ជាតិ
សង្គមជាតិ
លោក ស៊ឹម ចន្ថា តូច​ចិត្តនឹង​ប្រាក់ខែ​អង្គការ​តិច​រត់​មករ​ត់​រ៉ឺម៉ក​នៅ​សៀមរាប
21, Jan 2015 , 3:55 pm        
រូបភាព
សៀមរាប៖ បើទោះជា​អ្នករត់​រ៉ឺម៉ក​នៅ​ខេត្តសៀមរាប មាន​ចំនួន​ច្រើន​យ៉ាងណាក្តី តែ​ជម្រើស​ចុងក្រោយ​សម្រាប់​អ្នក​ដែល​ទាល់ច្រក​ភាគច្រើន ជ្រើសរើស​មុខរបរ​រ​ត់​រ៉ឺម៉ក​កង់​បី ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ។ តួយ៉ាង លោក ស៊ឹម ចន្ថា​ជាដើម។ ដោយសារ​អង្គការ​បានបញ្ចប់​គម្រោង និង​ប្រាក់ខែ​មាន​ចំនួន​តិច ធ្វើ​ឲ្យ​លោក ស៊ឹម ចន្ថា សម្រេច​ធ្វើដំណើរ​ពី​ខេត្តកំពង់ចាម មករក​ស៊ី​រត់​រ៉ឺម៉ក​នៅ​ខេត្តសៀមរាប តាម​ការ​បបួល​ពី​មិត្តភក្តិ។ ការងារ​រត់​រ៉ឺម៉ក ជា​ការងារ​ឯករាជ្យ មាន​ពេល​សម្រាក​ច្រើន ហើយ​ដែល​អាច​រកចំណូលបាន​សមល្មម​នឹង​ចិញ្ចឹម​គ្រួសារ។ ការណ៍​នេះ​ទើប​ធ្វើ​ឲ្យ​លោក ចន្ថា មានការ​ស្ទាក់ស្ទើរ​នៅពេល​សួរថា តើ​លោក​មានបំណង​បោះបង់​អាជីព​នេះ​នៅពេលណា​នោះ។



លោក ស៊ឹម ចន្ថា គឺជា​អ្នករត់​រ៉ឺម៉ក​ប្រចាំ​នៅ​សណ្ឋាគារ​អប្សរា​អង្គរ ខេត្តសៀមរាប។ សព្វថ្ងៃ​លោក ចន្ថា មមាញឹក​ខ្លាំង​នឹង​ការងារ​រត់​រ៉ឺម៉ក​របស់លោក ព្រោះថា​ជា​ខែ​សម្បូរ​ភ្ញៀវ។ លោក​ចាប់ផ្តើម​ដឹក​ភ្ញៀវ​ពី​ម៉ោង៥ព្រលឹម រហូតដល់​ម៉ោង​ប្រមាណ៨យប់។ លោក ចន្ថា ទើបនឹង​ចាប់​អាជីព​ជា​អ្នករត់​រ៉ឺម៉ក​បាន​ជិត១ឆ្នាំ​ប៉ុណ្ណោះ ក្រោយពេល​លោក​បាន​ឈប់​ពី​ការងារ​អង្គការ​នៅ​ខេត្តកំពង់ចាម។

«មូលហេតុ​ដែល​ខ្ញុំ​ឈប់​ពី​អង្គការ ព្រោះ​គម្រោង​ដែល​ខ្ញុំ​កំពុង​ធ្វើ​នោះ បាន​ចប់។ ពេលនោះ មិត្តភក្តិ​ខ្ញុំ​បាន​បបួល​មករ​ត់​រ៉ឺម៉ក​នៅទីនេះ (សៀមរាប) ជាមួយ​គេ​ទៅ។ ពេលនោះ ខ្ញុំ​ក៏​សម្រេចចិត្ត ដោយ​ភាពស្ទាក់ស្ទើរ»។ នេះ​ជាការ​រៀបរាប់​របស់លោក ចន្ថា ដែល​និយាយថា លោក​ហាក់​មាន​ភាពស្ទាក់ស្ទើរ ព្រោះ​គិតថា ការងារ​អ្នករត់​រ៉ឺម៉ក ជាការ​ងារ​មួយ​ដែល​សង្គម មិនសូវ​ឲ្យ​តម្លៃ។

