ជាតិ
កម្ពុជា​ធ្វើតាម​សំណើរ​កូរ៉េខាងជើង​ក្នុង​ការ​ទប់ស្កាត់​ការផ្សព្វផ្សាយ​រឿង The Interview
25, Jan 2015 , 11:19 am        
រូបភាព
ដោយ: រួបរួម
កម្ពុជា​ក្នុងនាម​ជា​ប្រទេស​អាស៊ាន​ដែលមាន​ចំណង​ការទូត​យូរ​ជាងគេ​ជាមួយ​កូរ៉េខាងជើង បាន​យល់ព្រម​តាម​សំណើរ​ក្រុង​ព្យុងយ៉ាង​ក្នុងការ​ទប់ស្កាត់​ការផ្សព្វផ្សាយ​រឿង The Interview។ The Interview ដែល​ផលិត​ដោយ​ក្រុមហ៊ុន Sony Pictures ត្រូវបាន​ចាត់ទុកថា ជា​ខ្សែភាពយន្ត​ដែល​ប្រមាថ​ដល់​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គឺ​លោក គឹម ជុង​អ៊ុន។



ក្រោយ​ទទួលបាន​កំណត់​ទូត​តវ៉ា​ពី​ស្ថានទូត​កូរ៉េខាងជើង កាលពី​ថ្ងៃទី៨ ខែមករា លោក ឡុង វិ​សា​លោ រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​សុំ​កិច្ចសហការ​ពី​សំណាក់​ក្រសួង​ព័ត៌មាន និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដើម្បី​ចាត់វិធានការ​ទប់ស្កាត់​ការផ្សព្វផ្សាយ​រឿង The Interview។

ទោះបីជា​យ៉ាងណាក៏ដោយ ពលរដ្ឋ​ខ្មែរ​មួយចំនួន​បាន​ទស្សនា​រឿងនេះ​រួចហើយ​តាម​បណ្តាញ​អ៊ី​ន​ធ័​រ​ណិ​ត។ បន្ថែម​ពីលើ​នេះ គេ​សង្កេតឃើញ​មានការ​ថតចម្លង​ពី​អ៊ី​ន​ធ័​រ​ណិ​ត និង​ដាក់លក់​ចែកចាយ​នៅ​ទីផ្សា​មួយចំនួន​នៅ​កម្ពុជា។  ភាគី​កូរ៉េ​ចាត់ទុក​សកម្មភាព​នេះ ជាការ​ឃុបឃិត​មួយ​ដោយ​កម្លាំង​អមិត្ត​នាំ​ឲ្យ​បែកបាក់​ដល់​ទំនាក់ទំនង​ប្រទេស​ទាំងពីរ។

លោក ឡុង វិ​សោ​លា បានសរសេរថា៖ «ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ​នៅ​ភ្នំពេញ ស្នើ​កម្ពុជា​ចាត់វិធានការ​បញ្ឈប់​ការលក់​ខ្សែភាពយន្ត​នេះ និង​ស្នើ​កុំ​ឲ្យ​មានការ​ចាក់ផ្សាយ​នៅតាម​ស្ថានីយ៍ទូរទស្សន៍ ឬ​ការចាក់​បញ្ចាំង​តាម​រោងភាពយន្ត​នៅ​កម្ពុជា»៕



© រក្សាសិទ្ធិដោយ thmeythmey.com