ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ស ខេង នឹង​ចាត់វិធានការ NGO សមាគម​ផ្តល់​សេវា​ខ្ចីប្រាក់​ខុសច្បាប់
09, Feb 2015 , 11:18 am        
រូបភាព
រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក ស ខេង បានប្រកាសខ្លាំងៗថា រូបលោក​នឹង​ចាត់វិធានការ​ទប់ទល់​នឹង​ចលនា​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល និង​សមាគម​មួយចំនួន ដែល​កំពុងផ្តល់​សេវា​ឥណទាន​ដល់​ពលរដ្ឋ​ដោយ​ខុសច្បាប់។ កាលពី​ថ្ងៃទី ០២ កុម្ភៈ កន្លងទៅ ក្រសួង​សេដ្ឋកិច្ច និង​ធនាគារជាតិ​កម្ពុជា ក៏​បានចេញ​សេចក្តីប្រកាស​រួម ថ្កោលទោស​ស្ថាប័ន​ផ្តល់​សេវា​ខ្ចីប្រាក់​ដែល​ខុសច្បាប់​នេះ​ផងដែរ។



លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជា​ឲ្យ​មន្ត្រី​ខ្លួន​ត្រួតពិនិត្យ​អង្គការក្រៅរដ្ឋាភិបាល និង​សមាគម​មួយចំនួន​ដែល​ធ្វើ​សកម្ម​ភាពជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ កំពុងតែ​ផ្តល់​សេវា​ខ្ចីប្រាក់​ដែល​ខុសពី​លក្ខខណ្ឌ​ច្បាប់។ក្នុង​សំឡេងខ្លាំងៗ ថ្លែង​ទៅកាន់​មន្ត្រី​ក្រសួងមហាផ្ទៃ នៅក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​អគ្គនាយក អគ្គនាយករង និង​ប្រធាន​នាយកដ្ឋាន ចំណុះ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួងមហាផ្ទៃ​នៅ​ថ្ងៃ​ចន្ទ​នេះ លោក ស ខេង បាន​បញ្ជាក់ថា កន្លងមក​មាន​អង្គការក្រៅរដ្ឋាភិបាល និង​សមាគម​មួយចំនួន បាន​ដើរតួនាទី​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដោយ​ផ្តល់​សេវា​ខ្ចីប្រាក់​ដល់​ប្រជាពលរដ្ឋ​ខ្ពស់ ​មិនមាន​អាជ្ញាប័ណ្ណ​ពី​ធនាគារជាតិ​កម្ពុជា។

លោក​រដ្ឋមន្ត្រី បាន​អះអាង​ដូច្នេះ​ថា៖ « យើង​នឹង​ចាត់វិធានការ​ចំពោះ​ស្ថាប័ន​ទាំងនោះ។ ព្រោះ​ស្ថាប័ន​ដែល​គ្មាន​អាជ្ញាប័ណ្ណ​ពី​ធនាគារជាតិ​ទាំងនោះ បានផ្តល់​សេវា​ខ្ចីប្រាក់​ដល់​ពលរដ្ឋ​ក្នុង​អត្រា​ការប្រាក់​ខ្ពស់ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​ពលរដ្ឋ។ ចំពោះ​ការកំណត់​អត្រា​ចងការ​ប្រាក់​យើង​ទុក​ឲ្យ​ក្រសួង​សេដ្ឋកិច្ច និង​ធនាគារជាតិ​កម្ពុជា ជា​អ្នកកំណត់» ។

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី ០២ ខែកុម្ភៈ​កន្លងទៅ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ធនាគារជាតិ បានចេញ​សេចក្តីប្រកាស​រួម ដោយ​ថ្កោលទោស​អង្គការក្រៅរដ្ឋាភិបាល សមាគម ដែល​ដើរតួនាទី​ជា​​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថ ផ្តល់​សេវា​ខ្ចីប្រាក់ ដែល​អត្រា​ការប្រាក់​មាន​លក្ខណៈ​ជាការ​កេងប្រវ័ញ្ច​លើ​ពលរដ្ឋ ។ លើសពីនេះ ក្រសួង​និង​ធនាគារជាតិ​កម្ពុជា ក៏បាន​ស្នើ​ឲ្យ​ស្ថាប័ន​ទាំងនោះ​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​ជាបន្ទាន់​ផងដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com