ទោះជា​យ៉ាងណាក៏ដោយ លោក ចន្ថា មិន​ខ្វល់​ពី​សំដី​អ្នកណា​និយាយ​នោះ សំខាន់​លោក​អាច​រកប្រាក់​បាន​ច្រើន។ ការងារ​រត់​រ៉ឺម៉ក​ជាការ​ងារ​ល្អ​សម្រាប់​លោក ចន្ថា។ ព្រោះថា​ការងារ​នេះ​ជា​ការងារ​ឯករាជ្យ មាន​ពេល​សម្រាក​គ្រប់គ្រាន់ និង​ជាពិសេស​អាច​រកចំណូលបាន​ច្រើន គួរសម​អាច​ចិញ្ចឹម​គ្រួសារ​របស់លោក ចន្ថា​បាន។ លោក ចន្ថា មាន​សប្បុរ​ស្រអែម រាង​ស្គម និង​កំពុង​អង្គុយ​ផ្អែកលើ​កៅអី​រ៉ឺម៉ក បាន​រៀបរាប់​បន្ថែមថា ក្នុង​មួយខែ​លោក​អាច​រកប្រាក់​បាន​ចន្លោះ​ពី៣០០ដុល្លារ ទៅ៥០០ដុល្លារ តាម​ខែ​ភ្ញៀវ​តិច​ភ្ញៀវ​ច្រើន តែ​លោក​អះអាងថា វា​សមល្មម​អាច​ចាយវាយ​ក្នុង​គ្រួសារ​លោក​បាន។

ដោយមាន​ពេល​សម្រាក​ច្រើន ព្រោះ​ភ្ញៀវ​ទើប​ចូលទៅក្នុង​ប្រាសាទបាយ័ន លោក ចន្ថា មាន​ពេល​អាច​រំលឹក​ពីបទ​ពិសោធន៍​មួយចំនួន​លោក អំឡុងពេល​ធ្វើការ​នៅក្នុង​អង្គការ​រយៈពេល៧ឆ្នាំ នៅ​ខេត្តកំពង់ចាម។ បុរស​កូន​មួយ​លោក ចន្ថា រៀបរាប់ថា លោក​បានបញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​នៅ​សកលវិទ្យា​ល័យ  ជា ស៊ីម កំចាយមា និង​បន្ទាប់មក ធ្លាប់ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស មុននឹង​ក្លាយជា​បុគ្គលិក​អង្គការ​ចំនួន៣កន្លែង ។ លោក​បាន​បង្រៀន​ពី​សិទ្ធិ​កុមារ បំ​និ​ន​ជីវិត អភិបាលកិច្ច​ល្អ និង​ដើរតួ​សម្របសម្រួល​នៅតាម​សហគមន៍​ជាដើម។ ក្រៅពីនោះ លោក​បាន​បង្រៀន​ពី​ការថែរក្សា​សុខភាព អនាម័យ ផ្នែក​កសិកម្ម និង​ធ្វើការ​ជាមួយ​គ្រូបង្រៀន​នៅតាម​សាលារៀន​នានា​ផង។

