ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេបក្ស​ប្រឆាំង​ជំរុញ​ឲ្យ​បន្ដ​វែកមុខ​ជនល្មើស​ជូន​លោក​ជា វិជ្ជា
22, Jan 2015 , 11:22 am        
រូបភាព
លោក សម រង្ស៊ី និង លោក កឹម សុខា ប្រធាន​និង អនុប្រធាន​បក្សប្រឆាំង នៅតែ​ជំរុញ​ទាមទារ​ឲ្យ​តុលាការ​បន្ដ​ការស្វែងរក​ឃាតករ​សម្លាប់​លោក ជា វិ​ជា្ជ ដើម្បី​រក​យុត្តិធម៌​ជូន​រូបលោក និង​គ្រួសារ។ ការជំរុញ​នេះ គឺធ្វើឡើង​នៅក្នុង​ពិធី​បង្សុកូល​គម្រប់​ខួប១១ឆ្នាំ នៃ​ការស្លាប់​របស់លោក ជា វិជ្ជា នៅ​ថ្ងៃទី ២២ មករា​នេះ ។



ប្រធាន​បក្សប្រឆាំង លោក សម រង្ស៊ី បាន​ជំរុញ​ឲ្យ​មាន​បើក​ការស៊ើបអង្កេត និង​ចាត់វិធានការ​ដោយ​តុលាការ​ឯករាជ្យ​មួយ ដើម្បី​រក​ជនដៃដល់​ដែល​សម្លាប់​លោក ជា វិជ្ជា ស្វែងរក​យុត្តិធម៌​ជូន​រូបលោក។ លោក​បន្ថែមថា ៖«យើង​ជំរុញ​ឲ្យ​មានការ​ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ។ បើ​ទោះ​មានការ​សម្លាប់​យូរ​ឆ្នាំ​មកហើយ យើង​មិនអាច​បំភ្លេច​ភាពឃោរឃៅ​អមនុស្សធម៌​មកលើ​ជនរងគ្រោះ​ស្លូតត្រង់។ ដូច្នេះ​យើង​ត្រូវតែ​ជំរុញ​ឲ្យ​មានការ​ស៊ើបអង្កេត ចាត់ការ​ពី​សំណាក់​តុលាការ​ឯករាជ្យ។ ថ្ងៃ​ណាមួយ​យុត្តិធម៌​ នឹង​មាន​ដល់​​ជនរងគ្រោះ​យកមក​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់»។

លោក កឹម សុខា អនុប្រធាន​បក្សប្រឆាំង ក៏​ជំរុញ​ឲ្យ​មានការ​បន្ដ​រក​យុត្តិធម៌​ជូន​ការស្លាប់​របស់លោក ជា វិជ្ជា​ផងដែរ ដោយ​លោក​ថា​ភាពយុត្តិធម៌​នឹង​កើតមាន​ចំពោះ​លោក ជា វិជ្ជា និង​គ្រួសារ​លោក​នៅ​ថ្ងៃ​ណាមួយ​ជាក់​ជាមិនខាន។ «យើង​ជឿជាក់ថា​ភាពយុត្តិធម៌​ជូន​លោក ជា វិជ្ជា នៅ​ថ្ងៃ​ណាមួយ​យើង​នឹង​រកបាន​មិន​ខាន ដូច្នេះ​សូម​បងប្អូន​ទាំងអស់​បន្ដ​ជាមួយ​យើងខ្ញុំ បន្ត​តាមដាន​រក​យុត្តិធម៌​ជូន​លោក ជា វិជ្ជា ឲ្យ​បានជា​ដាច់ខាត»។ នេះ​ជាការ​អះអាង​របស់លោក កឹម សុខា។

លោក ជា មុន្នី ប្រធាន​សហជីព​សេរី​កម្មករ​និង​ត្រូវជា​ប្អូនបង្កើត​របស់លោក ជា វិជ្ជា​បានប្រកាសថា រូបលោក​នៅតែ​ទាមទា​ឲ្យ​តុលា​ការបន្ដ​ស្វែងរក​ឃាតករ​សម្លាប់​លោក ជា វិជ្ជា ដើម្បី​រក​យុត្តិធម៌​ជូន​បងប្រុស​លោក​ដដែល។ ប្រធាន​សហជីព​រូបនេះ​បន្ថែមថា៖«ខ្ញុំ​មិន​ទម្លាក់ចោល​ការទាមទា​នោះទេ។ ខ្ញុំ​នៅតែ​ទាមទារ​ឲ្យ​តុលាការ​ស្វែង​អ្នក​សម្លាប់​បង​ខ្ញុំ ដើម្បី​រក​យុត្តិធម៌​ជូន​គាត់។ ខ្ញុំ​នឹង​ព្យាយាម​ទាមទារ​ដដែល»។

អ្នកចូលរួម​នៅក្នុង​ពិធី​បង្សុកូល​គម្រប់​ខួប១១ឆ្នាំ នៃ​ការស្លាប់​របស់លោក ជា វិជ្ជា នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ មាន​ចំនួន​ជាង២០០នាក់ ក្នុងនោះ​មាន​ថ្នាក់ដឹកនាំ​សហជីព អ្នកនយោបាយ សកម្មជន​សិទ្ធិមនុស្ស និង​ប្រជាពលរដ្ឋ​ផងដែរ។លោក ជា វិជ្ជា ត្រូវបាន​ខ្មាំង​កាំភ្លើង​បាញ់សម្លាប់​នៅក្បែរ​តូប​លក់​កាសែត​មួយកន្លែង ស្ថិតនៅ​ម្ដុំ​ក្បែរ​វត្ត​លង្ការ កាលពី​ថ្ងៃទី២២ មករា ឆ្នាំ២០០៤ កន្លងទៅ ខណៈដែល​រូបលោក​កំពុង​អង្គុយ​អាន​កាសែត​នៅ​ទីនោះ៕


© រក្សាសិទ្ធិដោយ thmeythmey.com