ជាតិ
សង្គមជាតិ
ពលរដ្ឋ​កម្ពុជា នឹងមាន​អគ្គិសនី​ប្រើប្រាស់​គ្រប់គ្នា​នៅ​ឆ្នាំ២០២០
22, Jan 2015 , 7:00 pm        
រូបភាព
អាជ្ញាធរ​អគ្គិសនី​កម្ពុជា នឹង​ពង្រីក​ដែន​ផ្គត់ផ្គង់​អគ្គិសនី​ទៅ​ទីជនបទ​ដាច់ស្រយាល​ឲ្យ​បាន១០០ភាគរយ​នៅ​ឆ្នាំ២០២។ ការជំរុញ​ការ​ផ្គត់​ផ្គត់​ថាមពល​អគ្គិសនី ទៅកាន់​ភូមិផ្សេងៗនៅ​ជនបទ​នេះ គឺ​ដើម្បី​ធ្វើឱ្យ​ប្រជាពលរដ្ឋ បានរស់នៅ​ក្នុងស្ថានភាព​កាន់តែ​ប្រសើរ និង​អា​ចព​ន្លឿ​ន​កំណើនសេដ្ឋកិច្ច​ផងដែរ តាមរយៈ​មាន​អគ្គិសនី​ប្រើប្រាស់​គ្រប់គ្រាន់ និង​មានតម្លៃ​សមរម្យ។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី លោក ទី ថា​នី នាយក​ប្រតិបត្តិ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា។



ថ្លែង​នៅក្នុង​សន្និបាត​បូកសរុប​ការងារ​អគ្គិសនី​ជនបទ កាលពី​ថ្ងៃទី២១ ខែមករា នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា លោក ទី ថា​នី បាន​មានប្រសាសន៍​បន្ថែមទៀត​ថា៖« ដើម្បី​ឈានទៅ​សម្រេចបាន​តាម​ផែន ការ នៅ​ឆ្នាំ២០១៥នេះ រាជរដ្ឋាភិបាល​នឹង​ជំរុញ​ការពង្រីក ទៅកាន់​ភូមិផ្សេងៗទៀត ឱ្យបាន​ចំនួន១៥ភាគរយ​បន្ថែមទៀត ក្នុងចំណោម​ភូមិ​ជាង ៣.០០០ភូមិ ដែល​កំពុងអភិវឌ្ឍន៍​ត​ភ្ជាប់​បណ្តាញ​អគ្គិសនី»។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋ​ជាង១,៣លាន​ខ្នង​ផ្ទះ​នៅ​ទូទាំងប្រទេស កំពុង​ប្រើប្រាស់​អគ្គិសនី ដោយឡែក​ភូមិ​ដែល​ទទួលបាន​អគ្គិសនី​ប្រើប្រាស់​រួចហើយ គឺមាន​ចំនួន៨.៤៨៩ភូមិ ស្មើនឹង​ជាង៦០% ភូមិ ដែល​កំពុង​រៀបចំ​ភ្ជាប់​បណ្តាញ​អគ្គិសនី មាន​ចំនួន​ជាង៣.០០០ភូមិ ស្មើនឹង​ជាង២៥% និង​ភូមិ​ដែល​មិនទាន់មាន​អគ្គិសនី​ទៅដល់​ទាំងស្រុង​មាន២.១៦៨ភូមិ ស្មើនឹង១៥%។

យោងតាម​បទ​បង្ហាញ​របស់​ក្រសួង​រ៉ែ និង​ថាមពល បានឱ្យដឹងថា​នៅ​ឆ្នាំ២០១៧ កម្ពុជា​មិន​ខ្វះ​អគ្គិសនី​ប្រើប្រាស់​ទៀតឡើយ ព្រោះ​បច្ចុប្បន្ន​កម្ពុជា​ទទួលបាន​ប្រភព​ថាមពល​អគ្គិសនី​ពី​ស្ថានីយ​វា​រី​អគ្គិសនី​ជាច្រើន​កន្លែង រួមជាមួយ​នឹង​ថាមពល​អគ្គិសនី បាន​ពី​ការប្រើប្រាស់​ធ្យូងថ្ម​ទៀតផង។ ជាមួយគ្នា​នោះ រាជរដ្ឋាភិបាល​ក៏បាន​ចុះ​កិច្ចព្រមព្រៀង និង​កំពុង​សិក្សា​គម្រោង​បង្កើត​ស្ថានីយ​វា​រី​អគ្គិសនី​ជាង២០គម្រោង បន្ថែមទៀត ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក និង​ក្រុមហ៊ុន​បរទេស៕



© រក្សាសិទ្ធិដោយ thmeythmey.com