ជាតិ
សុខភាព
អ្នកជំនាញ​ជប៉ុន​ថា អ្នក​ភ្នំពេញ​អាច​ពិសា​ទឹក​ពី​រ៉ូ​ប៊ី​ន​ណេ​បាន​ដោយ​គ្មាន​បញ្ហា
14, Feb 2015 , 7:00 pm        
រូបភាព
ជប៉ុន-ក្រុង Kitakyushu៖ អ្នកជំនាញ​ជប៉ុន​បាន​និយាយ​កាលពី​ថ្ងៃទី១៣ខែ​កុ​ម្ភះ​ថា អ្នក​រាជធានី​ភ្នំពេញ​អាច​ពិសា​ទឹក​ពី​រ៉ូ​ប៊ី​ន​ណេ​បាន​ដោយ​គ្មាន​បញ្ហា​អ្វី​ទាំងអស់។ ទឹក​ពី​រ៉ូ​ប៊ី​ន​ណេ​នៅ​ទីក្រុង​ភ្នំពេញ គឺជា​ទឹកស្អាត​អាច​ពិសា​បាន។ ពួកគេ​មិនចាំបាច់​ចំណាយ​ប្រាក់​ដើម្បី​ទិញ​ទឹកបរិសុទ្ធ ឬ​ចំណាយ​ប្រាក់​ដើម្បី​ដាំទឹក​អោយ​ពុះ​នោះទេ។



លោក Kubota Kazuya នាយក​គម្រោង​តំបន់ និង​អន្តរជាតិ​នៃ​ការិយាល័យ​ទឹកស្អាត​នៃ​ទីក្រុង Katakyushu នៃ​ប្រទេស​ជប៉ុន​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​អេឡិចត្រូនិកថ្មីៗនៅក្នុង​ទីតាំង​ផលិត​ទឹកស្អាត​ក្នុងប្រទេស​ជប៉ុន​កាលពី​ថ្ងៃទី១៣ខែ​កុ​ម្ភះ​ថា ទឹកស្អាត​ចេញពី​រ៉ូ​ប៊ី​ន​ណេ​នៅ​ទីក្រុង​ភ្នំពេញ គឺជា​ទឹកស្អាត​ដែល​អាច​ផឹក​បាន​ដោយ​គ្មាន​បញ្ហា​អ្វី​ទាំងអស់។

ដោយ​បង្ហាញ​ក្តី​កោតសរសើរ​ពី​ការងារ​របស់​អាជ្ញាធរ​រដ្ឋាករទឹក​ទីក្រុង​ភ្នំពេញ​ផង​នោះ លោក Kubota Kazuya បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖«ទឹក​នៅ​ភ្នំពេញ​ផឹក​បាន​ដូច​ទឹក​នៅ​ទីក្រុង Katakyushu នៃ​ប្រទេស​ជប៉ុន​ដែរ។ អ្នកទីក្រុង​ភ្នំពេញ​មិនចាំបាច់​ចំណាយលុយ​ដើម្បី​ទិញ​ទឹក​ផ្សេង​ពិសា​ទេ ឬ​ចំណាយលុយ​ដើម្បី​ដាំ​អោយ​ពុះ​ឡើយ។ ទឹក​រ៉ូ​ប៊ី​ន​ណេ​ភ្នំពេញ​មានគុណ​ភាពល្អ អាច​ផឹក​បាន​ដោយ​គ្មាន​បញ្ហា»។

ការធ្វើ​អត្ថាធិប្បាយ​របស់​អ្នកជំនាញ​បានធ្វើ​ឡើង​ក្នុងខណៈ​ពេលដែល​អ្នកកា​សែត​អាស៊ាន​ចំនួន២០បានធ្វើ​ដំណើរ​ទស្សនកិច្ច​ចង្វាក់​ផលិតកម្ម​រោងចក្រ​ផលិត​ទឹកស្អាត​នៅ​ទីក្រុង Katakyushu នៃ​ប្រទេស​ជប៉ុន និង​បាន​ធ្វើឡើង​ស្រប​ពេលដែល​អ្នកទីក្រុង​ភ្នំពេញ​មួយចំនួន​នៅមាន​ក្តី​មន្ទិលសង្ស័យ​នៅឡើយ​ជុំវិញ​គុណភាព​ទឹក​រ៉ូ​ប៊ី​ន​ណេ​ទីក្រុង​ភ្នំពេញ។ ទឹក​រ៉ូ​ប៊ី​ន​ណេ​ភ្នំពេញ​ត្រូវបាន​អ្នកខ្លះ​វិភាគ​ថា អាចមាន​គុណភាព​ល្អជា​ង​ទឹក​សុទ្ធ​មួយចំនួន​ដែល​ផលិតឡើង​ដោយ​ខ្វះ​គុណភាព​ទៅទៀត។

ទីក្រុង Katakyushu នៃ​ប្រទេស​ជប៉ុន​ល្បីល្បាញ​ខាង​ការផលិត​ទឹកស្អាត និង​ការផលិត​រថយន្ត​ដំណើរ​ដោយ​ថាមពលអគ្គីសនី​ផលិត​ចេះ​ពី​ពន្លឺព្រះអាទិត្យ។

ទាក់ទង​ទៅនឹង​កិច្ចសហប្រតិបត្តិការ​ផលិត​ទឹកស្អាត​ជាមួយ​អន្តរជាតិ​វិញ ទីក្រុង Katakyushu បានធ្វើ​កិច្ច​សហប្រតិបត្តិ​ផលិត​ទឹកស្អាត​នៅក្នុង​ប្រទេសមួយ​ចំនួន​ក្នុង​តំបន់​រួចហើយ ក្នុងនោះ មាន៖ប្រទេស​វៀតណាម ប្រទេស​អេ​ហ្ស៊ី​ព ប្រទេស​ឥណ្ឌូនេស៊ី ប្រទេស​ចិន និង​ប្រទេស​កម្ពុជា។ល។

នៅក្នុង​ប្រទេស​កម្ពុជា តាមរយៈ​ទីភ្នាក់ងារ​ជំនួយ​អភិវឌ្ឍន៍​ជប៉ុន​ឈ្មោះ«Jica» គម្រោង​ទឹកស្អាត​ទីក្រុង​ភ្នំពេញ២០០៣-២០០៦ ត្រូវបាន​បញ្ចប់។ គម្រោង​ក្នុង​ខេត្ត​ចំនួន៨ពី​ឆ្នាំ២០០៧ដល់​ឆ្នាំ២០១២ត្រូវបាន​បញ្ចប់ និង​គម្រោង​ទី៣ពី​ឆ្នាំ២០១៣ដល់​ឆ្នាំ២០១៨កំពុងដំណើរការ។ ខេត្ត​ដែល​ស្ថិតក្នុង​គម្រោង​ទី៣នេះ មានដូចជា៖ ខេត្តកំពត ស្វាយរៀង កំពង់ធំ បាត់ដំបង។ល។


© រក្សាសិទ្ធិដោយ thmeythmey.com