អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អ៊ុយ​ក្រែ​ន​និង​អាមេរិក​ចោទ​រុស្ស៊ី​និង​ក្រុម​បះបោរ​ថា​បំពាន​កិច្ចព្រមព្រៀង
14, Feb 2015 , 5:07 pm        
រូបភាព
ដោយ:
ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ក្រុង​មីន​ស្គ៍​ធ្វើ​មិនបាន​មួយថ្ងៃ​ផង ថ្ងៃ​សុក្រ​ម្សិលមិញ ការវាយប្រហារ​នៅតែ​បន្ត​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន សម្លាប់​មនុស្ស​យ៉ាងហោច២៨នាក់។ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ពេ​ត្រូ ប៉ូ​រ៉ូ​ឆិ​ន​កូ បាន​ចោទ​ក្រុម​បះបោរ​ភាគ​ខាងកើត​និង​រុស្ស៊ី ថា​គំរាម​លើ​កិច្ចព្រមព្រៀង។ រីឯ​សហរដ្ឋអាមេរិក​វិញ​បាន​ចោទ​រុស្ស៊ី​ថា នៅតែ​ឆ្លៀត​បន្ត​ផ្តល់​អាវុធ​ធុន​ធ្ងន់​ដល់​ក្រុម​បះបោរ មុនពេល​កិច្ចព្រមព្រៀង​ចូល​ជាធរ​មាននៅ​ថ្ងៃអាទិត្យ។



ក្នុងចំណោម​មនុស្ស​យ៉ាងហោច២៨នាក់​ដែល​ស្លាប់​ក្នុងការ​វាយប្រហារ​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ម្សិលមិញ គេ​រាប់​ឃើញ​មាន​ជន​ស៊ីវិល១៦នាក់។ ក្រសួងការបរទេស​អា​មេ​រិ​កបាន​ចោទ​រុស្ស៊ី​ថា នៅតែ​បន្ត​បញ្ជូន​អាវុធ​ធុន​ធ្ងន់​ទៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន មុនពេល​កិច្ចព្រមព្រៀង​ក្រុង​មីន​ស្គ៍​ត្រូវ​ចូល​ជា​ធរមាន។ អាមេរិក​បានទទួល​ព័ត៌មាន​ថា ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ មាន​រថក្រោះ​និង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ជាច្រើន​គ្រឿង ដែល​ត្រូវបាន​ដឹក​ពី​ព្រំដែន​រុស្ស៊ី​ចូលមក។ អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​បន្ថែមថា កងកម្លាំង​រុស្ស៊ី​នៅតាម​ព្រំដែន​ជាមួយ​អ៊ុយ​ក្រែ​ន​វិញ កំពុងតែ​ត្រៀម​បញ្ជូន​សម្ភារៈ​អោយ​កងកម្លាំង​គាំទ្រ​រុស្ស៊ី​ភាគ​ខាងកើត ជា​ទង្វើ​ដែល​ផ្ទុយ​ពី​កិច្ចព្រមព្រៀង​ទីក្រុង​មីន​ស្គ៍ ដែល​ទើប​ចុះហត្ថលេខា កាលពី​ថ្ងៃ​ព្រហស្បតិ៍។

ថ្ងៃ​សុក្រ​ម្សិលមិញ​ដែរ ក្នង​ជំ​នួ​ូ​ប​ជាមួយ​នាយករដ្ឋមន្ត្រី​ប្រទេស​ហុង​គ្រី នៅ​ក្រុង​គៀវ លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ពេ​ត្រូ ប៉ូ​រ៉ូ​ឆិ​ន​កូ បាន​ចោទ​រុស្ស៊ី​និង​ក្រុម​បះបោរ​អ៊ុយ​ក្រែ​ន
ថា​បំពាន​កិច្ចព្រមព្រៀង​ក្រុង​មីន​ស្គ៍​ដែល​ទើប​ចុះហត្ថលេខាថ្មីៗកាលពី​ថ្ងៃ​ព្រហស្បតិ៍។ យោងតាម​លោក​ប៉ូ​រ៉ូ​ឆិ​ន​កូ ក្រុម​បះបោរ​ភាគ​ខាងកើត​បាន​ទំលាក់​គ្រាប់បែក​លើ​ជន​ស៊ីវិល ហើយ​បើ​គិត​តាំងពី​ពេល​ចុះហត្ថលេខា​ថ្ងៃ​ព្រហស្បតិ៍​មក រុស្ស៊ី​វិញ​បាន​បង្កើន​ការវាយលុក​ប្រឆាំង​អ៊ុយ​ក្រែ​ន​ថែមទៀត។ លោក​ប៉ូ​រ៉ូ​ឆិ​ន​កូ​ចង់​សំដៅលើ​ការវាយប្រហារ​ដោយ​គ្រាប់បែក និង​រ៉ុ​ក​កែ​ត នៅ​ក្រុង​Artemivsk ដែល​បានសម្លាប់​មនុស្ស៣នាក់ នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ។ ក្រុង​នេះ​ស្ថិតនៅ៣០គីឡូម៉ែត្រ ពី​បន្ទាត់​សមរភូមិ ពោលគឺ​មិនជា​ប់​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​យោធា របស់​កងទ័ព​អ៊ុយ​ក្រែ​ន​បច្ចុប្បន្ន​ទេ។

កិច្ចព្រមព្រៀង​ក្រុង​មីន​ស្គ៍​សំដៅ​បញ្ចប់​ជម្លោះ​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន នឹង​ចូល​ជា​ធរមាន​ថ្ងៃអាទិត្យ​នេះ។ វា​មាន​លក្ខខណ្ឌសំខាន់ៗដូចជា​តំរូវអោយ​ដក​អាវុធ​ធុន​ធ្ងន់​ពី​តំបន់​ជម្លោះ រឺក៏​ប​ង្កើ​េ​ត​តំបន់​គ្មាន​សកម្មភាព​យោធា​ជាដើម។ ថ្វីបើ​កិច្ចព្រមព្រៀង​បាន​ចុះហត្ថលេខា​ក៏ពិតមែន បណ្តា​មេដឹកនាំ​អឺរ៉ុប​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ព្រោះថា​កិច្ចព្រមព្រៀង​នេះ​ងាយ​ផុយស្រួយ​ណាស់៕


© រក្សាសិទ្ធិដោយ thmeythmey.com