អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
​តុ​លា​កា​រ​​ព្រ​ហ្មទ​ណ្ឌ​​​អ​ន្ត​រ​ជា​តិ​​​ក្លា​យ​ជា​​​រ​ប​ស់​​​ឧ​ប​ក​រ​ណ៍​​​ប​ម្រើ​​ប្រ​យោ​ជ​ន៍​​ប្រ​ទេ​ស​​​ម​ហា​អំ​ណា​ច​​
04, Feb 2015 , 6:14 pm        
រូបភាព


តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​តុលាការ​ដែលមាន​ឥទ្ធិពល​បំផុត​មួយ​ដែលមាន​យុត្តាធិការ​ក្នុងការ​កាត់ទោស​មេដឹកនាំ​ឬ​អ្នកនយោបាយ​ផ្តាច់ការ​រំលោភសិទ្ធិ​សេរីភាព​ប្រជាជន​ធ្ងន់ធ្ងរ។ តាមពិតទៅ​តុលាការ​នេះ​មាន​យុត្តាធិការ​លើ​សំណុំរឿង​រំលោភសិទ្ធិ​មនុស្សធំៗចំនួន​បួន​តែប៉ុណ្ណោះ ពោលគឺ​ករណី​ប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្ម​សង្គ្រាម ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ និង​បទឧក្រិដ្ឋ​ឈ្លានពាន។ យ៉ាងណាក៏ដោយ​បច្ចុប្បន្ននេះ​តុលាការ​ព្រហ្មទណ្ឌ​ក្រុងឡាអេ​មួយ​នេះ កំពុង​ក្លាយ​ឧបករណ៍​នយោបាយ​រប​ស់​ប្រទេស​មហាអំណាច​មួយចំនួន ហើយ​បើទោះជា​តុលាការ​នេះ​មាន​តួនាទី​បញ្ចប់​និ​ទណ្ឌ​ភាព​និង​អំពើ​រំលោភ​សិទ្ធិមនុស្ស​ក៏ដោយ ក៏​គេ​នៅតែ​មើលឃើញថា​វា​មិនមាន​ឥទ្ធិពល​តិចតួច​និង​មិនមាន​អំណាច​ឯករាជ្យ ឬ​ស្វ័យភាព​ឡើយ​ក្នុងការ​ដំណើរការ​និតិ​វិធី​របស់ខ្លួន។


សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ ទាក់ទិន​នឹង​បញ្ហា​នេះ៖



តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ត្រូវបាន​គេ​បង្កើតឡើង​ក្នុង​គោលបំណង​ជួយ​ជំរុញអោយមាន​ការបញ្ចប់​និ​ទណ្ឌ​ភាព និង​ការ​បំពារបំពាន​សិទ្ធិសេរីភាព​មនុស្សជាតិ ដោយ​ប្រើប្រាស់​អំណាច និង​ការ​ធ្វើទុក្ខបុកម្នេញ​ច្រើន​រូបភាព​ផ្សេងទៀត។ តុលាការ​នេះ​បង្កើតឡើង​ដោយ​លក្ខន្តិកៈ​ទីក្រុង​រ៉ូ​ស្តីពី​តុលាការ​ការ​ព្រហ្មទណ្ឌ​អន្តរជាតិ នៅក្នុង​ឆ្នាំ ២០០២ ដោយមាន​ភាគី​ហត្ថលេខី​ជាច្រើន​ចូលរួម ប៉ុន្តែ​សហរដ្ឋអាមេរិក​មិនមែនជា​ភាគី​នៃ​លក្ខន្តិក​នេះឡើយ។ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ត្រូវបាន​គេ​ចាត់ទុកជា​ក្តីសង្ឃឹម​របស់​សហគម​ន៍​អន្តរជាតិ​ក្នុងការ​ស្វះ​ស្វែងរក​យុត្តិធម៌​ដោយ​ផ្តន្ទារ​ទោស​ក្រុម​ជនឧក្រិដ្ឋ ព្រមទាំង​បញ្ចប់​រាល់​ទម្រង់​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។ យ៉ាងណាក៏ដោយ​សា្ថ​ប័ន​យុត្តាធិការ​មួយ​នេះ​ហាក់​មិនមាន​លទ្ធភាព​គ្រាប់​គ្រាន់​ឡើយ​ក្នុងការ​ដោះស្រាយ​បញ្ហា​ខាងលើនេះ​អោយបាន​ជោគជ័យ។ ហើយ​វា​ត្រូវបាន​គេ​មើលឃើញថា​ជា​ឧបករណ៍​នយោបាយ​រប​ស់​ប្រទេស​មហាអំណាច ហើយ​ប្រទេស​ទាំងនោះ​ប្រើប្រាស់​តុលាការ​នេះ​ដើម្បី​បម្រើ​ប្រយោជន៍​របស់​ពួកគេ​ផងដែរ។

តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ មាន​សមត្ថកិច្ច​និង​យុត្តាធិការ​ច​ម្រ​ង​លើ​សំណុំ​ចំនួន​បួនធំៗ ក្នុងនោះ​មាន​បទឧក្រិដ្ឋ​ប្រល័យពូជសាសន៍ បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ បទឧក្រិដ្ឋ​កម្ម​សង្គ្រាម និង​ចុងក្រោយ​បទឧក្រិដ្ឋ​ឈ្លានពាន។ តុលាការ​ក្រុងឡាអេ​នេះ​មាន​យុត្តាធិការ​លើ​សំណុំរឿង​ចំនួន​បួន​ធំ​ខាងលើ​មែន ប៉ុន្តែ​តុលាការ​នេះ​មិនមែន​សុទ្ធតែ​អាច​បើក​ការស៊ើបអង្កេត និង​នាំខ្លួន​ជន​ដែល​ប្រព្រឹត្ត​កំហុស​មក​កាត់ទោស​បាន​ដោយ​ងាយស្រួល​ឡើយ។ ចាំ​ថាបើ​រដ្ឋ ឬ​ភាគី​ណាមួយ​មិនមែនជា​សមាជិក​លក្ខន្តិកៈ​ក្រុង​រ៉ូម​ទេ រដ្ឋ​នោះ​ក៏​មិន​ស្ថិតក្រោម​យុត្តាធិការ​របស់​តុលាការ​ព្រហ្មទណ្ឌ​នេះឡើយ ដែល​នេះ​មានន័យថា​គ្មាន​ឡើយ​ការនាំយក​មេដឹកនាំ ឬ​រាល់​ឧក្រិដ្ឋជន​ដែល​បង្ក​គ្រោះមហន្តរាយ​មនុស្សជាតិ​នោះមក​កាត់ទោស​តាមច្បាប់។ បច្ចុប្បន្ននេះ​បណ្តា​ប្រទេស​ជាច្រើន​ដែល​បដិសេធ​ចូល​ជា​ភាគី​លក្ខន្តិកៈ​ទីក្រុង​រ៉ូម ហើយ​មាន​ភាគី​ដែលជា​សមាជិក​ហើយ​នោះ​ក៏ដោយ​ចង់​ដកខ្លួន​ចេញ​ថែមទៀត។

ទាក់ទិន​ករណី​មិនមែនជា​ភាគី នេះ​យើង​បានឃើញ​ហើយ​បញ្ហា​នៅក្នុង​ទឹកដី​ស៊ី​រី​បច្ចុប្បន្ន។ ប្រទេស​ស៊ី​រី​រង​ការចោទប្រកាន់​ពីបទ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​និង​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​ដោយ​សម្លាប់​រង្គាល​ប្រជាជន​ខ្លួន​ដែល​ក្រោក​ប្រឆាំង​តវ៉ា​រដ្ឋាភិបាល។ តាមពិតទៅ​ស៊ី​រី មិនមែនជា​សមាជិក​នៃ​លក្ខន្តិក​ក្រុង​រ៉ូម​ស្តីពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នោះឡើយ ព្រោះ​រដ្ឋាភិបាល​បាន​ចុះហត្ថលេខា តែ​មិនមាន​ការផ្តល់​សច្ចាប័ន​ដោយ​សភា​នៃ​ប្រទេស​នេះឡើយ​ចាប់តាំងពី​កើតមាន​នូវ​លក្ខន្តិកៈ និង​មានការ​បង្កើត​តុលាការ​នេះ​ឡើង។ នេះ​មានន័យថា ប្រសិនបើ​គ្មាន​ការទទួលយក លក្ខន្តិកៈ​នេះ​ទេ តុលាការ​គ្មាន​យុត្តាធិការ​ណាមួយ​ដើម្បី​លូកដៃ និង​នាំខ្លួន​មេដឹកនាំ​នៃ​ប្រទេស​ស៊ី​រី​យកមក​កាត់ទោស​តាមច្បាប់​ឡើយ បើទោះជា​មាន​ពាក្យបណ្តឹង និង​មាន​ភស្តុតាង​គ្រាប់​គ្រាន់​ក៏ដោយ។ ប៉ុន្តែ​យ៉ាងណាក៏ដោយ តុលាការ​នៅមាន​ផ្លូវ​អូស​មេដឹកនាំ​ទាំង​នោះមក​កាត់ទោស​បាន ដោយមាន​ការអន្តរាគមន៍​ពី​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ។ ប៉ុន្តែ​បើ​សំណុំរឿង​ប៉ះពាល់​ដល់​ប្រយោជន៍​សមាជិក​អចិន្ត្រៃយ៍​ណាមួយ​កុំ​សង្ឃឹមថា ក្រុមប្រឹក្សាសន្តិសុខ​ចេញ​ដំណោះស្រាយ​បាន​អោយសោះ។

