ជាតិ
បទវិភាគ
​​​ន​យោ​បាយ​ជាតិ​
បញ្ញត្តិ«កំណែទម្រង់»កំពុង​ពេញនិយម​ក្នុង​បរិបទ​ថ្មី​នេះ
03, Feb 2015 , 8:15 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ជាពិសេស ក្នុង​ឆ្នាំ២០១៤ និង ដើមឆ្នាំ២០១៥នេះ បញ្ញត្តិ«កំណែទម្រង់» ត្រូវបាន​គេ​លើក​មក​និយាយ​ស្ទើរតែ​គ្រប់គ្នា ជាពិសេស គេ​សំដៅលើ​កំណែទម្រង់​ប្រព័ន្ធគ្រប់គ្រង​រដ្ឋ​ទាំងមូល ដែល​រួមមាន កំណែទម្រង់​លើ​ការគ្រប់គ្រង​ស្ថាប័ន​នីតិបញ្ញត្តិ ស្ថាប័ន​នីតិប្រតិបត្តិ ស្ថាប័ន​តុលាការ និង រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​និង​ថ្នាក់មូលដ្ឋាន​ផងដែរ។ លើសពីនេះ​ទៀត សូម្បីតែ​ផ្ទៃក្នុង​គណបក្សនយោបាយនីមួយៗ ក៏​គេ​បាន​លើកយក​បញ្ញត្តិ«កំណែទម្រង់»មក​និយាយ​ដែរ។



ជាក់ស្ដែង ក្នុង​មហាសន្និបាទ​វិ​សាម​ញ្ញា​តំណាង​ទូទាំងប្រទេស​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា កាលពី​ថ្ងៃទី៣០-៣១ ខែ មករា និង ថ្ងៃទី១ ខែ កុម្ភៈ ឆ្នាំ ២០១៥ កន្លងទៅនេះ ក៏បាន​និយាយ​ពី​កំណែទម្រង់​ស៊ីជម្រៅ​ក្នុង​បក្សនយោបាយ​របស់ខ្លួន​ដែរ។

តើ​កំណែទម្រង់​ស៊ីជម្រៅ​ត្រូវធ្វើ​ដូចម្ដេចខ្លះ ទាំង​កម្រិត​បក្សនយោបាយ​និង​កម្រិត​ជាតិ?
យោងតាម​ការវិភាគ​បែប​ទស្សនវិជ្ជា៖

កំណែ​ស៊ីជម្រៅ​គួរតែ​ចាប់ផ្ដើម​ចេញដំណើរ​ពី​កត្តា​មូលដ្ឋាន​ដូចខាងក្រោម៖
1.    ការកែ​ផ្នត់គំនិត​ពី​ខុស​ទៅ​ត្រូវ ពោលគឺ​សំដៅយក​ការកែ​ទស្សនៈ ការយល់ឃើញ របៀប​គិត មូលដ្ឋាន​នៃ​ការគិត និង មូលដ្ឋាន​នៃ​ការសម្រេចចិត្ត។ មានន័យថា ត្រូវ​ផ្លាស់ប្ដូរ​ពី​ការ​សន្មត​ថា កំណែទម្រង់​គឺជា​រឿង​មិន​សំខាន់​និង​មិនគួរ​ធ្វើ ទៅជា​ការ​ទទួលស្គាល់ថា កំណែទម្រង់​ពិតជា​សំខាន់, កំណែទម្រង់​មាន​ភាពចាំបាច់, កំណែទម្រង់​គឺជា​ជីវិត, កំណែទម្រង់​គឺជា​អ្វីដែល​ត្រូវធ្វើ, កំណែទម្រង់​គឺជា​មូលដ្ឋាន​នៃ​ការអភិវឌ្ឍ​និង ដំណោះស្រាយ​បញ្ហា ដើម្បី​សុខដុម​នីយកម្ម​ក្នុងសង្គម។

