អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អតីតរដ្ឋមន្ត្រី​សុខាភិបាល ក្លាយជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ទី​ម័​រ​ខាងកើត
11, Feb 2015 , 5:22 pm        
រូបភាព
ដោយ:

ប្រធានាធិបតី​ទី​ម័​រ​ខាងកើត​លោ​កទ័រ​ម៉ា​តាន​រ៉ក (Taur Matan Ruak) បានប្រកាស​តែងតាំង​អតីតរដ្ឋមន្ត្រី​សុខាភិបាល​ជា​នាយករដ្ឋមន្ត្រី​ថ្មី​ដោយយោង​ទៅតាម​សេចក្តីសម្រេច​របស់​គណ​បក្ស​កាន់អំណាច​ទី​ម័​រ។ការតែងតាំង​នាយករដ្ឋមន្ត្រី​ថ្មី​រូបនេះ​ធ្វើឡើង​ក្រោយពី​លោក​ហ្សា​ណា​ណា​ហ្គូ​ស​ម៉ា​វ (Xanana Gusmao) អតីត​នាយករដ្ឋមន្ត្រី​ទី​ម័​រ​បាន​លាលែង​ពី​តំណែង ដោយ​លោក​បាន​បញ្ជាក់ថា​វា​ជាការ​ទុក​ឳ​កាស​អោយ​អ្នក​ជំនា​ក់​ក្រោយ​ឡើង​ជំនួស។



កាលពី​ម្សិលមិញ​នេះ​ក្រោយពី​មានការ​សម្រេច​ដោយ​គណ​បក្ស​កាន់អំណាច​ទី​ម័​រលោក​ប្រធានាធិបតី​ទី​ម័​រ​ខាងកើត​បានប្រកាស​តែងតាំង​អតីតរដ្ឋមន្ត្រី​សុខ​ភិ​បាល​ទី​ម័​រលោក​វេជ្ជបណ្ឌិត​រួ អា​រ៉ា​ចូ (Rui Araujo)ជា​នាយករដ្ឋមន្ត្រី​ថ្មី​ជំនួស​លោក​ហ្សា​ណា​ណា ហ្គូ​ស​ម៉ា​វ​ដែល​បាន​លាលែង​តំណែង​ជា​នាយករដ្ឋមន្ត្រី​កាលពីពេលថ្មីៗនេះ។

ក្រោយពី​ការលាលែង​តំណែង​របស់​អតីត​នាយករដ្ឋមន្ត្រី​ទី​ម័​រ​ខាងកើត​នៃ​គណបក្ស​សភាជាតិ​ដើម្បី​ការស្ថាបនា​ឡើងវិញ​នៃ​ទី​ម័​រ​ខាងកើត (CNRT) ដែលជា​គណបក្ស​ដែលមាន​ចំនួន​អាសនៈ​នាំមុខ​ក្នុង​សភា​បាន​បោះឆ្នោត​សម្រេច​ជ្រើសរើស​អតីតរដ្ឋមន្ត្រី​សុខាភិបាល​និង​ជា​អ្នក​ប្រឹក្សា​គោលនយោបាយ​របស់​ក្រសួង​ហិរញ្ញវត្ថុ​បច្ចុប្បន្ន​លោក​រួ​អា​រ៉ា​ចូ (Rui Araujo) ជា​នាយករដ្ឋមន្ត្រី​ថ្មី​តាមរយៈ​ការប្រកាស​ជា​ផ្លូវការ​របស់លោក​ប្រធានាធិបតី​ទី​ម័​រ​លោ​កទ័រ​ម៉ា​តាន​រ៉ក។

មួយវិញទៀត​ការតែងតាំង​នាយករដ្ឋមន្ត្រី​ថ្មី​ដែលជា​វេជ្ជបណ្ឌិត​រូបនេះ​គឺ​ស្របតាម​គោលបំណង​របស់​អតីត​នាយករដ្ឋមន្ត្រី​ទី​ម័​រលោក​ហ្សា​ណា​ណា​ដែល​បានបញ្ជាក់​ក្នុងពេលដែល​លោក​លាលែង​តំណែង​ជា​ផ្លូវការ​ថា «ការចុះ​ចេញពី​តំណែង​របស់លោក ជាការ​ត្រួស​ត្រាយផ្លូវ​ដើម្បី​ផ្តល់​ឳ​កាស​អោយ​អ្នកជំនាន់ក្រោយ​ដឹកនាំ​ជំនួស»។

គួរបញ្ជាក់​ផងដែរ​លោក​ហ្សា​ណា​ណា ហ្គូ​ស​ម៉ា​វ​គឺជា​មេដឹកនាំ​ទ័ពព្រៃ​ដែល​បាន​បង្កើត​ចលនា​ប្រឆាំង​ការគ្រប់គ្រង​របស់​ឥណ្ឌូនេស៊ី​លើ​ប្រទេស​ទី​ម័​រហើយ​បានទាមទារ​ឯករាជ្យ​ជា​ផ្លូវការ​នៅ​ឆ្នាំ២០០២ ហើយ​បាន​ក្លាយជា​ប្រធានាធិបតី​លោក​ដំបូង​របស់​ទី​ម័​រ​ក្រោយមក​លោក​ក៏បាន​ក្លាយជា​នាយក​មន្ត្រី​នៅក្នុង២០១២។




© រក្សាសិទ្ធិដោយ thmeythmey.com