ជាតិ
សង្គមជាតិ
កម្ពុជា​ត្រូវការ​មនុស្ស​ឆ្កួត​ច្រើន​ជាងនេះទៀត !
09, Feb 2015 , 11:07 am        
រូបភាព
ខ្ញុំ​តែង​សាកសួរ​ខ្លួនឯង​ដែរ ថា​ខ្ញុំ​ឆ្កួត​ដល់​កម្រិតណា​ហើយ? តែ​ខ្ញុំ​នៅតែ​រក​ចម្លើយ​មិនឃើញ​ថា ខ្ញុំ​ឆ្គួ​ត​កម្រិតណា​នៅឡើយ​ទេ។ ក្រៅពី​ដេក​ហួច ដើរ​ហួច និង​ជិះ​ក្របី​ហួច ខ្ញុំ​ដូចជា​នៅ​មិនទាន់​ចេះ​ធ្វើ​អី​ទេ។


កាល​នៅ​សាលា​ប្រក់​ស្បូវ និង​មិនទាន់​មក​ឃ្វាលគោ​អាជីព ខ្ញុំ​នៅចាំ អា​ញ​ស្ដា​ញ និយាយថា៖«សំណួរ​មួយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ស្ទើរ​ឆ្កួតម្ដងៗគឺ តើ​អ្នកឯង​ឆ្កួត​ឬ? តែ​តាមពិត​អំពើ​ឆ្កួត​លីលា គឺ​ការធ្វើ​តែ​រឿងដដែលៗ តែ​បែរជា​រំពឹង​ផល​ថ្មី​ប្រសើរ​ជាង​មុន»។

ខ្ញុំ​ចាំ​ទៀតថា កាលី​ឡេ ត្រូវគេ​ចោទថា​ឆ្គួ​ត និង​ត្រូវគេ​សម្លាប់ចោល ព្រោះតែ​គាត់​ឆ្កួត​តែម្នាក់ឯង ដែល​អះអាងថា​ផែនដី​មាន​រាង​មូល ដូច​ក្រូច ឬ​ពងក្រពើ។ ខុសពី​អ្នក​សាសនា​ធំ​សម័យ​នោះ​ដែលថា​ផែនដី​រាបស្មើ និង​មាន​ព្រះ​ជា​អ្នកបង្កើត។

កាលពី​មហា​ត្មៈ​គ​ន្ធី​ទាមទារ​ឯករាជ្យ​ឲ្យ​ប្រទេស​ឥណ្ឌា ក៏​គាត់​ត្រូវគេ​ថា​ឆ្កួត​ដែរ។ ប៉ុន្តែ គាត់​បាន​តប​ទៅវិញ​យ៉ាងខ្លី​ថា «ក្នុង​កាលៈទេសៈ​នេះ ប្រទេស​ឥណ្ឌា​ត្រូវការ​មនុស្ស​ឆ្កួត​ដូចជា​រូបខ្ញុំ»។

នៅ​ប្រទេស​កម្ពុជា​វិញ ក្នុងពេល​កែទម្រង់​ការអប់រំ ពេល​ប្រឡង​បាក់​ឌុប រដ្ឋមន្ត្រី​សិក្សាធិការ ក៏​ត្រូវគេ​ប្រមាថ​ថា​មិន​ប្រក្រតី​ដែរ។ រួចហើយ​នៅពេលថ្មីៗនេះ ប្រធាន​ចលនា​មាតា​ធម្មជាតិ លោក អា​ឡិច ហ្គ​ន​ហ្សា​ឡេ​ដេវីដ​សិន ក៏​ទើបតែ​ត្រូវគេ​ថា​ជា​មនុស្ស​ឆ្គួ​ត​ដែរ ដោយសារតែ​គាត់​ជា​ជនបរទេស​តែ​ម្នាក់​គត់ ដែល​ឈ្លក់​នឹង​សម្រស់​ធម្មជាតិ​តំបន់​អា​រ៉ែ​ង និង​បានប្រកាស​ចង់​ការពារ​ព្រៃឈើ​ចុងក្រោយ​នៅ​តំបន់​នោះ។ មាន​ជន​ខ្លះ​តាំងខ្លួន​ជា​មនុស្ស​ថ្លៃថ្នូរ មាន​សីលធម៌​ក្នុង​ការងារ មិនចេះ​ស៊ីសំណូក តែ​ត្រូវគេ​ថា​ជាម​នុស្ស​ឆ្កួត ព្រោះ​ធ្វើការ​ជាង​ម្ភៃ​ឆ្នាំ​ហើយ នៅតែ​មិន​មានបាន​ស្តុកស្តម្ភ។ ប្តី​ខ្លះ​ស្មោះត្រង់​នឹង​ប្រពន្ធ មិន​វៀចវេរ​មាន​ស្រី​ញី​ខាងក្រៅ ត្រូវគេ​ថា​ជា​មនុស្ស​ឆ្គួ​ត​ដែរ ព្រោះតែ​គេ​គិតថា​ក្នុង​លោក​នេះ​គ្មាន​មនុស្ស​ប្រុស​បែបនេះ​ទេ។ ឲ្យ​តែម​នុស្ស​ប្រុស​សុទ្ធតែ​ធ្លាប់​សៅ​គ្រី ហើយ​ប្រុស​ណា​ក៏​ដូច​ប្រុស​ណា​ដែរ។

ក្មេងៗឃ្វាលគោស្របាលៗគ្នា​នៅ​ស្រុក​ខ្ញុំ ឧស្សាហ៍​និយាយ​ចំអក​ឲ្យ​គ្នា​ណាស់​ថា យើង​ឃើញ​មាន​មនុស្ស​ដែល​ត្រូវបាន​គេ​ហៅថា​ជា​មនុស្ស​ឆ្កួត​ច្រើន​ទៀត។ ក្នុងនោះ​មនុស្ស​ឆ្កួត​បែប​ខាងលើនេះ មាននៅ​គ្រប់កន្លែង​ក្នុងប្រទេស​កម្ពុជា​ដែរ​ ទាំង​នៅក្នុង​ជំរំ​ទេវតា (CPP), ជំរំ​ព្រះអាទិត្យ (CNRP), ជំរំ​ជួង (គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ LDP), ហ្វ៊ុនស៊ីនប៉ិច (FUNCINPEC) និង ខ្មែរ​ដើម្បី​ខ្មែរ ។ល។

តែ​ខ្ញុំ​នឹង​រង់​ចាំមើល បើ​ខ្ញុំ​មិនទាន់​ឡប់សតិ និង​មិនទាន់​ឈប់​ឃ្វាលក្របី​ទេ ថា​តើ​ទីណា​នឹង​សម្បូរ​មនុស្ស​ឆ្កួត​ច្រើនជាងគេ៕

ជំនិត អា​ប្រុ​ញ, ក្មេង​ឃ្វាលក្របី
នៅ​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប





© រក្សាសិទ្ធិដោយ thmeythmey.com