ជាតិ
សេដ្ឋកិច្ច
សមាគម​​អ្នក​វាយ​តម្លៃ ​និង​​ភ្នាក់​ងារ​​អចលន​វត្ថុ​​កម្ពុជា​​បោះ​ឆ្នោត​​ជ្រើស​​ប្រធាន​​ក្នុង​​អាណត្តិ​​ទី​៤​
31, Jan 2015 , 2:31 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ នៅ​រសៀល​ថ្ងៃទី៣០ ម្សិលមិញ​នេះ តំណាង​សមាជិក​មកពី​ជាង ៤០ ក្រុមហ៊ុន​ក្នុង សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​បោះឆ្នោត​ជ្រើសរើស លោក សុខ ប៊ុន ធ្វើជា​ប្រធាន​សមាគម និង លោក គុយ វ៉ាត ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល នៅក្នុង​អាណត្តិ​ទី៤ ។



នៅក្នុង​ពិធី​បើក​មហាសន្និបាត​បូកសរុប​ការងារ និង​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ​របស់ សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅក្នុង សណ្ឋាគារ​កាំបូឌី​ណា នៅ​ថ្ងៃទី៣០ ម្សិលមិញ​នេះ លោក សុខ ប៊ុន ប្រធាន​ក្រុមហ៊ុន​អចល​ទ្រព្យ ECG ធ្វើជា​ប្រធាន​សមាគម ហើយ លោក គុយ វ៉ាត អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ វី​ត្រាស់ (VTrust Property) ធ្វើជា​ប្រធាន​ក្រុមប្រឹក្សាភិបាល នៅក្នុង​អាណត្តិ​ទី៤ ។

ការបោះឆ្នោត​សម្ងាត់​នេះ ធ្វើឡើង​ដោយមាន​ការចូលរួម​ពី​សំណាក់​សមាជិក នៃ​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុ​ជាជាង ៤០ក្រុមហ៊ុន​ផងដែរ។
ពិធី​ដែលមាន​ការចូលរួម​ធ្វើ​សាក្សី​ពី​តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ក្រសួង​ឧស្សាហកម្ម និង​រ៉ែ​នោះ ក្នុងនាម​ជា​ប្រធាន​សមាគម​ក្នុង​អាណត្តិ​ថ្មី លោក សុខ ប៊ុន បាន​ប្តេជ្ញា​ថា លោក​នឹង​បន្ត​បង្កើន​ការសហការ​ជាមួយ​សមាជិក​ទាំងអស់ ដើម្បី​បង្កើន​ការទទួលស្គាល់  និង​ប្រើប្រាស់​សេវា​វិជ្ជាជីវៈ​អ្នកវាយតម្លៃ និង​ភ្នា​កក់​ងារ​អចលនវត្ថុ។ ជាពិសេស លោក​សង្កត់ធ្ងន់ថា លោក​នឹង​ទាក់ទាញ​ដៃ​គួរ​វិនិយោគ​បរទេស​មក​ចូលរួម ពង្រឹងសមត្ថភាព​អាជីវកម្ម និង​ជំនាញ​វិជ្ជាជីវៈ​របស់​សមាគម​ទៀតផង។

ដោយឡែក លោក គុយ វ៉ាត ប្រធាន​ក្រុមប្រឹក្សាភិបាល បាន​ថ្លែងថា លោក​រីករាយ​នឹង​ការទទួលបាន​សំឡេងគាំទ្រ ហើយ​លោក​នឹង​ដឹកនាំ​សមាគម​ឲ្យ​និរន្ត​ភាព ដើ​ម្ប​ចូលរួម​លើកកម្ពស់​សុវត្ថិភាព​ស​ង្គ​ម​ក្នុង​វិស័យ​អចលនវត្ថុ​នេះ​ផងដែរ។

