ជាតិ
បទវិភាគ
សង្គមជាតិ
អសន្តិសុខ​សង្គម និង​ឫសគល់សំខាន់ៗរបស់​វា!
02, Feb 2015 , 8:15 pm        
រូបភាព
ដោយ:
ភ្នំពេញ៖សន្តិសុខ​សង្គម​គឺជា​មូលដ្ឋាន​ទី​ពីរ​ដែល​សង្គម​ត្រូវ​យកចិត្តទុកដាក់​បន្ទា​ប់​ពី​សន្តិភាព។ ការ​មាន​សន្តិភាព​និង​សន្តិសុខ នាំឱ្យ​វិស័យផ្សេងៗទៀត​ប្រព្រឹត្តទៅបាន​ស្រួល ដូចជា ស្ថិរភាព នយោបាយ ការប្រកប​របរ​ចិញ្ចឹមជីវិត ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ រួមមាន វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគទុន អប់រំ រដ្ឋបាល សុខាភិបាល និង មនុស្សធម៌ ជាដើម)។តើ​អ្វីខ្លះ​គឺជា​ឫសគល់​ដែលនាំឱ្យ​មាន​អសន្តិសុខ​សង្គម?



យោងតាម​តថភាព​សង្គម ឬ ហេតុការណ៍​សង្គម ដែល​យើង​បាន​ឆ្លងកាត់​កន្លងមកនេះ យើង​អាច​វាយតម្លៃ​បាន​ថា មាន​កត្តា​ជាច្រើន​ដែលជា​ឫសគល់​នាំឱ្យមាន​អសន្តិសុខ​សង្គម។  នៅពេលនេះ​យើង​សូម​លើក​យកតែ​កត្តា​មូលដ្ឋាន​មួយចំនួន​មក​បង្ហាញ​តែប៉ុណ្ណោះ។ កត្តា​មូលដ្ឋាន​ទាំងនោះ​រួមមាន ការជួញដូរ​គ្រឿងញៀន, ល្បែងស៊ីសង, អំពើ​លួច ឆក់ ប្លន់ ចាប់​ជំរឹត, ការបោកប្រាស់, ការជួញដូរ​មនុស្ស, ការគំរាមកំហែង, ការ​បំបិទ​សិទ្ធិសេរីភាព និង ការរំលោភ​សិទ្ធិមនុស្ស។ ជារួម​ឥទ្ធិពល​និង​ផលប៉ះពាល់​នៃ​កត្តា​ទាំងនេះ មាន​សភាព​ដូចខាងក្រោម៖

1.    ការជួញដូរ​គ្រឿងញៀន មានការ​រាលដាល​ពេញ​ប្រទេស​កម្ពុជា កន្លងមក​ជនល្មើស​ដែល​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​នេះ មាន​ចាប់​ប្រជាជន​សាមញ្ញ​រហូតដល់​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍ មាន​ទាំង​ជនជាតិខ្មែរ​និង​ជនជាតិ​បរទេស ដែល​ធ្វើឱ្យប៉ះពាល់​យ៉ាងខ្លាំង​ដល់​សង្គម ដូចជា ការធ្វើឱ្យ​បាត់បង់​សុខភាព, សមត្ថភាព​ការងារ និង ឱកាស​សិក្សា, ព្រមទាំង​បង្ក​អំពើហិង្សា, ឃាតកម្ម, អំពើ​លួច ឆក់ ប្លន់, ការរំលោភ​ផ្លូវភេទ ជាដើម។

2.    ល្បែងស៊ីសង មាន​ច្រើន​ប្រភេទ មាន​ទាំង​ស្របច្បាប់​និង​មិន​ស្របច្បាប់។ អ្នក​ដែល​ពាក់ព័ន្ធ​ក្នុងករណី​ល្បែងស៊ីសង មាន​ទាំង​អ្នក្រ អ្នកមាន មន្ត្រី​តូចតាច មន្ត្រី​ថ្នាក់​ធំ ជាដើម។ ផលប៉ះពាល់​របស់​ល្បែងស៊ីសង រួមមាន ការធ្វើឱ្យ​មនុស្ស​ញៀន​លែង​ចង់​ធ្វើ​អ្វី​ក្រៅពី​លេងល្បែង, ការបោកប្រាស់, អំពើ​លួច ឆក់ ប្លន់, បង្កជម្លោះ, អំពើហិង្សា, ការបែកបាក់​គ្រួសារ, ការ​ក្ស័យធន, អត្តឃាតកម្ម, អំពើពុករលួយ...។   

