព​នោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​របស់​សហគមន៍​ប៉ុន្តែ​នៅក្នុង​កាលៈទេសៈ​នេះ​ពួកយើង​មាន​គោលដៅ​និង​បំណង​តែមួយ​គឺ​ទាមទារ​ឲ្យ​មានការ​ដោះលែង​សកម្មជន​បឹងកក់​ដែល​កំពុង​ជាប់ឃុំ​ឲ្យ​មាន​សេរីភាព​ដូចគ្នា​គ្រាន់តែ​ប្រើ​យុទ្ធសាស្ត្រ​ផ្សេងគ្នា​តែប៉ុណ្ណោះ»។

សមាគមន៍​ស្ត្រី​បឹងកក់​ថ្មី​នេះ​ដឹកនាំ​ដោយ​អ្នកស្រី​យ៉ោ​ម​បុប្ផា​តំណាង​សកម្មជន​ដីធ្លី​តំបន់​បឹងកក់​អ្នកស្រី​សៀ​ណា​រ៉េត​តំណាង​បណ្តា​យ​ស្ត្រី​អតីត​អ្នក​បឹងកក់​អ្នកស្រី​ជុំ​ង៉ាន់​តំណាង​សហគមន៍៣មករា​បុរី​កីឡា​និង​អ្នក​ច្រាយ​នី​ម​តំណាង​សហគមន៍​SOSប្រ​លាន​យន្តហោះ។

សូម​រម្លឹក​ដែរ​ថា​ទ​ន្លឹ​ម​នឹង​សកម្មភាព​តវ៉ា​ទាមទារ​ឲ្យ​មានការ​ដោះលែង​សកម្មជន​បឹងកក់​ដែល​កំពុង​ជាប់ឃុំ​ឲ្យ​មាន​សេរីភាព​សមាគមន៍​ថ្មី​ដែល​ដឹកនាំ​ដោយ​ស្ត្រី​ទាំង៤រូប​ខាងលើ​បាន​ជួបជុំគ្នា​ធ្វើ​ការតវ៉ា​ទាមទារ សម្តែង​មតិ​និង​ចែក​បូរ​ពណ៌​លឿង​ដល់​អ្នកដំណើរ​និង​សាធារណៈជន​រយៈពេល១ខែ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ខណៈដែល​អ្នក​មាន​បញ្ហាដីធ្លី​ផ្សេងទៀត​ដែល​ដឹកនាំ​ដោយ​អ្នកស្រី​បូ​វ​សោភា​និង​លោក​ចាន់​ពុទ្ធិ​ស័​ក្ខ​អ្នកស្រី​ស​ស៊ន​និង​អ្នកស្រី​គីម​ហ៊​ន​ជាដើម​បានដាក់​ញត្តិ​ទៅកាន់​ស្ថានទូត​នានា​នៅ​ភ្នំពេញ​និង​មាន​គម្រោង​សរសេរ​ញត្តិ​មួយ​ទៅកាន់​លោក​សុ​រិ​យ៉ា​ស៊ូ​ប៊ែ​ឌី​ដើម្បី​ឲ្យ​ទៅ​ចូលរួម​តាមដាន​សវ​នា​នៅ​សាលាឧទ្ធរណ៍​របស់​ស្ត្រី​បឹងកក់​នៅ​ថ្ងៃទី២២ ខែមករា​ខាងមុខ៕



© រក្សាសិទ្ធិដោយ thmeythmey.com