ជាតិ
​​​ន​យោ​បាយ​ជាតិ​
ពលរដ្ឋ​ខ្មែរ​ចាប់ពី​អាយុ ៤៥ ឡើងទៅ​ប្រឈម​នឹង​ចាញ់បោក​អ្នកនយោបាយ​ខ្ពស់
31, Jan 2015 , 7:40 pm        
រូបភាព
ដោយ: ថ្មីៗ
ជា​ញឹកញាប់​ពលរដ្ឋ​ខ្មែរ​មួយចំនួន តែងតែ​ក្លាយជា​ឧបករណ៍ប្រើប្រាស់​ដើម្បី​ទាក់ទាញ​ផលប្រយោជន៍​របស់​អ្នកនយោបាយ​ខ្មែរ​អ​ត្មា​និយម ។ នៅ​កម្ពុជា បើទោះបីជា​ប្រទេស​នេះ ទទួលយក​របប​លទ្ធិប្រជាធិបតេយ្យ​ជាង ២០ ឆ្នាំកន្លងមក​ហើយ​ក្តី ក៏​ចំនួន​ពលរដ្ឋ​ដែល​ត្រូវ​អ្នកនយោបាយ​បោកប្រាស់​មាន​កម្រិត​គួរ​ឲ្យ​កត់សម្គាល់។ អ្នកតាមដាន​ស្ថានការណ៍​សង្គម​កម្ពុជា អះអាងថា ក្នុងចំណោម​ពលរដ្ឋ​ខ្មែរ​ទាំងអស់ ពលរដ្ឋ​ដែលមាន​វ័យ​ចំណាស់ ពោលគឺ​ចាប់ពី​អាយុ ៤៥ ឡើងទៅ​ប្រឈមមុខ​នឹង​ចាញ់បោក​អ្នកនយោបាយ​ច្រើន។



« ពលរដ្ឋ​ខ្មែរ​ដែលមាន​អាយុ​ចាប់ពី ៤៥ ឆ្នាំ​ឡើងទៅ ប្រឈមមុខ​នឹង​ការចាញ់បោក​អ្នកនយោបាយ​ខ្ពស់ » ។ នេះ​បើ​ស្តាប់​តាម​សម្តី​របស់​អ្នក​អង្កេត​ស្ថានការណ៍​សង្គម​ជាង ២០ ឆ្នាំ លោក ជាង សុខា នាយក​ប្រតិបត្តិ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន។ បើទោះបីជា​គ្មាន​ការស្រាវជ្រាវ​ឲ្យ​ច្បាស់លាស់​ក៏ពិតមែន តែ​អ្នក​អង្កេត​ស្ថានការណ៍​សង្គម​រូបនេះ បញ្ជាក់ថា មាន​កត្តា​ពីរ​សំខាន់ ដែល​ពលរដ្ឋ​វ័យ​ចំណាស់​ទាំងនោះ ងាយ​នឹងធ្វើ​ឲ្យ​អ្នកនយោបាយ​អាត្មានិយម​បោក​បាន។ ទី១ គឺ​ដោយសារ​បញ្ហា​សង្គ្រាមស៊ីវិល ធ្វើ​ឲ្យ​ពលរដ្ឋ​ដែល​ធ្លាប់​ឆ្លងកាត់​សង្គ្រាម​ទាំងនោះ ពួកគេ​ភាគច្រើន​មានការ​ភ័យខ្លាច ទន់ជ្រាយ ខ្លាច​សង្គ្រាម​កើតឡើង​ម្តងទៀត។ ពីព្រោះថា ពលរដ្ឋ​ទាំងនោះ មិនសូវ​បាន​យល់ដឹង​ពី​ស្ថានការណ៍​សង្គម និង​ការប្រែប្រួល​របស់​ពិភពលោក ដែល​ងាយ​នឹង​ឲ្យ​អ្នកនយោបាយ​គ្មាន​មនសិការ បោកប្រាស់​បាន​ស្រួល។

ចំណុច​ទី ២ ដែល ជាង សុខា អះអាងថា ងាយ​នឹងធ្វើ​ឲ្យ​ពលរដ្ឋចាស់ៗចាញ់បោក​អ្នកនយោបាយ​ដែរនោះ គឺ​ដោយសារ​ស្ថានការណ៍​សេដ្ឋកិច្ច​ប្រែប្រួល នៅក្នុង​ប្រទេស​កំពុងអភិវឌ្ឍន៍​ដូចជា​កម្ពុជា​បញ្ហា​សម្ភារៈ​និយម ធ្វើ​ឲ្យ​អ្នកនយោបាយ​ខ្លះ ឆ្លៀត​យក​បញ្ហា​ទាំងនេះ​ទៅ​អួត​ប្រាប់​ពលរដ្ឋ ដើម្បី​កេ​ញ​ចំណេញ​ផលប្រយោជន៍ ។ លោក​ថា ត្រង់ចំណុច​នេះ មិនមែន​តែ​មនុស្ស​ចាស់​ទេ ដែល​ចាញ់បោក​អ្នកនយោបាយ តែ​យុវជន​មួយចំនួន​ក៏​កំពុងតែ​បណ្តោយ​ខ្លួន​ឲ្យ​អ្នកនយោបាយ​យក​ធ្វើជា​ឈ្នាន់​តោង​យក​អំណាច​ផងដែរ។

