ជាតិ
​​​ន​យោ​បាយ​ជាតិ​
អាមេរិក៖ វិនិយោគិន​បរទេស​នឹង​ជ្រើសរើស​កម្ពុជា បើ​តុលាកា​ត្រូវបាន​ជឿជាក់
28, Jan 2015 , 2:04 pm        
រូបភាព
លោក Daniel Russel ជំនួយ​ការ​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ប្រចាំ​តំបន់​អាស៊ី​ខាងកើត និង​អាស៊ី​ប៉ាស៊ីហ្វិក
លោក Daniel Russel ជំនួយ​ការ​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ប្រចាំ​តំបន់​អាស៊ី​ខាងកើត និង​អាស៊ី​ប៉ាស៊ីហ្វិក
ជំនួយការ​នៃ​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក ដា​នី​ល រ៉ា​សែ​ល (Daniel Russel) បានប្រកាស​បង្ហាញ​ជំហរ​របស់​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន ក្នុងការ​បន្តធ្វើ​ការងា​រ​ជាមួយ​គ្រប់ភាគី​នៅ​កម្ពុជា​ក្នុង​បុព្វហេតុ​នៃ​កំណែទម្រង់ ដើម្បី​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កំពុង​អភិវឌ្ឍ​មួយ​នេះ។ មន្ត្រីការទូត​របស់​អា​មេ​រិ​ក ថ្លែង​យ៉ាងនេះ​នៅក្នុង​សន្និសីទកាសែត​មួយ​នៅ​ល្ងាច​ថ្ងៃទី២៧មករា ដែល​ត្រូវ​បានរៀបចំ​នៅក្នុង​ស្ថានទូត​អាមេរិក។


គោលដៅ​នៃ​ទស្សនកិច្ច​របស់​ជំនួយការ​រ​របស់​ប្រមុខ​ការទូត​អាមេរិក លោក ដា​នី​ល រ៉ា​សែ​ល (Daniel Russel) គឺ​ការពង្រឹង​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​ក្នុង​ក្របខណ្ឌ​ទ្វេភាគី​ផង និង​ក្នុង​ក្របខណ្ឌ​អាស៊ាន​ជារួម​ផង។ របៀបវារៈ​សេដ្ឋកិច្ច​បានជា​ក្លាយជា​ប្រធានបទ​សំខាន់​មួយ​ដែរ ដែល​មន្ត្រីការទូត​អាមេរិក​បានលើកឡើង​ជា​មួយ​មន្ត្រី​រដ្ឋាភិបាល​ក​ម្ពុ​ជា។ នៅក្នុង​សន្និសីទកាសែត លោក Daniel Russel បាន​អធិប្បាយ​ថា អនាគត​ដ៏​រុងរឿង​របស់​កម្ពុជា អាស្រ័យ​លើក​ត្តាសំខាន់ៗមួយចំនួន​ដែលជា​ហេដ្ឋារចនាសម្ព័ន្ធ​រឹងមាំ​នៃ​ស្ថាប័នរដ្ឋ​របស់​ប្រទេស​នេះ។ លោក Russel បាន​និយាយ​ផ្តោត​សំខាន់​ទៅលើ​កត្តា​អភិបាលកិច្ច និង​ឱកាស​អប់រំ​ចំពោះ​យុវជន។

លោក​មន្ត្រី​ទូត​នៃ​ក្រសួងការបរទេស​អាមេរិក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖«វិនិយោគិន​បរទេស​នឹង​ជ្រើសរើស​ប្រទេស​កម្ពុជា ប្រសិនបើ​តុលាការ ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​ច្បាប់​ត្រូវបាន​ជឿជាក់។ វិនិយោគិន​ត្រូវការ​ជឿជាក់ថា កិច្ចសន្យា​វិនិយោគ​ត្រូវបាន​អនុវត្ត នីតិរដ្ឋ​ត្រូវបាន​លើកតម្កើង និង​អំពើពុករលួយ​ត្រូវ​ហាមឃាត់»។ លោក Daniel Russel បន្តថា៖«ភាគច្រើន​នៃ​ពលរដ្ឋ​កម្ពុ​ជាមាន​អាយុ​ក្រោម៣០ឆ្នាំ។ តួលេខ​នេះ​នឹង​ក្លាយទៅជា​កាលានុវត្តភាព​មួយ ដរាបណា​ពលរដ្ឋ​វ័យក្មេង​អាច​មានឱកាស​ទទួលបាន​ការអប់រំ»។

ទាក់ទង​នឹង​ការពង្រីក​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ដដែល លោក​ជំនួយការ​ប្រមុខ​ការទូត​អាមេរិក​បាន​រម្លឹក​ឡើង​វិញ​អំពី​ជំហរ​អាមេរិក​ដែល​ព្យាយាម​ធ្វើការ​ជាមួយ​ផ្នែក​វិស័យ​ឯកជន និង​រដ្ឋាភិបាល​របស់​កម្ពុជា តាមរយៈ​លោក​ឯកអគ្គរដ្ឋទូត​អាមេរិក វីល្លាម ថ​ត់ (William E. Todd)។ «វា​មាន​សារៈសំខាន់​ដែល​វិនិយោគិន​ខ្មែរ និង​បរទេស​មាន​ទំនុកចិត្ត​លើ​ប្រព័ន្ធតុលាការ និង​ការអនុវត្ត​ច្បាប់​ស្មើ​សិទ្ធិ​គ្នា​នៅ​កម្ពុជា។ ទាំងនេះ​គឺជា​លក្ខខណ្ឌ​ស្នូល​នៃ​កំណើនសេដ្ឋកិច្ច»។ នេះ​ជា​អនុសាសន៍​របស់លោក Daniel Russel ដោយបាន​បញ្ជាក់បន្ថែម​ថា  យុទ្ធសាស្ត្រ​របស់​សហរ​ដ្ឋ​អាមេរិក​នៅក្នុង​តំបន់​ត្រូវធ្វើ​ឡើងលើ​មូលដ្ឋាន​នៃ​ចំណងទាក់ទង​ទ្វេភាគី និង​ការគាំទ្រ​របស់​អាមេរិក​ទៅលើ​អាស៊ាន៕




© រក្សាសិទ្ធិដោយ thmeythmey.com