2.    ការកែ​ទម្លាប់​ពី​អាក្រក់​ទៅ​ល្អ ដែល​ត្រូវ​ចេញដំណើរ​ពី​កត្តា​មូលដ្ឋាន​មួយចំនួន ដូចជា ១) ត្រូវ​ចាប់​ផ្ដើមចេញពី​ឆន្ទៈ​បុគ្គល ឆន្ទៈ​ស្ថាប័ន ឆន្ទៈ​សង្គម និង ឆន្ទៈ​នយោបាយ​ចំពោះ​កំណែទម្រង់, ២) ត្រូវមាន​ការប្ដេជ្ញាចិត្ត​ម៉ឺងម៉ាត់, ៣) ត្រូវមាន​របៀប​ច្បាស់លាស់​និង​មាន​ប្រសិទ្ធភាព, ៤) ត្រូវការ​ពេលវេលា​ជាក់លាក់​មួយ។ ការកែ​ទម្លាប់​ពី​អាក្រក់​ទៅ​ល្អ​នេះ អាចមាន​រូបភាព​ជាច្រើន ដូចជា ការកែ​ទម្លាប់​ពី​អាត្មានិយម ទៅជា​ការគិត​ផលប្រយោជន៍​រួម​ជាធំ, ការកែ​ទម្លាប់​ពី​ការធ្វើ​អ្វី​តាម​ទំនើងចិត្ត ទៅជា​ការធ្វើអ្វីៗផ្អែកលើ​ច្បាប់​និង​សីលធម៌, ការកែ​ទម្លាប់​ពី​ការដឹកនាំ​និង​ការគ្រប់គ្រង​បែប​ផ្ដាច់ការ ទៅជា​ការដឹកនាំ​និង​ការគ្រប់គ្រង​បែប​ប្រជាធិបតេយ្យ​និង​នីតិរដ្ឋ, ការកែ​ទម្លាប់​ពី​ការប្រកាន់​ជំហរ​ថា​អ្នកដឹកនាំ​និង​គ្រប់គ្រង​ជា​អ្នកត្រួតត្រា ទៅជា​អ្នកដឹកនាំ​និង​គ្រប់គ្រង​គឺជា​អ្នកសម្របសម្រួល និង អ្នកបម្រើ​សង្គម...។

3.    ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​មួយ​ដើម្បី​កំណត់​អត្តសញ្ញាណ​នៃ​បញ្ហា ស្ថានភាព​នៃ​បញ្ហា និង អាទិភាព​នៃ​កំណែទម្រង់។

4.    ការបង្កើត​ច្បាប់​ថ្មី​និង​ការធ្វើ​វិសោធនកម្ម​ច្បាប់​ចាស់​ដើម្បី​គាំទ្រ​កំណែ​ទ្រង់៖ ការកែ​ច្បាប់​មួយ​ដែល​មិន​ពេញលេញ​និង​មិន​ច្បាស់លាស់ ទៅជា​ច្បាប់​មួយ​ដែល​ពេញលេញ​និង​ច្បាស់លាស់, ការបង្កើត​ច្បាប់ថ្មីៗដើម្បី​គាំទ្រ​កំណែទម្រង់​ដែល​យើង​ចង់បាន, ការកែ​ច្បាប់​មួយ​ដែល​បម្រើ​ផលប្រយោជន៍​របស់​បុគ្គ​ល​ឬ​ក្រុម​តូច ទៅជា​ច្បាប់​មួយ​ដែល​បម្រើ​ផលប្រយោជន៍​របស់​សង្គម​ទាំងមូល, ការកែ​ច្បាប់​មួយ​ដែល​បម្រើ​បម្រើ​បក្ស ទៅជា​ច្បាប់​មួយ​ដែល​បម្រើ​ជាតិ និង ការកែ​ច្បាប់​មួយ​ដែល​បំពេញតម្រូវការ​ក្នុង​រយៈពេល​ខ្លី ទៅជា​ច្បាប់​មួយ​ដែល​បំពេញតម្រូវការ​ក្នុង​រយៈពេល​យូរ...។

5.    ការកែ​រចនា​សម្ពន្ធ​មួយ​ដែល​បំពេញ​មុខងារ​មិនទាន់មាន​ប្រសិទ្ធភាព ទៅជា​រចនា​សម្ពន្ធ​មួយ​ដែល​អាចបំពេញ​មុខងារ​ប្រកបដោយ​ប្រសិទ្ធភាព, ការកែ​រចនា​សម្ពន្ធ​មួយ​ដែល​ផ្អែកលើ​កូតា​និង​បម្រើ​ផលប្រយោជន៍​ឱ្យ​ក្រុម​តូច​ឬ​បក្សនយោបាយ ទៅជា​រចនា​សម្ពន្ធ​មួយ​ដែល​ផ្អែកលើ​ភាពចាំបាច់, ជំនាញ, តម្រូវការ
របស់​ស្ថាប័ន​និង​បម្រើ​ផលប្រយោជន៍​របស់​សង្គម។