ដោយឡែក ចំពោះ​ពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី ៤៥  ឆ្នាំ​ចុះ អ្នក​អង្កេត​ស្ថានការណ៍​សង្គម​រូបនេះ ជឿជាក់ថា មាន​អត្រា​ចាញ់បោក​អ្នកនយោបាយ​ទាប​ជាង​មនុស្ស​ចាស់ ពីព្រោះ​តែ​ពួ​គេ ភាគច្រើន បាន​យល់ដឹង​ពី​ស្ថានការណ៍​សង្គម​ជ្រៅជ្រះ តាមដាន​ស្ថានភាព​នយោបាយ​ក្នុងប្រទេស និង​ក្រៅប្រទេស ជាពិសេស​គឺ​មិន​ធ្លាប់​ឆ្លងកាត់​សង្គ្រាមស៊ីវិល។

ងាក​មក​ចាប់អារម្មណ៍​ពី​ទស្សនៈ​របស់​អ្នកស្រាវជ្រាវ​សង្គម លោក កែម ឡី វិញ​ម្តង ។ អ្នកវិភាគ​រូបនេះ ក៏​ទទួលស្គាល់ថា នៅ​កម្ពុជា​ពលរដ្ឋចាស់ៗ ប្រឈម​នឹង​ចាញ់​អ្នកនយោបាយ​ខ្ពស់​ដែរ ដោយសារតែ​ពួកគាត់ មានគំនិត​បាក់ស្បាត​លែ​ង​ចង់ដឹង​ពី​ស្ថានការណ៍​អ្វី​ទាំងអស់ ហើយ​គាំទ្រ​ផ្តា​ប់​មុខ ។ តែ​លោក កែម ឡី ក៏​មិន​ភ្លេច​រិះគន់​ពលរដ្ឋ​ជំនាន់​ក្រោយ​មួយចំនួន​ដែលជា​យុវជន និង​បញ្ញវន្ត មានចំណេះដឹង​ហើយ តែ​មើលមិនឃើញ​ភាពអាក្រក់​នៅ​ខាងក្នុង​របស់​អ្នកនយោបាយ ដូចជា បញ្ហា​គ្រួសារនិយម ពុករលួយ ដោយ​ឃើញតែ​រូប​ខាងក្រៅ​របស់​អ្នកនយោបាយ​ដែល​ពូក​កែ​និយាយ ក្លាយ​ហាន ក៏​គិតថា អ្នក​និយាយ​បាយ​ទាំងនោះ​ល្អ ទើប​ទីបំផុត​បានត្រឹមតែ​ជា​ជនរងគ្រោះ​សម្រាប់​គេ​ប្រើប្រាស់​ប៉ុណ្ណោះ។

នៅ​ចំពោះមុខ​បញ្ហា​ទាំងអស់នេះ លោក កែម ឡី និង​លោក ជាង សុខា មានគំនិត​ដូចគ្នា​ថា ប្រសិនបើ​បញ្ហា​ទាំងនេះ នៅតែ​កើតមាន​ទៀត កម្ពុជា​គ្មាន​ថ្ងៃ​រីកចម្រើន​ឈ្នះ សូម្បីតែ​ប្រទេស​នៅក្នុង​តំបន់។ ដើម្បី​កុំ​ឲ្យ​ចាញ់បោក​អ្នកនយោបាយ លោក​ទាំងពីរ បាន​ឲ្យ​យោបល់​ប្រហាក់ប្រហែលគ្នា​ថា ពលរដ្ឋ​គ្រប់រូប ត្រូវ​យល់ដឹង​ពី​តួនាទី និង​សិទ្ធិ​របស់ខ្លួន ដែលមាន​កំណត់​នៅក្នុង​រដ្ឋធម្មនុញ្ញ​ជាស្រេច ហើយ​យក​តួនាទី និង​សិទ្ធិ​ទាំងនោះ​ទៅប្រើ​ប្រាស់ ដើម្បី​បោសសម្អាត​អ្នកនយោបាយ​ស្មោកគ្រោក ។ ជាងនេះទៅទៀត ការតាមដាន​សកម្មភាព​អ្នកនយោបាយ​ឲ្យ​បាន​ទៀងទាត់ និង​ស្តាប់​ព័ត៌មាន បង្កើន​ចំណេះដឹងផ្ទាល់ៗខ្លួន គឺជា​អ្វីដែល​លោក កែម ឡី និង​លោក ជាង សុខា ថា មិនអាច​ខ្វះ​បាន៕





© រក្សាសិទ្ធិដោយ thmeythmey.com