សម្ពាធ​នៅ​កន្លែង​ការងារ​ជា​រឿង​មួយ​សំខាន់ ដែល​ធ្វើ​ឲ្យ​លោក ចន្ថា នឹកគិត​មិន​ចង់​ត្រឡប់​ទៅធ្វើ​ការ​នៅ​កន្លែង​ដើម​វិញ (អង្គការ) ។ ក្រៅពីនេះ នៅមាន​ប្រាក់ខែ​តិច អាច​និយាយថា តិចជាង​ការងារ​រត់​រ៉ឺម៉ក ដែល​លោក​រកបាន​សព្វថ្ងៃនេះ​ទៅ។ លោក​បញ្ជាក់ថា៖« ៧ឆ្នាំ​ជាមួយ​អង្គការ ខ្ញុំ​ឆ្អែត​ហើយ ប្រាក់ខែ​នៅតែ២០០ដុល្លារ ៣០០ដុល្លារ។ បើ​ខ្ញុំ​រត់​រ៉ឺម៉ក​នៅទីនេះ សម្រាប់​ខែ​ហាយ ឫ​ខែ​សម្បូរ​ភ្ញៀវ​ចឹ​ង កាត់ថ្លៃ​ចាយវាយ​អស់ ខ្ញុំ​អាច​នៅសល់​បាន៣០០ ទៅ៥០០ដុល្លារ​ដែរ សម្រាប់​ផ្ញើ​ទៅ​អ្នកផ្ទះ ហើយ​ខែ​អត់​ភ្ញៀវ ក៏​ខ្ញុំ​អាច​រកបាន២០០ ទៅ៣០០ដែរ»។ លោក ចន្ថា បន្ថែមថា រត់​រ៉ឺម៉ក់ ជា​ការងារ​ងាយស្រួល ប្រសិន​ណា​ចេះ​ភាសា​អង់គ្លេស ហើយ​មាន​ទំនាក់ទំនង​ល្អ​នឹង​ភ្ញៀវ អ្នករត់​រ៉ឺម៉ក់​អាច​បាន​លុយ​ថី​ប​ពី​ភ្ញៀវ​បាន​ច្រើន។

បច្ចុប្បន្ន លោក ចន្ថា រស់នៅក្នុង​ផ្ទះជួល​ជាមួយ​មិត្តភក្តិ មាន​ទីតាំងនៅ​ជិត​ផ្សារលើ ខេត្តសៀមរាប។ ក្នុង​មួយខែ លោក​បង់​លើផ្ទះ​ជួល​ចំនួន៤០ដុល្លារ និង​ទឹក​ភ្លើង​ចំនួន១០ដុល្លារ​ផ្សេងទៀត។ ក្រៅពីនេះ លោក​ត្រូវ​ចាយវាយ​ខាងក្រៅ ដូចជា​ចាក់​សាំង និង​ហូបបាយ សរុប​ក្នុង​មួយខែ​លោក ចំនាយ​អស់​ជិត២០០ដុល្លារ។


ទោះ​បច្ចុប្បន្ន លោក ចន្ថា ពេញចិត្ត​ខ្លាំង​នឹង​ការងារ​រត់​រ៉ឺម៉ក​របស់លោក​យ៉ាងណាក្តី តែ​លោក​អះអាងថា ទៅ​ថ្ងៃក្រោយ​បើ​លោក​មាន​ឳ​កាស​នោះ លោក​ចង់​ក្លាយជា​មគ្គុទ្ទេសក៍​ទេសចរណ៍ ឫ​ក៏​ត្រឡប់​ទៅធ្វើ​ការ​នៅតាម​អង្គការ​វិញ ប្រសិន​ណា​ការងារ​ទាំងនោះ អាចមាន​ប្រាក់​បៀរ​វត្សរ៍​ប្រហាក់ប្រហែល​នឹង​រត់​រ៉ឺម៉ក។ បុរស​វ័យ៣២ឆ្នាំ​លោក ចន្ថា បញ្ជាក់ថា លោក​មានបទពិសោធន៍​ពេញលេញ សម្រាប់​វិល​ទៅធ្វើ​ការ​នៅ​អង្គការ និង​សមត្ថភាព​ភាសា​អង់គ្លេស ដែល​លោក​មាន​ស្រាប់ គឺ​លោក​មានជំនឿថា អាចធ្វើ​ការ​ជា​មគ្គុទ្ទេសក៍​មួយរូប​បាន៕





 






© រក្សាសិទ្ធិដោយ thmeythmey.com