ជាតិ
ផ្សោត​ក្បាលត្រឡោក រស់នៅ​តាម​ចំណុចប្រសព្វ​រវាង​ទឹកប្រៃ-សាប
14, Feb 2015 , 5:00 pm        
រូបភាព
ដោយ:
ផ្សោត​ក្បាលត្រឡោក (Orcaella brevirostris)



ភិនភាគ៖
ផ្សោត​ក្បាលត្រឡោក​ត្រូវបាន​អ្នក​សត្តសាស្ត្រ​រកឃើញ​នូវ​ទីជម្រក​ពីរ​ខុសគ្នា​រវាង​ដែនទឹក​សមុទ្រ និង​ទឹកសាប​ហើយ​មាន​រូបរាង​ដូចគ្នា។ ប្រវែង​ដងខ្លួន​ទើប​កើតមាន៩០-១០០ស.ម ពេញវ័យ ២,៣២-២,៧៥ម និង​កូន​ទើប​កើតមាន​ទម្ងន់ ១០-១២គ.ក ពេញវ័យ ១៣០គ.ក។ វា​គ្មាន​ចំពុះ​ទេ ក្បាល​មាំ​រាង​មូល រីឯ​ព្រុយ​ខ្នង​មាន​ទំរង់ផ្សេងៗគ្នា។ល។ ផ្នែក​ខាង​ខ្នង និង​ចំហៀង​សង្ខាង​មាន​ពណ៌​ប្រផេះ​ចាស់ ឯ​ពោះ​មាន​ពណ៌​ប្រផេះ​ស្រាល។ ព្រុយ​ចំហៀង​មាន​ទំហំ​ធំ​វែង​រាង​ដូច​ច្រ​វ៉ា។

ជីវសាស្ត្រ៖ ផ្សោត​ប្រភេទ​នេះ​ហែល និង​ក្រឡាប់​ខ្លួន​លើ​ផ្ទៃ​ទឹកយឺតៗ ហើយ​ងើប​ដកដង្ហើម​ក្នុង​បរិយាកាស រយៈពេល​ពី៧០-១៥០ វិនាទី​ម្តង។ ផ្សោត​ក្បាលត្រឡោក​ញី​អាច​បន្ត​ពូជ​បាន​ចាប់ពី​អាយុ ៧ឆ្នាំ​ឡើងទៅ និង​រយៈពេល​ពពោះ​គឺ ៩ខែ។

រប៉ាយ​រស់នៅ៖ វា​មាននៅ​ក្រុងព្រះសីហនុ បណ្តោយ​ឆ្នេរ​ខេត្តកោះកុង (ចំណុចប្រសព្វ​រវាង​ទឹកប្រៃ-សាប) កោះ​ថ្មី កោះសេះ ឧ​ឡាន​ជាតិ​រាម និង​ស្ទើរ​គ្រប់​ទីកន្លែង​តាម​បណ្តោយ​ឆ្នេរ​នៃ​ដែនសមុទ្រ​កម្ពុជា។ ដែន​របស់​វា​មាន​ផងដែរ​នៅ​ប្រទេស​ឥណ្ឌា​ភាគ​ខាងកើត​ដល់​ប្រទេស​អូ​ស្រា​លី និង​មាននៅ​ក្នុង​ប្រព័ន្ធ​ទឹកសាបធំៗចំនួន៣ នៅ​អាស៊ី​រួមមាន ទន្លេមេគង្គ​នៃ​ប្រទេស​កម្ពុជា វៀតណាម និង​ឡាវ (បច្ចុប្បន្ន​ដែន​ជម្រក​រដូវប្រាំង​គឺមាន​តែ​នៅ​ចន្លោះ​ពី​ខេត្តក្រចេះ) (ក្នុងនោះ​រាប់បញ្ចូល​ទាំង​ទន្លេមេគង្គ​ពី​ខេត្តក្រចេះ ស្ទឹងត្រែង​រហូតដល់​ព្រំប្រទល់​ប្រទេស​ឡាវ​ប៉ុណ្ណោះ) ប្រព័ន្ធ​ទន្លេ​ម៉ា​ហា​កាម​ប្រទេស​ឥណ្ឌូនេស៊ី និង​ក្នុង​ប្រព័ន្ធ​ទន្លេ​អា​យ៉ែ​យ៉ា​រ៉ា​វ៉ា​ឌី​នៃ​ប្រទេស​ភូមា ហើយ​ក៏មាន​ផងដែរ​នៅ​តំបន់​ទឹក​ភ្លាវ​នៃ​បឹង​សុង​ក្លា​ប្រទេស​ថៃ។

ស្ថានភាព​អភិរក្ស៖
ផ្សោត​មេគង្គ​ជា​ប្រភេទ​មាន​ដោយ​កម្រ និង​បាន​ចុះបញ្ជី​ក្រហម IUCN (LR) ជា​ប្រភេទ​រងគ្រោះ​តិចតួច​ប៉ុន្តែ​វា​ត្រូវបាន​ចាត់ថ្នាក់​នៅក្នុង​ឧបសម្ព័ន្ធ​ទី១ នៃ​អនុសញ្ញា CITES ។ ប្រភេទ​នេះ​ងាយ​គ្រោះថ្នាក់​នៅពេល​ជម្រៅ​ទឹក​មានកំ​រិត​រាក់​ច្រើន ដែល​មិន​បង្កលក្ខណៈ​ឲ្យ​វា​ហែល​ចាប់​ចំណី​បាន។ ជាពិសេស​ចំពោះ​ផ្សោត​ទន្លេ វា​កំពុង​រងគ្រោះថ្នាក់​ដោយសា​រ​ជាប់​សំណាញ់​អ្នកនេសាទ និង​ការប្រែប្រួល​ជម្រៅ និង​គុណភាព​នៃ​ទឹកទន្លេ៕



© រក្សាសិទ្ធិដោយ thmeythmey.com