ជាតិ
សង្គមជាតិ
NBTC ប្រមូលបាន​ឈាម​បរិច្ចាគ​ជាង៥ម៉ឺន២ពាន់​ប្លោក​នៅ​ឆ្នាំ២០១៤
22, Jan 2015 , 10:34 am        
រូបភាព
នៅក្នុង​ឆ្នាំ២០១៤កន្លងទៅ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម(NBTC) ប្រមូលបាន​ឈាម​បរិច្ចាគ​សរុប​ចំនួន៥២,៨៦៧ប្លោក នៅ​ទូទាំងប្រទេស ក្នុងនោះ​ឈាម​ដែល​បរិច្ចាគ​តាម​ការស្ម័គ្រចិត្ត​មាន​ចំនួន ១៧,៧៩០ប្លោក ស្នើ​នឹង៣៨ភាគរយ នៃ​ឈាម​ដែល​ប្រមូលបាន។ ដោយឡែក​នៅ​ទីក្រុង​ភ្នំពេញ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ប្រមូលបាន​ឈាម​បរិច្ចាគ​សរុប​ចំនួន៣២,៦៤៨ប្លោក ក្នុងនោះ​ឈាម​ដែល​បរិច្ចាគ​តាម​ការស្ម័គ្រចិត្ត​មាន​ចំនួន ១២,៣៤៦ប្លោក ស្នើ​នឹង៣៤ភាគរយ​នៃ​ឈាម​ដែល​បរិច្ចាគ​សរុប។ នេះ​បើ​យោងតាម កញ្ញា អ៊ូ បា​ណុង មន្ត្រី​ទំនាក់ទំនង​សាធារណៈ នៃ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម។



កញ្ញា អ៊ូ បា​ណុង បាន​ប្រាប់​សារព័ត៌មានថ្មីៗឲ្យ​ដឹង​ទៀតថា នៅ​ឆ្នាំ២០១៥នេះ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម នឹង​ប្រមូលបាន​ឈាម​ដែលជា​ការបរិច្ចាគ​ដោយ​ស្ម័គ្រចិត្ត​ពី​សប្បុរសជន ឲ្យ​បាន​ច្រើនជាង៥០ភាគរយ នៃ​ឈាម​ដែល​ប្រមូលបាន​សរុប ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ឈាម​នៅក្នុង​ប្រទេស។

បើតាម​ន្ត្រី​ទំនាក់ទំនង​សាធារណៈ នៃ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ដដែល ដើម្បីឱ្យ​ការប្រមូល​ឈាម​បាន​តាម​ផែនការ​គ្រោងទុក មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម នឹង​បង្កើន​យុទ្ធនា​ការអប់រំ​ផ្សព្វផ្សាយ នៅតាម​សាកលវិទ្យាល័យ អង្គការ និង​នៅតាម​មូលដ្ឋាន ដោយ​ជំរុញ​យុវជន​ឱ្យមក​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រ​ចិត្តជា​ទៀងទាត់ និង​ច្រើនដង ជាពិសេស មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ក៏​ស្នើសុំ​ទៅដល់ ជាពិសេស​ក្រសួង និង​ស្ថាប័នរដ្ឋ ត្រូវ​ចូលរួម​បរិច្ចាគ​ឲ្យ​បាន​ច្រើនជាង​នេះ​បន្ថែមទៀត។

ឈាម​ដែល​ប្រមូលបាន​ពី​សប្បុរសជន មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម បានធ្វើ​ការបែងចែក ទៅឱ្យ​មន្ទីរពេទ្យ​នានា ដើម្បី​សង្គ្រោះ​ជីវិត​អ្នកជំងឺ​ដែល​ត្រូវការ​ឈាម ដូច​ជាការ​សម្រាលកូន អ្នក​គ្រោះថ្នាក់​ចរាចរណ៍ និង​អ្នក​ដែល​ត្រូវ​ការវះកាត់​ជាដើម។ បច្ចុប្បន្ន​ការបរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​មាន​ចំនួន​ត្រឹម៣៥ភាគរយ ប៉ុណ្ណោះ​ចំណែក៦៥ភាគរយ​ទៀត​ជាការ​ដោះដូរ​អំណោយ​ឈាម​តាមរយៈ​សាច់ញាតិ​អ្នកជំងឺ ខណៈដែល​កម្ពុជា​ត្រូវការ​ឈាម​ចំនួន១៥០ប្លោក​ក្នុង​មួយថ្ងៃ ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស៕


© រក្សាសិទ្ធិដោយ thmeythmey.com