ក្នុងករណី​ដែល​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​គ្មាន​យុត្តាធិការ​ដើម្បី​នាំយក​មេដឹកនាំ​ទាំងនោះ​យកមក​កាត់ទោស ដោយសារ​ប្រទេស​នោះ​មិនមែនជា​ភាគី​នៃ​លក្ខន្តិកៈ​ក្រុង​រ៉ូម គេ​នៅមាន​ផ្លូវ​អាច​ស្នើសុំ​ទៅកាន់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហ​ប្រជា​តិ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​បាន។ ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហ​ប្រជា​តិ ត្រូវ​ចេញ​ដំណោះស្រាយ​ដើម្បី​ផ្តល់នូវ​យុ​ត្តិ​ធិ​ការ​មួយ​ដល់​តុលាការ​នេះ ដើម្បី​អាច​នាំយក​ឧក្រិដ្ឋជន​ទាំង​នោះមក​កាត់ទោស​តាមច្បាប់។ ប៉ុន្តែ​កុំ​សង្ឃឹមថា ដំណោះស្រាយ​ចេញរួច​បើ​មាន​ប៉ះពាល់​មហា​យក្ស​ណាមួយ​ក្នុងចំណោម​មហា​យក្ស​ទាំង​ប្រាំ​របស់​ក្រុមប្រឹក្សា។ បើតាម​ប្រវត្តិសាស្ត្រ ការបំពាក់​យុត្តាធិការ​ដល់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដោយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ត្រូវបាន​គេ​ធ្វើឡើង​តែ​ពីរដង​ប៉ុណ្ណោះ​តាំងពី​ពេលដែល​តុលាការ​នេះ​បង្កើត​មក លើ​ទីមួយ​នៅក្នុង​វិបត្តិ​នៅ Darfur ប្រទេស​ស៊ូដង់​កាលពី​ឆ្នាំ ២០០៥ ហើយ​លើក​ទី២ នៅក្នុង​ជម្លោះ​នៅ​ប្រទេស​លី​ប៊ី នៅក្នុង​ឆ្នាំ ២០១។ តាំងពី​ពេលនោះ​មក​គេ​មិនឃើញ​ក្រុមប្រឹក្សា​ស​ន្យិ​សុខ​ទទួលជោគជ័យ​ឡើយ។ ដូចដែល​ឃើញស្រាប់​ករណី​នៅ​ស៊ី​រី​ផ្ទាល់​ដែល រុស្ស៊ី ចិន ចេញមុខ​ប្រើ​សិទ្ធិ​ជំទាស់​ទាត់ចោល​ដំណោះស្រាយ។

