ជាតិ
បទសម្ភាសន៍
សេដ្ឋកិច្ច
មីក្រូហិរញ្ញវត្ថុ​រៀបរយ​រីកចម្រើន​ដល់​សព្វថ្ងៃនេះ ដោយសារ​នយោបាយ​ទីផ្សារសេរី
17, Apr 2015 , 12:01 pm        
រូបភាព
ទន្ទឹមនឹង​ការអំពាវនាវ​ដល់​ពល​រដ្ឋ​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ស្ថាប័ន​ផ្តល់ប្រាក់​ខ្ចី​ខ្លះ​ដែល​អាចជា​ស្ថាប័ន​មិន​ស្របច្បាប់ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​អំពាវនាវ​ដល់​មីក្រូហិរញ្ញវត្ថុ​ទូទៅ​បញ្ចុះតម្លៃ​ការប្រាក់ និង​វាយតម្លៃ​ឲ្យ​បានច្បាស់លាស់​អំពី​គោលដៅ​នៃ​ប្រើប្រាស់​ប្រាក់កម្ចី ដើម្បី​ទប់ស្កាត់​ពួកគេ​មិនអាច​ធ្លាក់​ក្នុង​ភាពក្រីក្រ​កាន់តែខ្លាំង។ លោក ប៊ុន មុនី ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា និង​ជា​ប្រធាន​អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ស្ថាបនា​លីមីត​ធី​ត បានផ្តល់​បទសម្ភាសន៍​ដល់​លោក លាង ដឺ​លុច និពន្ធ​នាយក​សារព័ត៌មានថ្មីៗ ដើម្បី​ពន្យល់​អំពី​ស្ថានភាព​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា។


លោក លាង ដឺ​លុច៖ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សំដែង​ការព្រួយបារម្ភ​ខ្លាច​ថា​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ក្លាយជា​ទីកន្លែង​បញ្ចាំ​ទ្រព្យសម្បត្តិ​របស់​ពលរ​ដ្ឋ​ដែល​ខ្ចីលុយ​ពី​ស្ថាប័ន​ទាំងនោះ។ ការណ៍​នេះ បើតាម​លោក ហ៊ុន សែន គឺអាច​នាំ​ឲ្យ​ពលរដ្ឋ​កាន់តែ​ក្រីក្រ​ទៅវិញ។ លោក ប៊ុន មុនី តើ​លោក​យល់​យ៉ាងណាដែរ​ចំពោះ​ការព្រួយបារម្ភ​របស់​នា​យក​រដ្ឋមន្ត្រី?

លោក ប៊ុន មុនី៖ ភារកិច្ច និង​គោលដៅ​របស់​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​របស់​យើង គឺ​ជួយ​រំដោះ​ពលរដ្ឋ​ឲ្យ​ចេញពី​ភាពក្រីក្រ។ អាចនិយាយបាន​ម្យ៉ាង​ទៀតថា លុះត្រាតែ​ពលរដ្ឋ​ក្រីក្រ ទទួលបាន​ជោគជ័យ ទើប​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​យើង ជោគជ័យ​ដែរ។ ខ្ញុំ​អាច​យល់បាន​ពី​ការព្រួយបារម្ភ​របស់​ស​ម្តេច​នាយករដ្ឋមន្ត្រី ដោយសារ​កន្លងមក មាន​អ្នករកស៊ី​ដែល​ជ្រក​ក្រោម​ស្លាក អង្គការក្រៅរដ្ឋាភិបាល ឬ​ស្ថាប័នឯកជន​មួយចំនួន​តូច​ដែល​យើង​ហៅថា ជា​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​មិន​រៀបរយ។ តាមពិត​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ដែល​រៀបរយ​ចំនួន៣៩ស្ថាប័ន​ដែល​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​របស់​ធនាគារជាតិ បាន​បំពេញការងារ​ល្អ​ណាស់ ហើយ​ទទួលបាន​ជោគជ័យ​ខ្លាំង​ជាមួយ​អតិថិជន​រហូតដល់​ជនបទ។ បានន័យថា អតិថិជន​របស់​យើង​បាន​ប្រើប្រាស់​ប្រាក់កម្ចី​ដោយ​ជោគជ័យ ហើយ​សង​ត្រឡប់មកវិញ​បាន​ត្រឹមត្រូវ និង​ទាន់ពេលវេលា។

