សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
បច្ចុប្បន្ននេះ​ក្រុមហ៊ុន Apple មាន​សាច់ប្រាក់​ច្រើនជាង​GDP របស់​វៀតណាម
13, Feb 2015 , 8:00 pm        
រូបភាព
ដោយ: ថ្មីៗ

នៅក្នុង​សប្ដាហ៍​នេះ ភាគហ៊ុន​របស់​ក្រុមហ៊ុន Apple បាន​កើន​ឡើងដល់ ១២២,០២ ដុល្លារ​ក្នុង​មួយ​ហ៊ុន ដែល​ការកើនឡើង​នេះ​បានធ្វើ​ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ​នេះ មានតម្លៃ​ជាង ៧០០ ពាន់​លាន​ដុល្លារ ហើយ​បាន​ក្លាយជា​ក្រុមហ៊ុន​អាមេរិក​ទីមួយ ដែលមាន​តម្លៃ​ក្នុង​ទីផ្សារ​មូលធន​ខ្ពស់​ជាងគេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ។



យោងតាម​ការផ្សាយ​រប​ស់កា​សែត The Atlantic បច្ចុប្បន្ននេះ​ក្រុមហ៊ុន Apple មាន​សាច់​ប្រាក់សុទ្ធ​នៅក្នុង​ដៃ​ប្រមាណ​ជា ១៧៨ ពាន់​លាន​ដុល្លារ ហើយ​ប្រសិនបើ​គេ​យក​វា​មក​ប្រៀបធៀប​ជាមួយ​ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់​ប្រទេសមួយ​វិញ គឺ​ក្រុមហ៊ុន​Apple មាន​ទំហំ​ស្មើនឹង GDP របស់​ប្រទេស​ញូ​វែ​ល​សេ​ឡង់ និង​ច្រើនជាង GDPរបស់​ប្រទេស​វៀតណាម ម៉ា​រ៉ុ​ក​និង​អេ​ក្វា​ឌ័​រកា​លពី​ឆ្នាំ២០១៣ ទៅទៀត។

ប្រសិនបើ​ក្រុមហ៊ុន​Apple គឺជា​ប្រទេសមួយ​វិញ នោះ​គឺ​វា​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី៥៥ ក្នុងចំណោម​ប្រទេស​អ្នកមាន​ជាងគេ​បំផុត​ក្នុង​ពិភពលោក ហើយ​សាច់ប្រាក់​សុទ្ធ​របស់​ក្រុមហ៊ុន​នេះ គឺ​ច្រើនជាង ២ ដង​នៃ​ទ្រព្យសម្បត្តិ​សរុប​របស់ លោក Bill Gatesមហាសេដ្ឋី​ទីមួយ​ក្នុង​ពិភពលោក​ទៀតផង។

គួរ​បញ្ជាក់ថា កាលពី​ឆ្នាំ ១៩៩៩ ក្រុមហ៊ុន​ដែលមាន​តម្លៃ​មូលធន​ក្នុង​ទីផ្សារ​ខ្ពស់​ជាងគេ នៅ​សហរដ្ឋអាមេរិក​នោះ គឺ​ក្រុមហ៊ុន Microsoft របស់លោក Bill Gates ដែលមាន​តម្លៃ​គិត​ជា​ទឹកប្រាក់ ៦២០ ពាន់​លាន​ដុល្លារ ឬ​ប្រហែល​នឹង ៨៧០ ពាន់​លាន​ដុល្លារ​បើ​គិត​តាម​តម្លៃ​ប្រាក់​ដុល្លារ នាពេល​បច្ចុប្បន្ននេះ។ ប៉ុន្តែ​នៅពេលនេះ​គឺអ្វីៗមានការ​ផ្លាស់ប្ដូរ ដោយ​តម្លៃ​មូលធន​របស់ ក្រុមហ៊ុន Microsoft បាន​ធ្លាក់​មក​នៅត្រឹមតែ ៣៤៩ ពាន់​ដុល្លារ ឬ ២ ដង​នៃ​តម្លៃ​របស់​ក្រុមហ៊ុន Apple នាពេល​បច្ចុប្បន្ននេះ​ទេ៕







© រក្សាសិទ្ធិដោយ thmeythmey.com