ជាតិ
សុខភាព
អាជ្ញាធរ​រាជធានី​អំពាវនាវ​ឲ្យ​ចូល​រួម​បរិច្ចាគ​ឈាម​នៅ​ទិវា​នៃ​ក្តី​ស្រលាញ់
14, Feb 2015 , 10:02 am        
រូបភាព
ភ្នំពេញ៖ នៅ​ថ្ងៃទី ១៤ ខែកុម្ភៈ ទិវា​នៃ​ក្តី​ស្រលាញ់ (Valentine’s day) នេះ អាជ្ញាធរ​រាជធានី ភ្នំពេញ​បាន​អំពាវនាវ​ដល់​មន្ត្រីរាជកា​រ បុគ្គលិក ទាំង​ក្នុង​វិស័យ​រដ្ឋ និង​ឯកជន​ចូលរួម​បរិច្ចាគ ឈាម ដើម្បី​ជួយសង្គ្រោះ​អាយុជីវិត​អ្នក​ដែល​ត្រួវ​ការ​ឈាម។



នៅក្នុង​ពិធី​បរិច្ចាគ​ឈាម​ក្រោម​ប្រធានបទ ផ្តល់​ឈាម ផ្តល់​ក្តី​ស្រលាញ់ នៅ​ទីលាន​ប្រជា​ធិ​ប តេ​យ្យ នា​ព្រឹក​ថ្ងៃទី១៤ កុម្ភៈ​នេះ អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស បាន​អំពាវនាវ ដល់​មន្ត្រីរាជការ បុគ្គលិក​នៅតាម​ស្ថាប័នរដ្ឋ និង​ឯកជន​នានា ចូលរួម​ផ្តល់​ស្រលាញ់ តាមរយៈ​ការបរិច្ចាគ​ឈាម។

ជាមួយគ្នានេះដែរ នា​ពិធី​បរិច្ចាគ​ឈាម​ដែលមាន​ការចូលរួម​ពី​សំណាក់ សិស្ស និស្សិត សមាជិក​កាកបាទ ក្រហម​កម្ពុជា សហភាព​សហព័ទ្ធ​យុវជន​កម្ពុជា និង​មន្ត្រី​មជ្ឈមណ្ឌល ផ្តល់​ឈាម​កម្ពុ​ជាជាង ២០០នាក់​នោះ អភិបាល​រាជធានី​ភ្នំពេញ ក៏បាន​អំពាវនាវ កុំ​ឲ្យ​យុវជន​គិត​ខុសពី​អត្ត​ន័យ ទិវា​នៃ​ក្តី​ស្រលាញ់​ផងដែរ។

ទន្ទឹមនឹង​ការបរិច្ចាគ ឈាម​ដែល​បង្ហាញ​ក្តី​ស្រឡាញ់ ចំពោះ​មនុស្ស​ជាទី​ស្រឡាញ់​ក៏ដូចជា ជនរងគ្រោះ​នេះដែរ លោក ហុក គឹម​ចេង ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​រំពឹងថា មជ្ឈមណ្ឌល​នឹង​ទទួលបាន​អំណោយ​ឈាម​ពី​សប្បុរសជន​ច្រើនជាង៣០០ប្លោក​នៅក្នុង យុទ្ធនាការ​នៅ​ថ្ងៃទី១៤ កុម្ភៈ​ឆ្នាំនេះ ខណៈ​កាលពី​ថ្ងៃទី១៤កុម្ភៈ​ឆ្នាំ២០១៤មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ទទួលបាន​អំណោយ ឈាម​ចំនួន៣២៩ប្លោក។

នៅក្នុង ឆ្នាំ២០១៤កន្លងទៅ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម(NBTC) ប្រមូលបាន​ឈាម​បរិច្ចាគ​សរុប​ចំនួន៥២,៨៦៧ប្លោក​នៅ​ទូទាំងប្រទេស​ក្នុងនោះ ឈាម​ដែល​បរិច្ចាគ​តាម​ការស្ម័គ្រចិត្ត​មាន​ចំនួន១៧,៧៩០ប្លោក​ស្នើ នឹង៣៣.៨ភាគរយ​នៃ​ឈាម​ដែល​ប្រមូលបាន។ដោយឡែក​នៅ​ទីក្រុង​ភ្នំពេញ​មជ្ឈមណ្ឌល ជាតិ​ផ្តល់​ឈាម​ប្រមូលបាន​ឈាម​បរិច្ចាគ​សរុប​ចំនួន៣២,៦៤៨ប្លោក​ក្នុងនោះ​ឈាម ដែល​បរិច្ចាគ​តាម​ការស្ម័គ្រចិត្ត​មាន​ចំនួន១២,៣៤៦ប្លោក​ស្នើ​នឹង ជាង៣៧.៨ភាគរយ​នៃ​ឈាម​ដែល​បរិច្ចាគ​សរុប៕



© រក្សាសិទ្ធិដោយ thmeythmey.com