ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ទស្សនៈ​យុវជន​ទាក់ទង​នឹង​ទិវា​នៃ​ក្តី​ស្រឡាញ់
14, Feb 2015 , 4:19 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០១៥ ទិវា​នៃ​ក្តី​ស្រលាញ់​ដែលជា​វប្បធម៌​របស់ បរទេស​នោះ យុវជន​យុវនារី​ខ្មែរ​មួយចំនួន​នៅតែ​ធ្វើខ្លួន​ជា​សត្វ​មមាច​ប្រលែង​ជាមួយ​ភ្លើង Valentine’s day យុវជន​ខ្លះ​យល់ថា ថ្ងៃនេះ​ជា​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​សង្សារ ហើយ​ពួកគេ​នឹង ដើរ​កម្សាន្ត​ដាច់​យប់​ជាមួយ​សង្សារ និង​គ្រោង​គេង​ជាមួយគ្នា​ទៀតផង។



នៅក្នុង​ទិវា​នៃ​ក្តី​ស្រលាញ់​នេះ លោក ម៉ៅ សុធា​រ៉ា បាន​ត្រៀមខ្លួន​នឹង​ជូន​បាច់ផ្កា​ដល់​មិត្តស្រី ដើម្បី​បញ្ជាក់​ពី​ក្តី​ស្រលាញ់ រួចហើយ​ពួកគេ​នឹង​ជិះ​ម៉ូតូ​ដើរ​កម្សាន្ត និង​ញ៉ាំ​អាហារ​ជាមួយគ្នា។

ទោះបីជា​រំលង​ប្រពៃណី​ខ្មែរ យុវជន​វ័យ ២៣ឆ្នាំ​រូបនេះ បាន​និយាយ​ដោយ​មិន​លាក់លៀម​ថា លោក​មានបំណង​គេង​ជាមួយ​មិត្តស្រី​នៅ​ថ្ងៃ១៤ កុម្ភៈ​នេះ ហើយ​មិត្តស្រី​របស់លោក​ក៏​យល់ ព្រម​ផងដែរ។ លោក​ថា៖«យើង​នឹង​ទៅ​កម្សាន្ត​នៅ​ជ្រោយចង្វារ​ត្រើយ​ខាងកើត...ទីនោះ​ស្ងាត់ ល្អ»។ យុវជន​សម្បុរ​សណ្តែក​បាយ ដូចជា​ព្រាននារី​រូបនេះ​បន្តថា លោក​នឹងមិន​បណ្តោយ​ឲ្យ ឱកាស​ទិវា​នៃ​ក្តី​ស្រលាញ់​បាត់បង់​ឡើយ។ លោក​ថា៖«ខ្ញុំ​ចង់ដឹង ចង់​សាក​នៅថ្ងៃនេះ​ដែរ»។

មិន​ខុសគ្នា​ពី​យុវជន​ខាងលើ​ប៉ុន្មាន យុវជន រិ​ទ្ធ ពិសិដ្ឋ ក៏មាន​បំណង​នាំ​មិត្តស្រី​ដើរលេង កម្សាន្ត​រួច ចូល​គេង​ផ្ទះសំណាក់​ដែរ។ យុវជន​វ័យ ២២ឆ្នាំ ប្រៀបបាន​នឹង​សត្វ​មមា​កំពុង ប្រលែង​លេង​ជាមួយនឹង​ភ្លើង​នេះ បាន​និយាយថា លោក​មិន​ខ្វល់​ថា នឹងមាន​អ្វី​កើតឡើង​ទេ ដើម្បី​បាន​សប្បាយរីករាយ​ជាមួយ​មិត្តស្រី។ យុវជន​សម្បុរ​សរូប​នេះ និយាយ​លេងសើច​គ្មាន ទំនួល​ខុសត្រូវ​ថា៖«ខ្វល់​អី​រឿង​មនុស្ស​ស្រី គ្រាន់​ចេះ​ប្រើ​ស្រោម​ការពារ​ខ្លួន​បាន​ហើយ»។

