អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
​​ក្រុម​រ​ដ្ឋ​ឥ​ស្លាម​ដ​ណ្តើម​បាន​​តំបន់​​មួយ​ចំនួ​ន​ក្បែរ​​មូល​ដ្ឋាន​ទ័ព​​អា​មេរិក​​នៅ​​អ៊ីរ៉ាក់​
13, Feb 2015 , 4:27 pm        
រូបភាព

ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម​បាន​ដណ្តើម​កាន់កាប់​តំបន់​មួយចំនួន​នៅ​ទីក្រុង​ដែល​ស្ថិតនៅ​ភាគ​ខាងលិច​ប្រទេស​អ៊ីរ៉ាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ។ តំបន់​ដែល​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​កាន់កាប់​បានថ្មីៗនេះ ស្ថិត​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីតាំង​មូលដ្ឋាន​យោធា​ជើង​អាកាស​របស់​អ៊ីរ៉ាក់​ដែលមាន​កងទ័ព​អាមេរិក​ជាច្រើន​នាក់​កំពុងផ្តល់​ការហ្វឹកហាត់​ដល់​ក្រុម​ទាហាន​អ៊ីរ៉ាក់​ថែម​ទៀតផង។


លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ



ទឹកដី៩០ភាគរយ​នៃ​ស្រុក​មួយ​ដែលជា​ទឹកដី​ដើមកំណើត​របស់​មេដឹកនាំ​ក្រុម​រដ្ឋ​ឥស្លាម​ត្រូវបាន​ធ្លាក់ចូល​ក្រោម​កណ្តាប់ដៃ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​កាលពីថ្មីៗនេះ។  ហើយ​ក្រុម​សកម្មប្រយុទ្ធ​ទាំងនោះ​បាន​បន្ត​វាយ​ដណ្តើម​កាន់កាប់​តំបន់​ភាគ​ខាងលិច​ប្រទេស​អ៊ីរ៉ាក់​បាន​ច្រើន​ផងដែរ​កាលពី​ម្សិលមិញ​នេះ ដែល​វា​ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​មូលដ្ឋាន​ទ័ពអាកាស​អ៊ីរ៉ាក់​នោះឡើយ។

 គេ​ដឹងថា កងទ័ពជើងទឹក​អាមេរិក​ជាច្រើន​នាក់​កំពុង​ស្ថិតក្នុង​មូលដ្ឋាន​យោធា​ខាងលើ​ផងដែរ ដោយ​ពួកគេ​កំពុងផ្តល់​ការហ្វឹកហាត់​ដល់​កងក​ម្លាំ​ង​អ៊ីរ៉ាក់​ដើម្បី​ត្រៀមប្រយុទ្ធ​ទប់ទល់​នឹង​ក្រុម​រដ្ឋ​ឥស្លាម។ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​អាមេរិក​បានទទួល​ស្គាល់​ព័ត៌មាន​នៃ​ការប្រយុទ្ធ​គ្នា​ទ្រង់ទ្រាយ​ធំ​កាលពី​ម្សិលមិញ​នេះ ដែល​កើតឡើង​នៅក្បែរ​មូលដ្ឋាន​យោធា​អ៊ីរ៉ាក់ ប៉ុន្តែ​អ្នកនាំពាក្យ​បាន​បង្វែរ​សំណួរ​ស្តីពី​ការវាយប្រហារ​និង​កាន់កាប់​ទីក្រុង​ភាគ​ខាងលិច​ទៅអោយ​រដ្ឋាភិបាល​អ៊ីរ៉ាក់​ជា​អ្នកឆ្លើយ​វិញ។

 យ៉ាងណាក៏ដោយ មិនមាន​ករណី​វាយប្រហារ​ណាមួយ​កើត​ឡើងលើ​មូលដ្ឋានទ័ព​អ៊ីរ៉ាក់​ឡើយ ប៉ុន្តែ​បើតាម​ការ​អោយដឹងពី​សំណាក់​មន្ត្រី​យោធា​អ៊ីរ៉ាក់ កងទ័ព​អាមេរិក​បច្ចុប្បន្ន​ដែល​នៅក្នុង​មូលដ្ឋានទ័ព​ក្បែរ​កន្លែង​ដែល​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ដណ្តើម​កាន់កាប់​បាន​នោះ​មាន​រហូតដល់ ៣២០នាក់​ឯណោះ។

បើ​គិត​ទៅ​ពី​មូលដ្ឋាន​យោធា​នេះ​ទៅកាន់​ទីក្រុង​ដែលជា​ទីកន្លែង​កំណើត​របស់​មេដឹកនាំ​ក្រុម​រដ្ឋ​ឥស្លាម​គេ​ចំណាយ​ត្រឹមតែ ១៣នាទី​ប៉ុណ្ណោះ។  គេ​ភ័យខ្លាច​ថា ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​នឹង​ប្រើប្រាស់​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ ដោយ​វាយ​បំបែក​មូលដ្ឋាន​យោធា​ខាងលើ ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់​អាមេរិក​បាន​អះអាងថា​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​នេះ​កាន់តែ​អន់​ខ្សោយ​ទៅហើយ។ ពួកគេ​មិនមាន​លទ្ធភាព​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​នោះឡើយ ប៉ុន្តែ​អាមេរិក​នឹង​បន្ត​គាំទ្រ​ក្រុម​កងកម្លាំង​សន្តិសុខ​អ៊ីរ៉ាក់ និង​បន្ត​ទម្លាក់​គ្រាប់បែក​ប្រឆាំង​ពួកគេ​ដរ​ដែល។

ទាក់ទិន​ការ​កម្ចាត់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម លោក​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា ទើបតែ​ដាក់​ស្នើសុំ​ទៅ​សភា ដើម្បី​ធ្វើសង្គ្រាម​ប្រឆាំង​ក្រុម​រដ្ឋ​ឥស្លាម​រយៈពេល​បី​ឆ្នាំ។ សង្គ្រាម​មានកំណត់ និង​មាន​រយៈពេល​ខ្លី​នេះ ជា​យុទ្ធសាស្ត្រ​ថ្មី​របស់​ប្រធានាធិបតី​អាមេរិក ហើយ​លោក​រំពឹងថា​ការស្នើសុំ​របស់លោក​នឹងត្រូវ​អនុញ្ញាត​ដោយ​សភា។ ប៉ុន្តែ​គេ​ស​ន្និ​ដ្ឋា​ថា វា​មិនមែនជា​រឿង​ងាយស្រួល​ឡើយ ដើម្បីអោយ​សមាជិកសភា​សម្រេច​ផ្តល់​ភ្លើង​ខៀវ​ដល់​លោក​ក្នុង​ការបញ្ជូន​ទ័ព​តាម​ប្រមាញ់​ក្រុម​រដ្ឋ​ឥស្លាម​នោះ។ សមាជិកសភា​គណបក្ស​សាធារណរដ្ឋ​កំពុងកាន់​កាប់​សភា​ជាន់ខ្ពស់ ហើយ​ពួកគេ​បាន​រិះគន់​ចេតនា​របស់លោក អូ​បា​ម៉ា ថែម​ទៀតផង៕



© រក្សាសិទ្ធិដោយ thmeythmey.com