ជាតិ
​​​ន​យោ​បាយ​ជាតិ​
អាមេរិក ប្រកាស​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​តំបន់​ទន្លេមេគង្គ​ក្រោម
04, Feb 2015 , 5:39 pm        
រូបភាព
រដ្ឋាភិបាល​សហរដ្ឋអាមេរិក និង​រដ្ឋាភិបាល​ឡាវ​បានប្រកាស​រួមគ្នា ចាប់ផ្តើម​អនុវត្ត​គំនិត​ផ្តួចផ្តើម​ថាមពល​មេគង្គ​ប្រកបដោយ​ចីរភាព នា​ថ្ងៃទី២កុម្ភៈ​នៅក្នុង​ខេត្ត​ប៉ាក់​សេ ប្រទេស​ឡាវ។ នោះ​គឺជា​កិច្ចប្រជុំ​ដំបូង​រវាង​ប្រទេស​សមាជិក​តំបន់​ទន្លេមេគង្គ​ក្រោម និង​ក្រុម​អ្នកសម្របសម្រួល​នៃ​ប្រទេស​ផ្តល់ជំនួយ ដើម្បី​ពិភាក្សា​អំពី​ពាក់ព័ន្ធ​គ្នា​រវាង​ធនធានទឹក សុវត្ថិភាព​អាហារ និង​ការទាញយក​ថាមពល។


អ្នកជំនាញ​របស់​សហ​រដ្ឋ​អាមេរិក​ជាច្រើន​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​អន្តរជាតិ​មួយ​នេះ និង​បាន​អមដំណើរ​ប្រធាន​ប្រតិភូ​អាមេរិក​គឺ​អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Tom Shannon និង​ទីប្រឹក្សា​ជាន់ខ្ពស់​លោក David Thorne។ នៅក្នុង​កិច្ចប្រជុំ​ជាមួយ​តំណាង​ប្រទេស​សមាជិក​ទាំង៥នៃ​តំបន់​មេគង្គ​ក្រោម​ដែល​រួមមាន មី​យ៉ាន់​ម៉ា ថៃ ឡាវ កម្ពុជា និង​វៀតណាម ភាគី​អាមេរិក​បានប្រកាស​អំពី​គំនិត​ផ្តួចផ្តើម​ជាច្រើន​ដែលមាន​គោលដៅ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​នៃ​អាង​ទន្លេមេគង្គ និង​អភិវឌ្ឍ​តំបន់​ទន្លេមេគង្គ​នេះ​ប្រកបដោយ​ចីរភាព។

សេចក្តីប្រកាស​ព័ត៌មាន​នៃ​កិច្ចប្រជុំ​វិសាមញ្ញ​នៃ «មិត្ត​របស់​តំបន់​មេគង្គ​ក្រោម» បានសរសេរថា ក្រុម​វិស្វករ​នៃ​កង​យោធា​អាមេរិក​និង​ផ្តល់ជំនួយ​បច្ចេកទេស​លើ​ការគ្រប់គ្រង​វា​រី​អគ្គិសនី ហើយ​គណៈកម្មការ​ទន្លេ​មី​ស៊ី​ស៊ី​ពី បានសម្រេច​បន្ត​កិច្ចព្រមព្រៀង​រយៈពេល៥ឆ្នាំ​ទៀត ជាមួយ​គណៈកម្មការ​ទ​ន្លេ​មេគង្គ​ស្តីពី​ការផ្លាស់ប្តូរ​ព័ត៌មាន។ សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បន្តថា៖«អនុរដ្ឋមន្ត្រី​ការបរទេស​លោក Shannon និង​លោក​ឯកអគ្គរដ្ឋទូត Thorne បានប្រកាសថា ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក នឹង​ផ្តល់​វិភាគទាន ៥សែន​ដុល្លារ​ដើម្បី​គាំទ្រ​ការសិក្សា​របស់​គណៈកម្មកា​រ​ទន្លេមេគង្គ​លើ​បច្ច័យ​ដែល​កើតចេញ​វា​រី​អគ្គិសនី ទៅលើ​សហគមន៍ និង​បរិស្ថាន»។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល មិត្ត​របស់​ប្រទេស​សមាជិក​មេគង្គ​ក្រោម នឹងធ្វើ​ការរួម​គ្នា​ដើម្បី​ពង្រឹងសមត្ថភាព​ប្រទេស​សមាជិក​មេគង្គ​ក្រោម​នេះ ដើម្បី​អនុវត្ត​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ដើម្បី​ការថែរក្សា​បរិស្ថាន និង​សង្គម៕



© រក្សាសិទ្ធិដោយ thmeythmey.com