6.    ការកែ​ពី​របៀប​ដឹកនាំ​និង​គ្រប់គ្រង​ដែល​មិនទាន់​ល្អ ទៅជា របៀប​ដឹកនាំ
និង​គ្រប់គ្រង​ដែល​ល្អ ដូចជា ការកែ​ពី ការកែ​ពី​ការដឹកនាំ​និង​គ្រប់គ្រង​ដែល​ធ្វើ​អ្វី​តាម​ទំនើងចិត្ត ឬ ធ្វើតាម​ការ​ស្មាន ទៅជា​ការដឹកនាំ​និង​គ្រប់គ្រង​ដែល​ផ្អែកលើ​ទស្សនវិស័យ ទស្សនវិជ្ជា ផែនការ​យុទ្ធសាស្ត្រ ច្បាប់ និង កម្មវិធី​ច្បាស់លាស់, ការកែ​ពី​របៀប​ដឹកនាំ​និង​គ្រប់គ្រង​ដោយ​ហិង្សា ទៅជា​របៀប​ដឹកនាំ​និង​គ្រប់គ្រង​ដោយ​អហិង្សា, ការកែ​ពី​របៀប​ដឹកនាំ​និង​គ្រប់គ្រង​ដោយ​គ្មាន​ការចូលរួម ទៅជា​ការដឹកនាំ​និង​គ្រប់គ្រង​ដោយមាន​ការចូលរួម​ពី​មហាជន សង្គម​ស៊ីវិល និង វិស័យ​ឯកជន ជាដើម។ 

7.    ការផ្លាស់ប្ដូរ​ពី​អ្នកដឹកនាំ​និង​អ្នកគ្រប់គ្រង​ដែល​មិនមាន​សក្ដានុពល​គ្រប់គ្រាន់ ទៅជា​អ្នកដឹកនាំ​និង​អ្នកគ្រប់គ្រង​ដែលមាន​សក្ដានុពល​គ្រប់គ្រាន់ ពោលគឺ ការផ្លាស់ប្ដូរ​ពី​អ្នកដឹកនាំ​និង​អ្នកគ្រប់គ្រង​ដែល​មិនមាន​ឆន្ទៈ​ចង់​ធ្វើកំណែទម្រង់ ទៅជា​អ្នកដឹកនាំ​និង​អ្នកគ្រប់គ្រង​ដែលមាន​ឆន្ទៈ​ចង់​ធ្វើកំណែទម្រង់, ការផ្លាស់ប្ដូរ​ពី​អ្នកដឹកនាំ​និង​អ្នកគ្រប់គ្រង​ដែល​មិនមាន​សមត្ថភាព​ធ្វើកំណែទម្រង់ ទៅជា​អ្នកដឹកនាំ​និង​អ្នកគ្រប់គ្រង​ដែលមាន​សមត្ថភាព​អាចធ្វើ​កំណែទម្រង់​បាន...។

8.    ពេលវេលា​និង​និរន្តរភាព​នៃ​កំណែទម្រង់ មានន័យថា កំណែទម្រង់​ត្រូវការ​ពេលវេលា​មួយ​ជាក់លាក់​និង​ត្រូវ​ធ្វើជា​រៀងរហូត តិច​ឬ​ច្រើន​ទៅតាម​ស្ថានភាព​ជាក់ស្ដែង​នៃ​បញ្ហា​និង​ភាពចាំបាច់​របស់​សង្គម។

ក្រៅពី​ចំណុច​ទាំង​ប្រាំបី​នេះ នៅមាន​កត្តា​ជាច្រើន​ទៀត ដូចជា ធនធាន​ថវិកា ធនធានមនុស្ស ជាដើម។ យើង​យល់ថា ប្រសិនបើ​អ្នក​ចង់​ធ្វើកំណែទម្រង់​ទាំងឡាយ​បាន​យក​ចំណុច​សំខាន់​ទាំង​ប្រាំបី​នេះ ធ្វើជា​មូលដ្ឋាន​នៃ​កំណែទម្រង់​របស់ខ្លួន នោះ​កំណែទម្រង់​របស់​ពួកគេ​ពិតជា​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​និង​ប្រកបដោយ​ប្រសិទ្ធភាព។

ផ្ទុយទៅវិញ ប្រសិនបើ​ពួកគេ​គ្រាន់​និយាយ​ពី​កំណែទម្រង់ ឬ ផ្លាស់ប្ដូរ​អ្នកដឹកនាំ​និង​គ្រប់គ្រង​ទៅតាម​កូតា ឬ សាច់ញាតិ​របស់​ពួកគេ​ដើម្បី​រក្សា​អំណាច ហើយ​ពួកគេ​មិនមាន​ឆន្ទៈ ទ្រឹស្ដី វិធី និង មូលដ្ឋាន​ច្បាស់លាស់​ទេ នាំឱ្យ​កំណែទម្រង់​ស៊ីជម្រៅ​និង​ពិតប្រាកដ​របស់​ពួកគេ មិនអាច​ប្រព្រឹត្តទៅ​បានឡើយ៕   


© រក្សាសិទ្ធិដោយ thmeythmey.com