លោក លាង ដឺ​លុច៖
ដូច្នេះ​បើតាម​ប្រសាសន៍​របស់លោក គឺ​ស្ថាប័ន​មិន​រៀបរយ​ឯណោះ​ទេ ដែល​អាច​បង្កបញ្ហា​ដល់​ពលរដ្ឋ​អ្នក​ខ្ចីលុយ។ ក្រុម​នោះ​មាន​ច្រើន​ប៉ុណ្ណា?

លោក ប៊ុន មុនី៖ ក្រុមការងារ​របស់​យើង​បាន​ស៊ើបអង្កេត​លើ​បញ្ហា​នេះ ហើយ​រកឃើញថា ក្រុម​ស្ថាប័ន​មិន​រៀបរយ​នេះ មាន​ជាង៣០០ស្ថាប័ន ហើយ​ពួកគេ​ផ្តល់​លុយ​កម្ចី​ទៅតាម​ធនធាន​របស់​ពួកគេ។

លោក លាង ដឺ​លុច៖
ចុះ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ដែល​រៀបរយ បានធ្វើ​អ្វីខ្លះ​ដើម្បី​ទទួលបាន​ជោគជ័យ ទាំង​ស្ថាប័ន និង​អតិថិជន​របស់​ពួកគេ ?

លោក ប៊ុន មុនី៖
យើង​មាន​គោលការណ៍​សំខាន់​ចំនួន៧ ដែល​ត្រូវអនុវត្ត​ជាមួយ​អតិថិ​ន​ជន និង​ដើម្បី​ជា​ប្រយោជន៍​ដល់​អតិថិជន។ វា​ជាគោលការណ៍​បែប​អន្តរជាតិ ដែល​យើង​ត្រូវអនុវត្ត ដើម្បី​យើង​អាច​សហការ​ជាមួយ​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​បានដែរ។ ខ្ញុំ​អាច​រៀបរាប់ត្រួសៗបាន៖ ទី១ គឺ​ការបង្កើត​ផលិតផល​ទៅតាម​តម្រូវការ​របស់​អតិថិជន ទី២ ផ្តល់ទុន​ដោយ​មិន​រើសអើង​ជាតិ​សាសន៍ និង​និន្នាការ​នយោបាយ ទី៣ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ត្រូវតែមាន​តម្លាភាព​ចំពោះ​អតិថិជន ទី៤ គឺ​ការ​គោរ​សិទ្ធិ​អតិថិជន ទី៥ គឺ​ការធានា​ភាពជា​ឯកជន​របស់​អតិថិជន ទី៦ ការទទួលខុសត្រូវរ​បស់​ស្ថាប័ន និង​ទី៧ គឺ​យន្តការ​ប្តឹងតវ៉ា​របស់​សម្រាប់​អតិថិជន។

លោក លាង ដឺ​លុច៖
ប្រហែលជា​និយាយ​អំពី​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​រៀបរយ​នេះហើយ លោកនាយក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ដល់​មីក្រូហិរញ្ញវត្ថុ ប្រសិនជា​អាច គឺ​បញ្ចុះតម្លៃ​ការប្រាក់​ឲ្យ​កាន់តែ​ទាប​សម្រាប់​ការខ្ចីប្រាក់​របស់​ពលរ​ដ្ឋ។ តើ​លោក​យល់​យ៉ាងណាដែរ ?

