ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កឹម សុខា៖ វប្ប​ធម៌​សន្ទនា​មិនមែន​មាន​ន័យ​ថា ​បក្ស​ប្រឆាំង​ចុះចាញ់​នោះទេ
14, Feb 2015 , 6:00 pm        
រូបភាព
អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា បាន​សរសេរ​នៅលើ ទំព័រ​ហ្វេ​ស​បុក​របស់ខ្លួន ដោយ​លោក​ចង់​បង្ហាញថា ការជ្រើសរើស​យក​វប្បធម៌​សន្ទនា​ជាមួយ​គណបក្សកាន់អំណាច គឺ​មិនមែន​មានន័យថា គណបក្សប្រឆាំង​នៅពេលនេះ​ចាញ់​នោះទេ  ពោលគឺ​គណបក្សប្រឆាំង​កំពុង​ប្រមូលយក​បញ្ហា​របស់​ប្រជាពលរដ្ឋ មក​ពិភាក្សា​ដោះស្រាយ​នៅលើ​តុ​ជាមួយ​គណបក្សកាន់អំណាច។



ក្រោយពី​បាន​ជួប​សំណេះសំណាល​ថ្នាក់ដឹកនាំ​មូលដ្ឋាន​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុងស្រុក​បារាយណ៍ ខេត្តកំពង់ធំ កាល​ថ្ងៃទី១៣ ខែកុម្ភៈ ម្សិលមិញ លោក កឹម សុខា បាន​សរសេរ​សំណេរ​យ៉ាង​ដូច្នេះ​ថា៖«វប្បធម៌​សន្ទនា មិន​មានន័យថា ជាការ​ចុះចាញ់​នោះទេ គឺជា​ការ​ប្រមូលយក​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ​មក​ដា​ក់លើ​តុ ដើម្បី​ដោះស្រាយ»។

កន្លងមក​អនុប្រធាន​បក្សប្រឆាំង​រូបនេះ ធ្លាប់មាន​ប្រសា​ស​ន៏​ថា បើ​វប្បធម៌​សន្ទនា​មាន​ហើយ ត្រូវមាន​ចេញពី​ចិត្ត មិនមែន​ចេញ​តែ​ពី​មាត់​មក​នោះទេ។ លោក​ថា បើ​វប្បធម៌​សន្ទនា​កើតចេញពី​ធម៌​នៅក្នុង​ចិត្ត នោះ​ទើប​មាន​ភាព​សាមគ្គី​គ្នា​រឹងមាំ ចេះ​ស្រលាញ់គ្នា ឈប់​ធ្វើ​ឲ្យ​ខ្មែរ​បែកបាក់​គ្នា។

ជាការ​កត់សម្គាល់ឃើញ​ថា មួយរយៈ​ពេលនេះ​ទាំង​លោក សម រង្ស៊ី និង​លោក កឹម សុខា ប្រធាន​និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មិនបាន​និយាយ​ប៉ះពាល់​ទាក់ទង​បញ្ហានយោបាយ​ដូច​មុន​នោះទេ ដោយ​លោក​ទាំងពី​បានលើកឡើង​តែ​ពី​ការខិតខំ​ប្រឹងប្រែង ក្នុងការ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ជាមួយ​គណបក្ស​ប្រជាជន​ប៉ុណ្ណោះ ។

ការលើកឡើង​តែ​ពី​ការខិតខំ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​នៅពេលនេះ គឺធ្វើឡើង​ក្រោយ​ថ្នាក់ដឹកនាំ​គណបក្ស ប្រកាសថា ខ្លួន​នឹង​ខិតខំ​ថែរក្សា​វប្បធម៌​សន្ទនា ជាមួយ​គណបក្សកាន់អំណាច បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមានខ្លាំងៗផ្ញើ​សារ​ទៅកាន់​មេដឹកនាំ​គណបក្សប្រឆាំង កាលពី​ថ្ងៃទី១៩មករា​ថា រូបលោក​នឹង​លែង​អនុវត្ត​វប្បធម៌​សន្ទនា​គ្នា​ទៀតហើយ ។ ដោយ​កាលនោះ​លោក ហ៊ុន សែន បាន​ចោទ​លោក សម រង្ស៊ី និង​លោក កឹម សុខា ថា លោក​ទាំងពីរ​មិនបាន​គោរព​ទៅលើ​វប្បធម៌​សន្ទនា​គ្នា​ដែល​សន្យា​កន្លងមក​ឡើយ ៕



© រក្សាសិទ្ធិដោយ thmeythmey.com