ជាមួយគ្នានេះដែរ លោក ជឹម ចរណៃ ទីប្រឹក្សា​សមាគម បាន​ប្រាប់​ពី​បេសកកម្ម​នៃ​សមាគម យ៉ាង​ដូច្នេះ​ថា សមាគម​មាន​បេសកកម្ម​បម្រើ​សមាជិក​ទាំងអស់​ដោយ​ជួយ​ឲ្យ​ពួកគេ​ទទួល បាន​ឱកាស និង​អត្ថប្រយោជន៍​ប្រកួតប្រជែង​ទីផ្សារ​អចលវត្ថុ​នៅក្នុង​ប្រទេស​កម្ពុជា តាមរយៈ​ការពង្រឹង​គុណភាព​ជំនាញ​វិជ្ជាជីវៈ ការលើកកម្ពស់​ក្រមសីលធម៌ សុចរិត​ភាព គណនេយ្យភាព តស៊ូ​មតិ និង​ការពង្រីក​តម្រូវការ​ទីផ្សារ​អចលនវត្ថុ។

ដើម្បី​ឲ្យ​ការគ្រប់គ្រង​សមាគម​កាន់តែ​ល្អប្រសើរ លោក​បាន​ឲ្យ​ដឹងថា សមាគម​បានចែង​រចនា សម្ព័ន្ធ​ពីរ​គឺ រចនាសម្ព័ន្ធ​អភិបាលកិច្ច និង​រចនាសម្ព័ន្ធ​ប្រតិបត្តិ។ លោក​បន្តថា រចនាសម្ព័ន្ធ​អភិបាលកិច្ច រួមមាន ប្រធាន​ក្រុមប្រឹក្សាភិបាល​មួយរូប អនុប្រធាន​មួយរូប ហិ​រ​ញ្ញិ​ក​មួយរូប លេខាធិការ​មួយរូប និង​សមាជិក​ប្រាំ​ពីររូប។ រីឯ​រចនាសម្ព័ន្ធ​ប្រតិបត្តិ រួមមាន ប្រធាន​សមាគម​មួយរូប ទីប្រឹក្សា​មួយរូប និង​នាយក​លេខាធិការដ្ឋាន​ដែល​ទទួលបន្ទុក​ផ្នែក រដ្ឋបាល ផ្នែក​ហិរញ្ញវត្ថុ ផ្នែក​បណ្តុះបណ្តាល ផ្នែក​ព័ត៌មាន និង​ទំនាក់ទំនង​ទីផ្សារ​ចំនួន​មួយរូប​ផងដែរ។

បើតាម​ទីប្រឹក្សា​សមាគម​ដដែល ក្រុមប្រឹក្សាភិបាល​សមាគម​មាន​ចំនួន​អា​ណិ​ត្ត ២ឆ្នាំ ហើយ​ចំនួន​កូរ៉ុម​ដែល​អាច​បើក​កិច្ចប្រជុំ​មាន ២ភាគ៣ នៃ​សមាជិក​ទាំងអស់។ ហើយ​រាល់​ការសម្រេចចិត្ត​របស់​ក្រុមប្រឹក្សាភិបាល​ធ្វើឡើង​តាមរយៈ​ការប្រជុំ ដែល​អនុម័ត ដោយ​សំឡេង​ភាគច្រើន​ដាច់ខាត ៥០បូក១ ។

គួរបញ្ជាក់​ផងដែរ​ថា សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ត្រូវបាន​បង្កើតឡើង ដោយ​ចុះ បញ្ជី​ក្នុង​ក្រសួងមហាផ្ទៃ​នៅ​ឆ្នាំ ២០០៨ ។ សមាគម​ក៏បាន​ចូល​ជា​សមាជិក​នៃ​អ្នក វាយតម្លៃ​អចលនវត្ថុ​សមាគម​អាស៊ាន​នៅក្នុង​ឆ្នាំ ២០១០ផងដែរ៕

អត្ថបទ​ពាណិជ្ជកម្ម




© រក្សាសិទ្ធិដោយ thmeythmey.com