ជាតិ
សង្គមជាតិ
បទល្មើស​សេដ្ឋកិច្ច​ជាង៥០០ករណី ត្រូវបាន​បង្ក្រាប​នៅ​ឆ្នាំ២០១៤
29, Jan 2015 , 8:10 am        
រូបភាព
នៅក្នុង​ឆ្នាំ២០១៤ នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ក្រសួងមហាផ្ទៃ បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច​បាន​ជាង៥០០ករណី នៅ​ទូទាំងប្រទេស។ បទល្មើស​ទាំងនោះ រួមមាន​បទល្មើស​ព្រៃឈើ បទល្មើស​ជលផល បទល្មើស​កម្មសិទ្ធិបញ្ញា បទល្មើស​គេចពន្ធ​ទំនិញ​ខុសច្បាប់ ដែលមាន​ទំនិញ​ក្លែងក្លាយ ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ជាដើម។



ដោយឡែក សម្រាប់​ឆ្នាំ២០១៥នេះ នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នឹងមាន​ផែនការ​បង្កើន​ការចុះអនុវត្ត​កិច្ច​សហ​ប្រ​ត្តិ​ការបង្ក្រាប ទប់ស្កាត់​បទល្មើស​ទាំង​នេះ ដើម្បី​ចៀសវាង​ផលប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់។ នេះ​បើតាម​ការបញ្ជាក់ របស់ លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ។

លោក នេ​ត សារឿន ក៏បាន​ជំរុញ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​បង្កើន​ការយកចិត្តទុកដាក់​ប​ន្ថែ​ម​ទៀត ដើម្បី​ទប់ស្កាត់​ការធ្វើ​ចរាចរណ៍​នូវ​ទំនិញគេចពន្ធ​ខុសច្បាប់ និង​ទំនិញ​ក្លែងក្លាយ​ទាំងអស់នេះ ដែល​អាច​បង្ក​ឲ្យ​មាន​អន្តរាយ​ដល់​សង្គមជាតិ​ទាំងមូល។

សូម​រំលឹកថា កាលពី​ថ្ងៃទី២០ ខែមករា​កន្លងទៅថ្មីៗនេះ សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​ចុះបង្ក្រាប​ទីតាំង​ផលិត​កាហ្វេ​ក្លែងក្លាយ​មួយកន្លែង​នៅ​ចំណុច​ភូមិ​បន្លា​ស្អិត​សង្កាត់​ឃ្មួញ​ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ។ នៅក្នុង​ប្រតិបត្តិការ​នោះ សមត្ថកិច្ច​ឃាត់ខ្លួន បាន​ជនសង្ស័យ​ចំនួន៤នាក់ និង​រឹបអូស​បាន​វត្ថុតាង​ជាច្រើន រួមមាន​សារធាតុ​គីមី​ចំនួន​ជិត២០មុខ​និង​វត្ថុធាតុដើម​មាន​សណ្ដែក​សៀង​គ្រាប់ពោត​អំបិល​ស្ករស​ស្ករត្នោត​ខ្ទិះដូង​សរុប  ទម្ងន់៣៤,៩៤១តោន។

តែ​យ៉ាងណាក៏ដោយ ជនសង្ស័យ​ចំនួន៤នាក់​នោះ ត្រូវបាន​តំណាង​អយ្យការ លោក​តុ​ប ឈុន​ឡុង ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​កាលពីពេលថ្មីៗនេះ។ចំពោះ​ការដោះលែង​ជនសង្ស័យ​ទាំង៤នាក់​ខាងលើនេះ នៅ​មិនទាន់មាន​ការបញ្ជាក់​ព័ត៌មាន​ច្បាស់លាស់​ណាមួយ​ពី​លោក​តុ​ប ឈុន​ឡុង ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅឡើយ​នោះទេ៕


© រក្សាសិទ្ធិដោយ thmeythmey.com