មួយវិញទៀត សំណុំរឿង​រំលោភសិទ្ធិ​មនុស្ស​នៅ​កូរ៉េខាងជើង។ បើទោះជា​បញ្ហា​សិទ្ធិមនុស្ស​កូរ៉េខាងជើង​មិនទាន់មាន​ការបោះឆ្នោត​ក្នុង​ក្រុមប្រឹក្សាសន្តិសុខ​ជា​ផ្លូវការ​ក៏ដោយ គេ​ដឹង​រួចទៅហើយ​ថា ចិន មិន​ព្រលែង​អោយ​កូរ៉េខាងជើង​ធ្លាក់​ក្នុង​កណ្តាប់ដៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ឡើយ។ ចង់​មិន​ចង់​ចិន​ត្រូវ​ក្រឡុក និង​ប្រើ​ឥ​ទ្ធី​ពល​ខ្លួន​បង្កក​ស្ទះ​ដំណើរការ​នៃ​យុត្តាធិការ និង​នីតិវិធី​របស់​តុលាការ។ មួយទៀត​បញ្ហា​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន ដែល​បច្ចុប្បន្ននេះ​ប៉ា​ឡេ​ស្ទី​ន​កំពុង​ដាក់ពាក្យ​បណ្តឹង​ស្នើអោយ​មានការ​ស៊ើ​អង្កេត​ករណី​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​នៅ​តំបន់​កា​ហ្សា​ក្នុង​សង្គ្រាម ៥០ថ្ងៃ​កាលពី​ឆ្នាំ​មុននេះ ប្រព្រឹត្ត​ដោយ​រដ្ឋាភិបាល​ក្រុង​ជេ​រ៉ូ​សា​ឡិ​ម។ ប្រជាជន​ជាង២ពាន់​នាក់​ត្រូវបាន​សម្លាប់ ប៉ុន្តែ​បើទោះជា​ការស៊ើបអង្កេត​ប​ង្ហា​ញ​ថា អ៊ីស្រាអែល​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ទាំងនោះ​ក៏ដោយ គេ​មិន​រំពឹងថា​តុលាការ​នេះ​អាច​រក​យុត្តិធម៌​សម្រាប​ជនរងគ្រោះ​បាន​ឡើង ដ្បិដ​សហរដ្ឋអាមេរិក​នៅចាំ​ការពារ​អ៊ីស្រាអែល និង​មិន​អនុញ្ញាតអោយ​តុលា​ការនាំយក​មេដឹកនាំ​មេដឹកនាំ​អ៊ីស្រាអែល​ទៅ​កាត់ទោស​ឡើយ។

ក្រៅពី​ជួប​ចម្រូងចម្រាស​ដោយសារ​ប​ញ្ហា​យុត្តាធិការ​តុលាការអន្តរជាតិ​មួយ​នេះ ក៏​កំពុង​ក្លាយជា​ឧបករណ៍ប្រើប្រាស់​ផ្នែក​នយោបាយ​របស់​ប្រទេស​មហាអំណាច និង​ធ្វើអោយ​រដ្ឋ​ជា​ភាគី​បាត់បង់​ជំនឿ​ចិត្ត​ផងដែរ។ បញ្ហា​ទាំងនោះ​កំពុង​កើតមានឡើង​នៅ​តំបន់​អាហ្វ្រិក ដែលមាន​សំណុំរឿង​ភាគច្រើន ហើយ​តុលាការ​នោះ​ក៏​បើក​ការស៊ើបអង្កេត​ពាក់ព័ន្ធ​និង​ចោទប្រកាន់​តែ​បណ្តា​មេដឹកនាំ​នៅ​អាហ្វ្រិក។ មេដឹកនាំ​តំបន់​អាហ្វ្រិក​ស្រាប់តែ​នាំគ្នា​ហៅ​តុលាកា​ក្រុងឡាអេ​នេះ​ជា​តុលាការ​ចក្រពត្តិ​បម្រើ​តែ​ពួកគេ​ខាងលិច​និង​គៀបសង្កត់​ពួក​ស្បែក​ខ្មៅ និង​ប្រទេស​ក្រីក្រ​ដូច​អាហ្វ្រិក។ ដោយសារ​ដូច្នេះហើយ មេដឹកនាំធំៗរបស់​អាហ្វ្រិក​ទាមទារ​អោយមាន​ការដកខ្លួន​ចេញពី​ភាគី​នៃ​លក្ខន្តិកៈ​ក្រុង​រ៉ូម​ថែម​ទៀតផង ដើម្បី​រត់គេច​ពី​ស្រមោល​នៃ​ការជិះជាន់​និង​ដាក់​គំនៀប​របស់​ប្រទេស​មហាអំណាច។





© រក្សាសិទ្ធិដោយ thmeythmey.com