3.    អំពើ​លួច ឆក់ ប្លន់ ចាប់​ជំរឹត តែងតែ​កើត​ឡើងជា​បន្តបន្ទាប់​តិច​ឬ​ច្រើន​ក្នុងសង្គម​ខ្មែរ។ អ្នកប្រព្រឹត្ត​អំពើ​ទាំងនេះ ជួនកាល​មាន​លក្ខណៈ​ជា​បុគ្គល ជួនកាល​មាន​លក្ខណៈ​ជា​ក្រុម​ដែល​អាចមាន​អ្នករៀបចំ​នៅ​ពីក្រោយ​ខ្នង។ ផលប៉ះពាល់​របស់​វា គឺ បង្ក​បួស​ស្នាម, សម្លាប់​ជីវិត​មនុស្ស, បាត់បង់​ទ្រព្យសម្បត្តិ, បង្ក​ការភ័យខ្លាច ការតក់ស្លុត, បាត់បង់​សន្តិសុខ, បាត់បង់​ទេសចរ, បាត់បង់​ការវិនិយោគ​ទុន, រាំងស្ទះ​ដល់​ការអភិវឌ្ឍ និង បាត់បង់​សុខដុម​នីយកម្ម​ក្នុងសង្គម។  

4.    ការជួញដូរ​មនុស្ស ក៏​កំពុង​កើតឡើង​ក្នុង​ស​ង្គ​ខ្មែរ​ដែរ។ អ្នក​ជាប់​ពាក់ព័ន្ធ​ក្នុងករណី​ការជួញដូរ​មនុស្ស​នេះ ភាគច្រើន​គឺជា​មនុស្ស​ដែលមាន​ខ្នងបង្អែក​ជា​អ្នកមានអំណាច។ គោលបំណង​នៃ​ការជួញដូរ​នេះ គឺ​ការបោកប្រាស់​យកលុយ, ការយក​មនុស្ស​ទៅ​បម្រើ​ផ្លូវភេទ បម្រើ​ការងារ ឬ ធ្វើជា​អ្នកសុំទាន ជាពិសេស ការជួញដូរ​មនុស្ស​ទៅ​ក្រៅប្រទេស មាន​ប្រទេស​ថៃ ម៉ាឡេស៊ី ចិន ជាដើម។

5.    ការគំរាមកំហែង ការ​បំបិទ​សិទ្ធិសេរីភាព ការរំលោភ​សិទ្ធិមនុស្ស, ជាទូទៅ​ប្រព្រឹត្តឡើង​ដោយ​អ្នកខ្លាំង ជនខិលខូច និង ករណីខ្លះ​ដោយ​អាជ្ញាធរ​ខិលខូច តាមរយៈ​ការ​សម្លុត ការប្រើប្រាស់​កម្លាំង អាវុធ អំណាច ខ្នង ឬ តុលាការ ជាដើម។ ផលប៉ះពាល់​របស់​វា​គឺ ការធ្វើឱ្យ​មហាជន​មានការ​ភ័យខ្លាច, បាក់ស្បាត, រង​អំពើ​អយុត្តិធម៌, លែង​ហ៊ាន​តវ៉ា និង បាត់បង់​ជំនឿ​លើ​អ្នកដឹកនាំ​និង​អ្នកគ្រប់គ្រង​រដ្ឋ។

ឆ្លងតាម​ការ​លាតត្រដាង​ខាងលើនេះ យើង​ពិតជា​បាន​មើលឃើញថា កត្តា​មូលដ្ឋាន​ទាំងអស់​ខាងលើនេះ​ពិតជា​បានរួម​ចំណែក​ធ្វើឱ្យមាន​អ​ស្តិ​សុខ​សង្គម​ប្រាកដ​មែន។ ហេតុនេះ យើង​ត្រូវតែ​រួមគ្នា​លុបបំបាត់​ឫសគល់​ទាំងអស់នេះ​ចេញពី​សង្គម បើ​មិន​ដូច្នោះ​ទេ សង្គម​របស់​យើង​នឹង​បន្ត​មាន​សភាព​ដូច​សព្វថ្ងៃនេះ។ ពោលគឺ​យើង​រស់នៅក្នុង​សភាព​ច្របូកច្របល់​មួយ ដែល​ទ​ទួ​រង​ឥទ្ធិពល​នៃ​ការជួញដូរ​គ្រឿងញៀន, ល្បែងស៊ីសង, អំពើ​លួច ឆក់ ប្លន់ ចាប់​ជំរឹត, ការបោកប្រាស់, ការជួញដូរ​មនុស្ស, ការគំរាមកំហែង, ការ​បំបិទ​សិទ្ធិ សេរីភាព ការរំលោភច្បាប់ និង ការរំលោភ​សិទ្ធិមនុស្ស ដែល​ធ្វើ​សង្គម​បាត់បង់​សេរីភាព, សិទ្ធិ, ភាពថ្លៃថ្នូរ, វឌ្ឍនភាព, សេចក្ដី​ស្មោះត្រង់, យុត្តិធម៌ និង ភាព​សុខ​ដុ​រម​នា៕    


© រក្សាសិទ្ធិដោយ thmeythmey.com