លោក ប៊ុន មុនី៖ សព្វថ្ងៃ​យើង​ពេញចិត្ត​ជាមួយ​គោលនយោបាយ​ទីផ្សារសេរី ដែលជា​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល។ បានន័យថា គ្មាន​ការជ្រៀតជ្រែក​ពី​រដ្ឋាភិបាល​ទេ។ គឺ​ទីផ្សារ​ជា​អ្នកកំណត់​តម្លៃ​ការប្រាក់។ ខ្ញុំ​ចង់​បញ្ជាក់ប្រាប់​លោក​ថា កម្ពុជា​ស្ថិតនៅ​ក្នុងចំណោម​ប្រទេស៣ដែលមាន​ការប្រាក់​មីក្រូ​ហិរញ្ញវត្ថុ​ទាប ក្នុងចំណោម​ប្រទេស១០នៅក្នុង​តំបន់។ សព្វថ្ងៃ​នៃ​ការប្រាក់​របស់​មីក្រូហិរញ្ញវត្ថុ​កំពុង​ស្ថិតនៅ​ចន្លោះ​ពី២០ភាគរយ ទៅ២៨ភាគរយ​ក្នុង​មួយឆ្នាំ ដែល​ស្មើនឹង១,៨ភាគរយ ទៅដល់ ២,៥ភាគរយ​ក្នុង​មួយខែ។ ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ស្ថាបនា​លីមីត​ធី​តរបស់​យើងខ្ញុំ​ក៏បាន​ទម្លាក់​តម្លៃ​ការប្រាក់​ពី៣១ភាគរយ​ក្នុង​មួយឆ្នាំ​កាលពី៧ឆ្នាំមុន មក​នៅត្រឹម២២ភាគរយ​ក្នុង​មួយឆ្នាំ​នៅ​ឆ្នាំ២០១៤នេះ។ ខ្ញុំ​ចង់​និយាយថា ដោយសារ​ស្ថានភាព​ទាំងអស់​នេះហើយ បានជា​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​ទទួលបាន​ជោគជ័យ​រហូតដល់​សព្វ​ថ្ងៃ។ យើង​នៅ​ទទួលបាន​តម្រូវការ​កំចី​ច្រើន​ទៀត។ ស្ថាប័ន​មីក្រូ​ខ្លះ​ឥតមាន​លុយ​គ្រប់​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​អតិថិជន​ផង។

លោក លាង ដឺ​លុច៖
តើ​សព្វថ្ងៃ​មាន​អតិថិជន​ប៉ុន្មាន​នាក់​ដែល​កំពុង​ខ្ចីលុយ​ពី​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ? ហើយ​ទំហំ​ប្រាក់កម្ចី​មាន​ទាំងអស់​ប៉ុន្មាន​ដែរ?

លោក ប៊ុន មុនី៖ ខ្ញុំ​និយាយ​តែត្រឹម​ក្របខណ្ឌ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ចំនួន៣៩ដែល​រៀបរយ​នេះ​ទេ។ អតិថិជន​សរុប​មាន​ប្រមាណ២លាន​នាក់។ ទំហំ​ទឹក​ប្រាក់កំចី​មាន​ប្រហែល២០២៨ លាន​ដុល្លារ។ ខ្ញុំ​ចង់​បញ្ជាក់ថា ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​សុទ្ធ​តែមាន​គោលការណ៍​ផ្តល់​កម្ចី​ច្បាស់លាស់​ណាស់។ អ្នក​ខ្ចី​ត្រូវតែមាន​គោលដៅ​ប្រើប្រាស់​ថវិកា​ច្បាស់លាស់។ បើ​មិន​ដូច្នោះ​ទេ ស្ថាប័ន​មីក្រូ​អាច​បរាជ័យ ហើយ​ខូច​ឈ្មោះ និង​រដ្ឋាភិបាល​ដក​អាជ្ញា​បណ្ណ​ទៀត។ ដូច្នេះ​សមត្ថកិច្ច​គួរតែ​ពិនិត្យ​អ្នក​ដែល​មិន​រៀបរយ​ទៅវិញ​ទេ៕



© រក្សាសិទ្ធិដោយ thmeythmey.com