ជាតិ
សង្គមជាតិ
សហភាព​យុវជន​លោក ហ៊ុន ម៉ា​នី ស្វែងរក​មូលនិធិ​ជួយ​កុមារ​នៅ​ថ្ងៃ១៤កុម្ភៈ
08, Feb 2015 , 1:27 pm        
រូបភាព

សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​គ្រោង​រៀបចំ​ពិធី​រៃអង្គាស​ថវិកា​សប្បុរស​ធម៌​រយៈពេល៣ក្នុង​សប្តាហ៍​ក្រោយនេះ ដើម្បី​ប្រមូល​មូលនិធិ​ទាំងនោះ​ជួយកុមារកំព្រា​កុមារ​ផ្ទុកមេរោគ​អេដស៍ ពិការ និង​គ​ថ្លង់។ សកម្មភាព​រៃអង្គាស​ជំនួយ​សប្បុរសធម៌ នឹងត្រូវ​ធ្វើឡើង​ក្រោម​ប្រធានបទ«មូលនិធិ​ក្តី​ស្រឡាញ់» ពីថ្ងៃ​ទី១១ ដល់​ថ្ងៃទី១៣ខែកុម្ភៈ មុននឹង​ប្រមូល​ជំនួយ​ទាំងនោះ​ទៅ​ចែកជូន​កុមារ​ទុរគត នៅ​ថ្ងៃទី១៤កុម្ភៈ ដែល​ត្រូវបាន​ស្គាល់​ថា ជា​ទិវា​នៃ​ក្តី​ស្រឡាញ់។



យោងតាម​សេចក្តីជូនដំណឹង​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ជំនួយ​សប្បុរសធម៌​ដែល​ត្រូវបាន​ប្រមូលបាន​ក្នុង​រយៈពេល៣ថ្ងៃនោះ នឹងត្រូវ​ចែកជូន​កុមារកំព្រាកុមារ​ផ្ទុកមេរោគ​អេដស៍ ពិការ និង​គ​ថ្លង់​ចំនួន៣៥០នាក់ ដែល​កំពុងស្នាក់នៅ​មណ្ឌលកុមារ​កំព្រា​កៀន​ឃ្លាំង មណ្ឌលកុមារ​កំព្រា​ជ្រោយចង្វារ និង​មណ្ឌល​កុមារកំព្រា​កូ​លាប៤ ក្នុង​រាជធានី​ភ្នំពេញ។

សេចក្តីជូនដំណឹង​រប​ស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​ត្រូវ​ចាត់ទុកថា ជាការ​អំពាវនាវ​ផង​នោះ បានសរសេរថា «សកម្មភាព​រៃអង្គាស​នេះ​នឹងត្រូវ​ធ្វើឡើង​នៅតាម​សាកលវិទ្យាល័យ​វិទ្យាល័យ​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​និង​គ្រឹះស្ថាន​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មួយចំនួន​នៅ​រាជធានី​ភ្នំពេញ»។

យោងតាម​សេចក្តីជូនដំណឹង​ដដែល គំនិត​ផ្តួចផ្តើម​រៃអង្គាស​មូល​និ​ធិ​នេះ មាន​គោលបំណង​ជួយ​ទ្រទ្រង់ មណ្ឌលកុមារ​កំព្រា​ទាំង​បីលើ​ដែល​កំពុង​ជួបប្រទះ​ការខ្វះខាត និង​ដើម្បី​លើកទឹកចិត្ត​កុមារកំព្រា​ទាំងនោះ​ព្រមទាំង​ផ្សព្វផ្សាយ​ឲ្យ​យុវជន​ឲ្យ​ចាត់ទុក​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់​ជា​ថ្ងៃ​ចងចាំ​ពី​ក្តី​ស្រឡាញ់ ទឹកចិត្ត​សប្បុរសធម៌​ចំពោះ​កុមារនិង​ដឹងគុណ​ចំពោះ​អ្នកមានគុណ៕



© រក្សាសិទ្ធិដោយ thmeythmey.com