អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ជប៉ុន​សរសើរ​លោក​ប្រាយុទ្ធ ប៉ុន្តែ​ក្រើនរំលឹក​ឲ្យ​ថៃ​ប្តូរ​របប​ទៅ​ប្រជាធិបតេយ្យ​វិញ
11, Feb 2015 , 12:34 pm        
រូបភាព
នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ិន​ហ្សូ អា​បេ បាន​ទទូច​អោយ​នាយករដ្ឋមន្ត្រី​រដ្ឋប្រហា​រ​ថៃ​កែប្រែ​របប​គ្រប់គ្រង ប្រទេស​ថៃ​អោយ​វិល​ត្រលប់ ទៅជា​ប្រទេស​លទ្ធិប្រជាធិបតេយ្យ​វិញ​កាន់តែ​លឿន កាន់តែ​ល្អ នៅក្នុង​ឳ​កាស​នៃ​ការធ្វើដំណើរ​ទស្សនកិច្ច​របស់លោក ប្រា​យុទ្ធ ចាន់ អូ ចា ទៅកាន់​ប្រទេស​ជប៉ុន។



នៅក្នុង​ឱកាស​នៃ​ការធ្វើដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​រដ្ឋ​ថៃ​ទៅកាន់​ប្រទេស​ជប៉ុន លោក​ស៊ិន​ហ្សូ អេ​បេ​បាន​ទទូច​អោយ​ថៃ​ផ្លាស់ប្តូរ​នូវ​របប​គ្រប់​គ្រង់​ដែល​ប្រើ​ច្បាប់អាជ្ញាសឹក ទៅរក​លទ្ធិប្រជាធិបតេយ្យ​វិញ តាម​លទ្ធភាព​ដែល​អាច​ធ្វើបាន។

ក្រោយពី​មាន​ការធ្វើ​រដ្ឋប្រហារ​យោធា​ទម្លាក់​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោកស្រី យី​ង​ឡាក់ កាលពី​ថ្ងៃទី ២២ ឧសភា ឆ្នាំ ២០១៤ កន្លងទៅនេះ ថៃ បាន​អវត្តមាន​ក្នុងការ​ប្រជុំកំពូលៗជាមួយនឹង​ប្រទេស G៧ ដែលជា​ក្រុម​ប្រទេស​ឧស្សាហកម្ម ជាច្រើនលើក​ហើយ។ យ៉ាងណាមិញ ដំណើរ​ទស្ស​និក​ទៅកាន់​ប្រទេស​ជប៉ុន​លើក​នេះ គឺជា​លើកដំបូង ហើយ​ដែល​ប្រទេស​ថៃ​ត្រូវបាន​ជប៉ុន ដែលជា​ប្រទេស​ក្រុម G៧ អញ្ជើញ​អោយចូល​រួម​ក្នុង​កិច្ចប្រជុំ។

នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះដែរ លោក អេ​បេ បាន​សរសើរ​ការប្រឹងប្រែង​របស់លោក​ប្រា​យុទ្ធ ក្នុង​ការស្តារ​ស្ថានភាព​នៃ​ការជាប់គាំង​នយោបាយ​ថៃ និង​សន្តិសុខ​ថៃ​អោយមាន​ស្ថេរភាព​ឡើងវិញ។ ទោះបី​យ៉ាង​ក៏ដោយ លោកនាយក​រដ្ឋមន្ត្រី​អា​បេ ក៏បាន​ទទូច​អោយ​នាយករដ្ឋមន្ត្រី​យោធា​ថៃ ប្រា​យុទ្ធ ចាន់ អូ ចា គួរតែ​ផ្លាស់ប្តូរ​នូវ​របប​គ្រប់គ្រង​ដែល​ដឹកនាំ​ដោយ​យោធា ទៅរក​ការដឹកនាំ​ដោយ​រដ្ឋាភិបាល​ដែលជា​ប្រជាជន​ស៊ីវិល​វិញ ពោលគឺ វិល​ត្រលប់​ប្រទេស​ថៃ​អោយ​ក្លាយជា​ប្រទេស​លទ្ធិប្រជាធិបតេយ្យ​វិញ។

ឆ្លើយតប​ជាមួយនឹង​សំណើរ​របស់​នាយករដ្ឋមន្ត្រី​ជប៉ុន លោក​ប្រា​យុទ្ធ ចាន់​អូ​ចា ក៏បាន​សន្យាថា​លោក​នឹង​ព្យាយាម​ព​ន្លឿ​ន និង​បង្កើន​យន្តការផ្សេងៗជាពិសេស​នោះ​លើ​ការ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ថៃ ដែលជា​ច្បាប់កំពូល​ក្នុង ការកំណត់​ពី​នីតិវិធី​សំខាន់​នៅក្នុង​នយោបាយ​ថៃ។ លោក​បន្ថែមទៀតថា ក្រោយពី​បញ្ចប់​នៃ​ការកែប្រែ​នេះ ថៃ នឹងមាន​ការបោះឆ្នោត​ជាស​កល នៅក្នុង​ចុងឆ្នាំ ២០១៥ ឬ​ដើមឆ្នាំ ២០១៦ ហើយ​ពេលនោះ លទ្ធិប្រជាធិបតេយ្យ នឹង​វិល​ត្រលប់​ទៅរក​សភាព​ដើម​វិញ។

ដោយឡែក ក្រោយពី​មានការ​អន់ចិត្ត​លើ​ការបើកចំហ​វិនិយោគ​រាប់លាន​ដុល្លារ​រវាង​ប្រទេស​ចិន និង​ថៃ​លើ​វិស័យ     រថភ្លើង​នៅក្នុង​ប្រទេស​ថៃ ថៃ​បានអនុញ្ញាត​ជប៉ុន​ចូលរួម​ក្នុងការ​វិនិយោក​គ​លើ​គម្រោង​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែលជា​គម្រោង វិនិយោគ​រវាង​ថៃ និង​ប្រទេស​មី​យ៉ាន់​ម៉ា​ផងដែរ៕




© រក្សាសិទ្ធិដោយ thmeythmey.com