ទោះបី​ជាមាន​យុវជន​មួយចំនួន​ភ្លើតភ្លើន​នៅ​ថ្ងៃទី១៤ កុម្ភៈ​នេះ ក៏ដោយ ដោយឡែក យុវជន យុវនារី​មួយចំនួន​នឹងមិន​ធ្វើ​អ្វី​ខុសពី​ប្រពៃណី​ដ៏​ល្អ​ផូ​ផង់​របស់​ខ្មែរ​ឡើយ។
យុវនារី វ៉ា សក្កដា គ្មាន​គម្រោង​ចេញ​ក្រៅ​ផ្ទះ​នោះឡើយ ទោះបី​ជាមាន​មិត្តភក្តិ​បបួល​ចេញ​ដើរ កម្សាន្ត​ពេល​រាត្រី​ក៏ដោយ។ នារី​វ័យ ២៤ឆ្នាំ ដែល​បានបញ្ចប់​ការសិក្សា​ថ្នាក់​បរិ​ញ្ញ​ប​ត្រ​ធនាគារ នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​រូបនេះ បាន​ប្រាប់ថា នាង​ចង់​ជួបជុំ​ផ្តល់​ក្តី​ស្រលាញ់​ជាមួយ ក្រុមគ្រួសារ​ប្រសើរ​ជាង។

នារី​ស្រគត់ស្រគំ​សម្បុ​សណ្តែកបាយ​រាងស្តើង​រូបនេះ និយាយ​ទាំង​ញញឹម​ថា៖«យើង​ត្រូវ​ផ្តល់​ក្តី ស្រលាញ់​ជាមួយ​ប៉ាក​ម៉ា ពួកគាត់​បាន​ផ្តល់កំណើត​យើង»។

«យើង​ត្រូវ​យល់ថា​ការផ្តល់​ក្តី​ស្រលាញ់ មិនមែន​មានតែ​មួយថ្ងៃ​ទេ ជាពិសេស​គឺ​ធ្វើ​អ្វីដែល លើសពី​ប្រពៃណី​ខ្មែរ»។ នេះ​ជា​ទស្សនៈ​លើកឡើង​ជុំវិញ​ទិវា​នៃ​ក្តី​ស្រឡាញ់ របស់ កញ្ញា ទិ​ត ធីតា ជា​និស្សិត​ឆ្នាំ​ទី៣ ជំនាញ​វេជ្ជសាស្ត្រ នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល។

យុវនារី​ដែល​ទទួលបាន​ការអប់រំ​ខ្ពស់​រូបនេះ និយាយថា ការផ្តល់​ក្តី​ស្រលាញ់​របស់​កញ្ញា គឺ​សម្រាប់​មនុស្ស​ដែល​អត្តចរិត​ស្លូតបូត សុភាពរាបសារ និង​មាន​សីលធម៌​ខ្ពស់។ នារី​សម្បុរ​ស កំពស់​សមល្មម ចាត់ទុក​ការស្រលាញ់​គឺ ការខិតខំ​សិក្សា​រៀនសូត្រ ដើម្បី​អនាគត​ខ្លួនឯង ក្រុម គ្រួសារ និង​ប្រទេសជាតិ។

គួរ​បញ្ជាក់ថា ការប្រព្រឹត្ត​អំពើ​ប្រាសចាក​សីល​សង្គម​រប​ស់​យុវជន​មួយចំនួន​នៅក្នុង​ទិវា​នៃ ក្តី​ស្រលាញ់​ដែលជា​វប្បធម៌​បរទេស​នេះ ក៏​ត្រូវបាន​អាជ្ញាធរ និង​ក្រសួង​ពាក់ព័ន្ធ​អំពាវនាវ​ឲ្យ ចូលរួម​ទប់ស្កាត់​ផងដែរ។

ថ្ងៃទី១៤ កុម្ភៈ ឬ​ទិវា​នៃ​ក្តី​ស្រឡាញ់ (Valentine’s Day ជា​ភាសា​អង់គ្លេស ឬ Saint-Valentin ជា​ភាសា​បារាំង) បានចាប់ផ្តើម​ឡើង​ពី​បណ្តា​ប្រទេស​ក្នុង​ទ្វីបអឺរ៉ុប ពោលគឺ​នៅក្នុង​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី ហើយ​បន្ត​រាលដាល​ពាសពេញ​ពិភពលោក៕




© រក្សាសិទ្ធិដោយ thmeythmey.com